កែវ រំចង់ និងឯម ខ្លឹមខ្មៅ វ៉ៃ​កីឡាករ​ប្រេស៊ីល​បែក​ឈាម ខណៈ​ឡុង សុភី ឈ្នះ​ដោយ​ពិន្ទុ

កីឡាករប្រដាល់កម្ពុជា ៣រូប រួមមាន កីឡាករ កែវ រំចង់, ឯម ខ្លឹមខ្មៅ និង ឡុង សុភី សុទ្ធតែទទួលបានជ័យជំនះទៅលើ កីឡាករជនជាតិប្រេស៊ីល ៣ រូបផ្សេងទៀត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីខ្មែរហ្វៃធឺ (Khmer Fighter) កីឡាដ្ឋាន ប៊ីឡាញ អារ៉េណា (Beeline Arenna) កាលពីយប់ ថ្ងៃទី២៦ ខែមេសា យប់ម៉ិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករប្រដាល់កម្ពុជា ៣រូប រួមមាន កីឡាករ កែវ រំចង់, ឯម ខ្លឹមខ្មៅ និង ឡុង សុភី សុទ្ធតែទទួលបានជ័យជំនះទៅលើ កីឡាករជនជាតិប្រេស៊ីល ៣ រូបផ្សេងទៀត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីខ្មែរហ្វៃធឺ (Khmer Fighter) កីឡាដ្ឋាន ប៊ីឡាញ អារ៉េណា (Beeline Arenna) កាលពីយប់ ថ្ងៃទី២៦ ខែមេសា យប់ម៉ិញ។


កីឡាករ កែវ រំចង់ បង្គោលក្រហម (ខាងឆ្វេង) កំពុងវាយជាមួយ កីឡាករជនជាតិប្រេស៊ីល។ (រូបថត V. Chivann/ MONOROOM.info)

គូទី១ អ្នកប្រដាល់ជង្គង់ទិព្វ ឡុង សុភី បានយកឈ្នះអ្នកប្រដាល់ប្រេស៊ីល លីអូ មុនតេរ៉ូ (Leo Montero) ដោយពិន្ទុ ក្នុងការ​ប្រកួត ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ឡុង សុភី ចាប់ផ្តើមវាយកណ្តាប់ដៃនៅទឹកទី១ តែត្រូវ មុនតេរ៉ូ វាយបកមកវិញចំៗ គោលដៅជាង។

នៅទឹកទី២ សុភី ចាប់ផ្តើមប្រើស្នៀតពិសេសរបស់ខ្លួន ដោយព្យាយាមអ៊ុកជង្គង់ទៅអ្នកប្រដាល់ប្រេស៊ីលរូបនោះ។ ពិតជា​ដូចរហ័សនាមមែន ឡុង សុភី ប្រើជង្គង់អ៊ុកពេញៗ តាំងតែពីទឹកទី២ រហូតដល់ទឹកទី៥ តែទោះជាយ៉ាងណា មិនអោយ​កីឡាករប្រេស៊ីល សន្លប់បានទេ ដោយបានត្រឹមតែឈ្នះពិន្ទុ តែប៉ុណ្ណោះ។

រីឯម្ចាស់ខ្សែក្រវ៉ាត់ក្នុងប្រភេទ ៦៥គីឡូក្រាបរបស់កម្ពុជា ឯម ខ្លឹមខ្មៅ បានឈ្នះអ្នកប្រដាល់ប្រេស៊ីល អាឡិច ប្លីន (Alex Blin) នៅក្នុងទឹកទី៤ ដោយវ៉ៃឲ្យកីឡាករប្រេស៊ីលរូបនោះ បែកឈាមហូរពេញខ្លួន។

