«ត្រូវផ្តន្ទាទោស ជនដៃដល់ធាក់ទាត់តំណាងរាស្រ្ត ទៅតាមច្បាប់»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៧ តុលា ២០១៥
- កែប្រែចុងក្រោយ: October 27, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏រន្ធត់ នៃការអូសអ្នកតំណាងរាស្ត្រ ចេញពីរថយន្ដ យកមកធាក់ទាត់នៅកណ្ដាលទ្រូងថ្នល់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ អត់ទ្រាំមិនធ្វើប្រតិកម្មមិនបាន។ គ្រប់ៗគ្នាសុទ្ធតែទាមទារ ឲ្យចាប់យកជនដៃដល់ មកផ្ដន្ទាទោសជាកំហិត។
ដំបូងគេនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយស្វែងរកចាប់ជនដៃដល់ វាយតប់តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ មកផ្ទន្តាទៅតាមផ្លូវច្បាប់។ អ្នកនាំពាក្យរូបនេះ បានសរសេរយ៉ាងខ្លី លើទំព័រហ្វេសប៊ុករបស់លោកថា៖ «បាតុកម្ម ជាសិទ្ធិសេរីតាមលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ជនល្មើស ប្រព្រឹត្តអំពើហឹង្សា ត្រូវតែផ្តន្ទាទោសដោយច្បាប់។ សូមសមត្ថកិច្ចពាក់ព័ន្ធ ជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។»
ឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា លោកមានការសោកស្តាយ ចំពោះឧបទ្ទវហេតុ ដែលបណ្តាលឲ្យតំណាងរាស្ត្រ មានរបួសស្នាម។ យ៉ាងណា លោកគ្រាន់តែលើកឡើងថា អំពើហិង្សា មិនមែនជាសិទ្ធិសេរីភាព ក្នុងការបញ្ជេញមតិទេ ហើយការប៉ះពាល់ ដល់រូបរាងកាយ ត្រូវបានគាំពារដោយច្បាប់។
លោក ផៃ ស៊ីផាន បានសរសេរថា៖ «ស្នើភាគីដែលពាក់ព័ន្ធ សូមបញ្ជៀស នូវរាល់អំពើហិង្សាគ្រប់រូបភាព ឲ្យខានតែបាន និងរាល់សកម្មភាព ដូចជាពាក្យសំដីដែលញុះញុង ឲ្យមានអំពើហិង្សា។ រាជរដ្ឋាភិបាល ដាច់ខាតមិនគាំទ្រ នូវរាល់អំពើហិង្សា ជាយថាហេតុណាមួយនោះឡើយ។»
ឯស្ថានទូតអាមេរិកវិញ ក៏បានចេញសេចក្តីថ្លែងការណ៍ ដ៏ខ្លីមួយរបស់ខ្លួន ក្នុងបណ្តាញសង្គម ដោយស្នើឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេត ក្រោមការទទួលខុសត្រូវ តម្លាភាព និងស្មោះត្រង់ នៅក្នុងព្រឹត្តិការណ៍វាយដំ តំណាងរាស្រ្តពីររូប នៃគណបក្សសង្គ្រោះជាតិ ហើយជំរុញឲ្យធានា រក្សារបៀបរៀបរយនៅរដ្ឋសភាជាតិ និងសុវត្ថិភាពអ្នកនយោបាយគណបក្ស។ ស្ថានទូតអាមេរិក បានលើកឡើងថា៖ «ការអនុវត្តសេរីភាព ក្នុងការប្រមូលផ្តុំគ្នា និងសេរីភាព ក្នុងការនិយាយស្តី មិនមែនជាហេតុផលត្រឹមត្រូវ សំរាប់ប្រព្រឹត្តអំពើហឹង្សាទេ។ ហើយយើងសូមថ្កោលទោសសកម្មភាពទាំងនេះ។ យើងសូមអំពាវនាវ ឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេត អោយបានពេញលេញ និងប្រកបដោយតម្លាភាព ទៅលើការវាយដំទាំងនេះ ដើម្បីរក្សារបៀបរៀបរយ នៅរដ្ឋសភាជាតិ និងដើម្បីធានាសុវត្ថិភាព របស់អ្នកនយោបាយ ពីគ្រប់គណបក្សទាំងអស់។»
សម្រាប់តំណាររាស្រ្តវ័យក្មេង មកពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានីត បានថ្លែងថ្កោលទោស លើអ្នកប្រព្រឹត្តអំពើហិង្សា ដែលប្រព្រឹត្តិការវាយដំ លើតំណាងរាស្ត្រទាំងពីររូប។ តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺរូបនេះ ក៏បានទាមទារឲ្យសមត្ថកិច្ច វែកមុខជនដៃដល់ ដើម្បីមកផ្តន្ទាទោសតាមច្បាប់។ លោក ម៉ានិត បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំមិនគាំទ្រ និងថ្កោលទោសលើអំពើហិង្សា ដែលប្រព្រឹត្តលើប្រជាពលរដ្ឋ និងជាពិសេសលើតំណាងរាស្ត្រ ហើយសូមអំពាវនាវ ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីវែកមុខ និងដាក់ទោសដល់ជនដៃដល់ ដែលបានប្រព្រឹត្តអំពើហិង្សាទាំងនេះ ស្របតាមគោលការណ៍នីតិរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។»
ចុះទម្រាំពលរដ្ឋធម្មតា?
សម្រាប់អង្គការសង្គមស៊ីវិល ដែលធ្វើការស្និតនឹងសិទ្ធិសេរីភាព និងច្បាប់ បានធ្វើការថ្កោលទោស សកម្មភាពវាយដំនេះ ហើយបានចាត់ទុកថា នេះជាអំពើរំលោភសិទ្ធិមនុស្ស និងច្បាប់យ៉ាងធ្ងន់ធ្ងរ។ យ៉ាងណា មន្រ្តីអង្គការសង្គមស៊ីវិលបានស្នើ ដោយទទូច ឲ្យរដ្ឋាភិបាលកម្ពុជា រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវមានចំណាត់ការជាបន្ទាន់ ដើម្បីស្រាវជ្រាវ ស្វែងចាប់ជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់។
ទាំងលោក អំ សំអាត មន្រ្តីគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូ និងលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រហាក់ប្រហែលគ្នាថា ក្នុងនាមលោក ជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា លោកមានការសោកស្តាយ យ៉ាងខ្លាំង។ លោកបន្តថា ជនរងគ្រោះទាំងពីរ ជាតំណាងរាស្រ្ត នៅតែត្រូវបានគេវាយដំ តាមអំពើចិត្ត ចុះទម្រាំពលរដ្ឋធម្មតា? តើការអនុវត្តច្បាប់ នៅកន្លែងណា? ហើយអភ័យឯកសិទ្ធិ របស់អ្នកតំណាងរាស្រ្ត នៅកន្លែងណា?។ ប្រសិនបើមិនចាត់វិធានការ តាមផ្លូវច្បាប់ទេ នឹងពិតជាមានការរិះគន់ ថាមានការរើសអើង និន្នាការនយោបាយហើយ៕
» សូមទស្សនាវីដេអូនៃអំពើហិង្សាដូចខាងក្រោម៖