ស្រ្តី​អតីត​​អ្នក​បឹងកក់​៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​​ ផ្គើន​សម្ដី​នាយក​រដ្ឋ​មន្ត្រី?

ផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដកបម្រាម ហាមមិនអោយជួបជុំគ្នានោះក៏ដោយ តែការ​ចាប់ខ្លួនអ្នកតវ៉ាដោយគ្រាន់តែចង់ធ្វើការបញ្ចេញមតិ នៅតែកើតឡើងដដែល។ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤នេះ នៅមុខសាលារាជធានីភ្នំពេញ ស្រ្តីអ្នកអតីតភូមិបឹងកក់ ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារពួកគាត់ព្យាយាម​ប្រមូល​ផ្តុំគ្នា​​តវ៉ាអោយមាន​ដំណោះ​ស្រាយ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដកបម្រាម ហាមមិនអោយជួបជុំគ្នានោះក៏ដោយ តែការ​ចាប់ខ្លួនអ្នកតវ៉ាដោយគ្រាន់តែចង់ធ្វើការបញ្ចេញមតិ នៅតែកើតឡើងដដែល។ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤នេះ នៅមុខសាលារាជធានីភ្នំពេញ ស្រ្តីអ្នកអតីតភូមិបឹងកក់ ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារពួកគាត់ព្យាយាម​ប្រមូល​ផ្តុំគ្នា​​តវ៉ាអោយមាន​ដំណោះ​ស្រាយ។


អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី នៅថ្ងៃពុធទី២៥ ខែធ្នូ។ (រូបថត MONOROOM.info/ Senghong)

ដីធ្លី - នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៤នេះ ស្រ្តីអ្នកអតីតអ្នកភូមិបឹងកក់៣នាក់ ត្រូវបានចាប់ខ្លួនខ្លួននៅ​ម៉ោងជាង​៨ព្រឹក ខណៈពេលពួកគាត់បានមកជួបជុំគ្នា ដើម្បីអោយមានដំណោះស្រាយលើរឿងដីធ្លី និងការព្រមទទួល​យក​សំណងដោយបង្ខំចិត្ត ក្នុងអំឡុងពេលដែលពូកបានចាកចេញពីតំបន់បឹងកក់។ តាមសេចក្តី​រាយការណ៍ពីសាក្សី​នៅផ្ទាល់កន្លែង បានអោយ​ដឹងថា ស្រ្តីអតីតអ្នកភូមិបឹងកក់ទាំងនោះ មិនទាន់មានសកម្មភាពតវ៉ាអីនោះទេ តែក៏ត្រូវ​បានសន្តិសុខខ័ណ្ឌដូនពេញចាប់ខ្លួនទៅ។ ស្រ្តីដែលបានចាប់ទាំងបីនាក់នោះរួមមាន អ្នកស្រីស៊ា ណារ៉េត អ្នកស្រីអ៊ីម ស្រីតូច និងអ្នកស្រី សាត ថា។

អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដែលបាន​ឃ្លាំមើលព្រិត្តការណ៍នោះផ្ទាល់ បានអោយដឹងថា ការណ៍ដែលអ្នកអតីតអ្នកភូមិបឹងកក់ទាំងនោះ មកតវ៉ានៅថ្ងៃនេះ គឺក្នុងគោលបំណង ចង់អោយសាលារាជធានីភ្នំពេញ ធ្វើការដោះស្រាយនូវបញ្ហាប្រាក់សំណង ដែលសាលារាជធានី​ផ្តល់​អោយ​មិនសមរម្យ។

លោកបានថ្លែងបន្តថា ទាក់ទងនឹងការចាប់ខ្លួនអ្នកតវ៉ាបញ្ចេញមតិនេះ វាជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយ​ក៏រំលោភទៅនឹងការប្រកាសរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលបានប្រកាសថា ដកបម្រាមហាមជួបជុំចាប់​ពីដប់នាក់​ឡើងដែរ។ លោកបានសង្កត់ធ្ងន់ថា «បើទោះបីជាមានការដកបម្រាមនេះហើយក៏ដោយ តែការចាប់ខ្លួន ការដកហូតសម្ភារៈអ្នកតវ៉ាបញ្ចេញមតិ នៅតែកើតមានដដែល»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ តែ​នៅ​ពេលទទួលទូរស័ព្ទ លោកបានប្រាប់យ៉ាងខ្លីថា«សូមទោសខ្ញុំ ជាប់រវល់»រូចក៏ដាក់ទូរស័ព្ទចុះ។

សកម្មជនដីធ្លីនៅតំបន់បឹងកក់អ្នកស្រី យ៉ោម បុប្ផា បានប្រាប់ថា ព្រឹត្តិការណ៍​នៃការចាប់ខ្លួនស្រ្តីអតីតអ្នកភូមបឹងកក់​កាលពីព្រឹកមិញនេះ អ្នកស្រីមកមិនទាន់ទេ តែអ្នកស្រីបានបញ្ជាក់ថា តាមដែលអ្នកស្រីដឹង គឺអតីតអ្នកភូមិ​បឹងកក់​ទាំងនោះមកប្រមូលផ្តុំគ្នា ដើម្បីចង់សួរពីរឿងដំណោះស្រាយ ដែលពួកគាត់បានដាក់សំណើរទៅសាលារាជធានី​ភ្នំពេញ តែបានស្ងាត់ដំណឹង និងទាមទារអោយសាលារាជធានីភ្នំពេញ អនុញ្ញាតអោយហែរញ្ញតិទៅក្រសួង​កិច្ចការ​នារី។

ចំពោះការចាប់ខ្លួនអ្នកតវ៉ានៅព្រឹកនេះ សកម្មជនដីធ្លីរូបនេះបានលើកឡើងថា ពូកសន្តិសុខសណ្តាប់ធ្នាប់ទាំងនោះ មិនអនុវត្តតាមសម្តីនាយករដ្ឋមន្រ្តី ដែលបានប្រកាសដកបម្រាមមិនអោយជុំជួប។ អ្នកស្រី យ៉ោម បុប្ផា បានអះអាង​ទៀតថា៖ «មិនត្រឹម​តែមិនអនុវត្តនោះទេ ថែមទាំងផ្គើនឡើងថែមទៀតផង»៕

ទស្សនាវវីដេអូ នៃការចាប់ខ្លួនស្ត្រីទាំងបីនាក់ នៅមុខសាលារាជធានីភ្នំពេញថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤៖

-----------------------------------------------
ដោយ ក. ចាន់នីតា និងអ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected] ) -​ ភ្នំពេញ ថ្ងៃទី ០៥ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...