អ្នកប្រដាល់កែងស្រួច ឯម ខ្លឹមខ្មៅ បានប្រើកណ្តាប់ដៃវ៉ៃសង្គ្រប់ទៅលើ អាឡិច ប្លីន តាំងតែពីទឹកទី១ និងទឹកទី២។ នៅទឹក​ទី៣ ខ្លឹមខ្លៅ បានប្រើជើងធាក់មួយៗ ទៅលើអាឡិច និងព្យាយាមវ៉ៃកណ្តាប់ដៃតាមពីក្រោយ ខណៈដែលកីឡាករ​ប្រេស៊ីល​រូបនេះ អស់ជំហរ។ នៅដើមទឹកទី៤ ខ្លឹមខ្មៅ បានប្រើកែង ដែលជាក្បាច់ពិសេសរបស់ខ្លួន ធ្វើឲ្យអាឡិច ប្លីន បែកក្បាល​ឈាមជោគខ្លួន ហើយត្រូវបានក្រុមគ្រូពេទ្យជួយពិនិត្យ និងជូតឈាមចេញ។

ឯម ខ្លឹមខ្មៅ បានព្យាយាមវ៉ៃកែង និងកណ្តាប់ដៃទៅលើស្នាមរបួស អាឡិច បន្ថែមទៀត ទើបធ្វើឲ្យឈាមកាន់តែហូរខ្លាំង ហើយត្រូវបានគ្រូពេទ្យជូតចេញម្តងទៀត ក៏ឲ្យប្រកួតជាបន្ត។ ខ្លឹមខ្មៅ នៅតែចាប់ឱកាសរបស់ខ្លួន ដោយវ៉ៃសង្គ្រប់​ទៅ​លើ​ផ្ទៃមុខ និងស្នាមរបួសរបស់កីឡាករប្រេស៊ីល ទើបធ្វើឲ្យអាជ្ញាបញ្ឈប់ត្រឹមទឹកទី៤ ព្រោះឈាមហូរខ្លាំងពេក។

ចំណែកគូឯក នៅរាត្រីនោះ ម្ចាស់ខ្សែក្រវ៉ាត់៤កម្មវិធី កែវ រំចង់ បានឈ្នះកីឡាករប្រេស៊ីល អាឌីលតុន ហ្វ្រេតាស (Adaylton Freitas) នៅទឹកទី៣ ដោយកីឡាករ អាឌីលតុន បែកក្បាលហូរឈាមខ្លាំង មិនអាចបន្តការប្រកួតតទៅទៀតបានដែរ ដែល​ជាការប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម។

អ្នកប្រដាល់កម្លាំងយក្ស កែវ រំចង់ បានប៉ះជាមួយនឹង កំពូលអ្នកប្រដាល់ឆ្នើមរបស់ប្រេស៊ីល ហើយដោយសារតែកម្ពស់ រំចង់ ទាបជាងបន្តិចផងនោះ ស្ទើរតែធ្វើឲ្យអ្នកប្រដាល់ឆ្នើមរបស់កម្ពុជារូបនេះ ចាញ់ទៅហើយ បន្ទាប់ពីកីឡាករប្រេស៊ីល ប្រើកែងបកចំមួយទំហឹង ហើយធ្វើឲ្យអាជ្ញាកណ្តាលរាប់ កែវ រំចង់ ដល់៨ លើកទី១ នៅទឹកទី២។

តែកំពូលអ្នកប្រដាល់កម្ពុជា ដែលប្រកួតអន្តរជាតិកន្លងមក មិនដែលចាញ់រូបនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន អស់​សង្ឃឹមនោះទេ។ រំចង់ បានលោតកែង មួយទំហឹងចំពីលើក្បាល អាឌីលតុន ដោយសារតែផ្ទុះកំហឹងខ្លាំងពេក ហើយបាន​ធ្វើឲ្យកីឡាករប្រេស៊ីល បែកឈាមខ្ចាយព្រាតតែម្តង ហើយក៏ត្រូវអាជ្ញាកណ្តាលបញ្ចប់ការប្រកួត នៅចុងទឹកទី៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...