កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ មីនា ២០១៦
- កែប្រែចុងក្រោយ: March 29, 2016
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទិដ្ឋភាព ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកមកផ្សាយនៅក្នុងអត្ថបទ ឬរបាយការណ៍របស់ពួកគេ មានលក្ខណៈគួរឲ្យរន្ធត់ណាស់។ និក ប្ល៊េកវែល (Nick Blackwell) កីឡាករប្រដាល់ ដែលមានវ័យ២៥ឆ្នាំ បានឡើងប្រកួត ដើម្បីការពារខ្សែក្រវ៉ាត់ ជើងឯកខាងទំងន់មធ្យម របស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍។ ប៉ុន្តែ ការប្រកួតលើកនេះ មិនមានផលល្អ សម្រាប់កីឡាករឡើយ ដោយហេតុថា កីឡាករម្ចាស់ខ្សែក្រវ៉ាត់ ត្រូវកីឡាករគូប្រជែង គ្រីស អឺប៊េង (Chris Eubank Jr) វាយសន្ធាប់គ្មានប្រណី។
នៅបំផុត កីឡាករ និក ប្ល៊េកវែល ត្រូវបានអាជ្ញាកណ្ដាល ប្រកាសឲ្យចាញ់ ក្នុងជុំទី១០ ព្រោះគ្រូពេទ្យបានអះអាងថា ភ្នែកខាងឆ្វេង របស់កីឡាករ និក ប៊្លេកវែល មិនអាចសម្លឹងមើលឃើញអ្វីទៀតទេ។ នៅក្នុងរូបភាព ដែលផ្សាយផ្ទាល់ ក៏ដូចជារូបភាព ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ យកមកផ្សាយ នាពេលក្រោយមក បានបង្ហាញថា ត្របកភ្នែក និងចិញ្ចើមភ្នែកខាងឆ្វេង របស់កីឡាករបានហើមប៉ោងឡើង។
ប៉ុន្តែហេតុការណ៍ កាន់តែមិនអនុគ្រោះ សម្រាប់កីឡាករ និក ប៊្លេកវែល ព្រោះបន្ទាប់ពីអាជ្ញាកណ្ដាលប្រកាសឲ្យចាញ់រួច កីឡាករវ័យ២៥ឆ្នាំ បានដួលព្រូស ទៅលើសៃវៀនប្រកួត និងត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។ នៅទីនោះ គ្រូពេទ្យបានអះអាងថា កីឡារដែលសន្លប់លែងដឹងខ្លួន មានអាការៈ«ឈាមហូរចូលក្នុងខួរក្បាល» ហើយបានដាក់កីឡាករ នៅក្នុងការសង្គ្រោះ សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ។
គួរបញ្ជាក់ដែរថា នៅក្នុងការប្រកួត មុនមកដល់ជុំទី៩ ឪពុករបស់កីឡាករ គ្រីស អឺប៊េង ដែលជាកីឡាករគូប្រជែង ទំនងជាបានជួយសង្គ្រោះជីវិត របស់កីឡាករ និក ប្ល៊េកវែល ដោយបានស្រែកប្រាប់កូនខ្លួន នៅពេលឲ្យទឹកថា៖ «ឥឡូវនេះ កូនឯង ឈប់វាយលើមុខវា តែកូនឯងត្រូវវាយ លើខ្លួនវាឲ្យច្រើន»។ បើតាមសំដីនេះ ដែលថតផ្សាយ ឮសូរនៅតាមទូរទស្សន៍ អ្នកតាមដានកីឡាប្រដាល់បានគិតថា ឪពុករបស់កីឡាករ គ្រីស អែប៊េង ដែលធ្លាប់ជា អតីតម្ចាស់ខ្សែក្រវ៉ាត់ជើងឯក (ទំងន់មធ្យម) ដែរនោះ ទំនងជាបានដឹងពីចំណុចខ្យោយ របស់កីឡាករ និក ប្លេកវេល ហើយបើកូនគាត់ នៅបន្តវាយសន្ធាប់ ទៅលើក្បាលកីឡាករគូប្រជែងនោះ កីឡាករ និក ប្លេកវែល អាចនឹងអស់ជីវិត។
យ៉ាងណាក៏ដោយ បើតាមសារព័ត៌មាននានា ដែលចេញផ្សាយ ក្នុងប្រទេសអង់គ្លេស បានឲ្យដឹងថា ស្ថានភាពជំងឺរបស់កីឡាករ និក ប្ល៊េកវែល មានសភាពនឹងនរ និងមានសង្ឃឹមអាចសង្គ្រោះបាន។ ហើយការវះកាត់ខួរក្បាល ក៏មិនចាំបាច់អ្វីដែរ៕
-----------------
» ទស្សនាឡើងវិញ នូវការប្រកួត ទាំង១០ជុំ របស់កីឡាករ និក ប្ល៊េកវែល និងកីឡាករ គ្រីស អឺប៊េង៖