បាតុករ៖ កឹម សុខា អើយ ចុះ​ចេញ​ពី​អនុ​ប្រធាន​រដ្ឋសភា​ទៅ!

តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចេញពីអង្គប្រជុំសភា ដើម្បី​មក​ទទួល​ញត្តិ​តវ៉ា របស់ក្រុមប្រជាពលរដ្ឋ ដែលស្នើឲ្យដកដំណែង របស់លោក កឹម សុខា អនុប្រធាន​រដ្ឋសភា​ហើយ ដោយ​សន្យា​នឹង​ដាក់​ជូន ប្រធាន​រដ្ឋសភា លោក ហេង សំរិន ពិនិត្យ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៦ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 27, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈរដ្ឋសភាជាតិកំពុង បើកសម័យប្រជុំពិភាក្សា អនុម័តនូវសេចក្តីព្រាងច្បាប់ មួយចំនួន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នោះ ប្រជាពលរដ្ឋ និងយុវជនប្រមាណរាប់រយនាក់ ត្រូវបានក្រុមសមត្ថកិច្ចចម្រុះកម្ពុជា អនុញ្ញាត​ឲ្យចូល ពេញទីធ្លាផ្លូវភ្លោះ មុខវិមានរដ្ឋសភា ដោយមិនមានការ ដាក់រនាំងដែកហាមឃាត់ ដូច​ក្រុម​បាតុករមុនៗឡើយ។

ក្រុមបាតុករទាំងនោះ បានស្នើដាក់ញត្តិតវ៉ារបស់ខ្លួន ទាមទារអោយប្រធានរដ្ឋសភា ធ្វើការដកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីតំណែងអនុប្រធានទីមួយ នៃរដ្ឋសភា ឲ្យបានកាន់តែឆាប់ កាន់តែ​ប្រសើរ។ ញតិ្តរបស់ប្រជាពលរដ្ឋទាំងនោះ ត្រូវបានទទួលយក ដោយអ្នកស្រី ឡោក ខេង តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា និងលោក ជា ប៉ូច តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

ញត្តិដែលចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ មានស្នាមមេដៃអ្នកតំណាង រួមមាន លោកប្រាក់ ហាក់ លោក វ៉ាត ម៉ានី និងលោក ទិត្យ ត្រៃវេទ។ តាមខ្លឹមសានៃញតិ្តនោះ បានសរសេរថា លោក កឹម សុខា ចេះតែធ្វើ​សកម្មភាព​នយោបាយ តាមបណ្តាខេត្តនានា ដោយពាក្យភូតភរ កុហកបោកប្រាស់ និងញុះញង់បំបែកបំបាក់ ជាតិ​សាសន៍​​ខ្មែរតែមួយ ដែលអាចនាំឲ្យមានអស្ថិរភាពសង្គម និងសង្គ្រាមជាដើម។ ញត្តិបានសរសេរទៀតថា៖ «ដើម្បី​​រក្សា​នូវសន្តិសុខ សុវត្ថិភាព ស្ថរិភាពល្អប្រសើរ ដូចពេលសព្វថ្ងៃ ពិសេសរក្សាបាននូវសន្តិភាព​ពេញ​បរិបូរណ៍ សាមគ្គី​ភាព និងឯកភាពជាតិ ទឹកដី មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន យើង​ខ្ញុំ​​ទាំង​អស់គ្នាគោរពស្នើសុំ ដោយទទូច ដល់សម្តេចប្រធានរដ្ឋសភា និងអ្នក​តំណាង​រាស្រ្ត​ទាំង​អស់ មេត្តា​ដក​ឯកឧត្តម កឹម សុខា ចេញពីមុខតំណែង ជាអនុប្រធានរដ្ឋសភាឲ្យបានឆាប់បំផុត ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត មាន​អារម្មណ៍រស់នៅ ក្នុងភាពសុខដុមរមនា និងប្រកបមុខរបររស់​នៅ​ប្រចាំ​ថ្ងៃ បាន​ជា​ប្រក្រតី។»

សូមជម្រាបជូនថា បាតុកម្មរបស់ក្រុមពលរដ្ឋ និងយុវជនទាំងនេះ បានធ្វើឡើងនៅក្រោយការថ្លែង របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលបានព្រមានខ្លាំងៗ ទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យ​ចេញមុខសុំទោសលោក (ហ៊ុន សែន) ជាសាធារណៈ ក្នុងករណីដែលលោក សម រង្ស៊ី ធ្លាប់​បាន​ប្រៀប​ធៀប​នាយក​រដ្ឋមន្រ្តីហ៊ុន សែន ទៅនឹងអតីតមេដឹកនាំផ្ដាច់ការ នៃប្រទេសលីប៊ី គឺលោក កាដាហ្វី នោះ។ លោក​បាន​បង្ហើបដូច្នេះថា៖ «បាតុកម្មកើតមានហើយ ខ្ញុំមិនដឹងថាមានរឿងអ្វីនៅភ្នំពេញ!»។

» សូមអានព័ត៌មានលំអិត ដោយចុចនៅលើទីនេះ

តាមបដានៃក្រុមបាតុករ ដែលទាមទាឲ្យលោក កឹម សុខា ចុះចេញពីតំណែង ជាអនុប្រធានទីមួយនៃ​រដ្ឋសភា បានសរសេរថា​៖ «លោក កឹម សុខា គឺជាអ្នកនាំទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ធ្វើឲ្យខ្មែរគ្មានក្តីសុខ និង​ជា​មនុស្ស​ចង្រៃ​បង្កបញ្ហា ឥតឈប់ឈរ» «កឹម សុខា ជាមនុស្ស ខូចភូតកុហក់ បោកប្រាស់» «កឹម សុខា ជាមនុស្ស​ក្រឡិច​ក្រឡុច» «កឹម សុខា អើយ ចុះចេញពីអនុប្រធានរដ្ឋសភាទៅ» ជាដើម។

រហូតមកដល់ម៉ោង១២ថ្ងៃនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំការបញ្ជាក់ ជុំវិញបញ្ហាចោទប្រកាន់ និងទាមទារខាងលើ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននៅឡើយទេ។ សូមបន្ថែមថា នេះជាលើក​ទី​មួយ​ហើយ ដែលមានពលរដ្ឋ និងយុវជន បានដង្ហែគ្នាមកដល់មុខរដ្ឋសភា ដោយគ្មានការហាមឃាត់ ឬដាក់រនាំង​ដែរ​នោះ និងមានសិទ្ធិពេញបរិបូរ ក្នុងការស្រែកស្រែកទាមទារ ពីអ្វីដែលបាតុករទាំងនោះ ចង់បាន។

ទោះជាបានបំបែកគ្នា នៅមុខវិមានរដ្ឋសភា ក្រោយការទទួលញត្តិហើយនោះក្តី តែក្រុមបាតុករ នៅដូចជាមិន​អស់​ចិត្តនៅឡើយ។ ពួកគេបាននាំគ្នាបន្តដំណើរ ទៅកាន់ផ្ទះលោក កឹម សុខា នៅក្នុងខណ្ឌទួលគោក ដើម្បី​ស្រែក​ទាមទារ ជាបន្តទៀត។ ការធ្វើដំណើរនេះ ក៏ត្រូវបានសម្រួល ដោយអាជ្ញាធរមានសមត្ថិកិច្ចដែរ។ ព័ត៌មាន ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន បានឲ្យដឹងថា ក្រុមបាតុករប្រឆាំងនឹងលោក កឹម សុខា នេះ មិន​បាន​ដាក់ពាក្យស្នើសុំ (តាមច្បាប់ គ្រាន់តែជូនដំណឹង) ទៅកាន់សាលារាជធានីភ្នំពេញឡើយ នៅមុន​ពេល​ក្រុម​ខ្លួន ត្រូវធ្វើបាតុកម្ម។ ឯអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ វិញ មិនអាចទាក់ទង ដើម្បី​សុំ​ការ​បញ្ជាក់ លើបញ្ហាខាងលើនេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...