កម្ពុជារងការរិះគន់ធ្ងន់ៗ នៅក្នុងអង្គប្រជុំសិទ្ធិមនុស្ស អ.ស.ប
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 26, 2018
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីក្នុងចំណោមវាគ្មីន ទាំង២៩រូប (៣០រូប បើរាប់បញ្ចូល ទាំងតំណាងកម្ពុជា) ដែលមានឱកាស ឡើងថ្លែង នៅក្នុងរបៀបវារៈទី១០ នៃអង្គប្រជុំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វាគ្មិនភាគច្រើនបំផុត បានធ្វើការរិះគន់ប្រទេសកម្ពុជាធ្ងន់ៗ អំពីស្ថានភាពសិទ្ធិមនុស្ស ដែលក្រុមវាគ្មិនទាំងនោះ អះអាងថា ធ្លាក់ចុះខ្លាំង ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការ ដើម្បីងាកមករក ការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយវិញ។
វាគ្មិនទាំងនោះ រួមមានអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា តំណាងសហភាអ៊ឺរ៉ុប និងតំណាងប្រទេសធំៗ៖ ស៊ុយអែដ កាណាដា អាល្លឺម៉ង់ ស្វីស បារាំង ជប៉ុន អូស្ត្រាលី ប៊ែលហ្សិក អង់គ្លេស អៀឡង់ និងញ៉ូហ្សេឡែន។ គេត្រូវបញ្ចូលវាគ្មិន មកពីអង្គការអន្តរជាតិធំៗ ចំនួន៨ទៀត ក្នុងនោះមាន៖
- Non-violent Radical Party, Transnational and Transparty,
- Asian Forum for Human Rights and Development,
- International Commission of Jurists,
- Lawyers' Rights Watch Canada,
- Human Rights Now,
- Association of World Citizens,
- Human Rights Watch,
- Amnesty International។
តំណាងប្រទេសកាណាដា អ្នកស្រី «Tamara Mawhinney» អះអាងថា ប្រទេសអ្នកស្រី ជំរុញពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការជ្រើសតាំងមេដឹកនាំ របស់ពួកគេ ដោយសេរី។ សម្រាប់អ្នកស្រី «Barbara Fontana» តំណាងប្រទេសស្វីស និងលោក «François Rivasseau» តំណាងប្រទេសបារាំង បានសំដែងការគាំទ្រទាំងស្រុង ចំពោះរបាយការណ៍ពិសេស របស់អ្នកស្រី រ៉ូណា ស្មីត ដែលទើបត្រូវបានអ្នកស្រី ធ្វើបទបង្ហាញនៅមុននេះ។
យ៉ាងណា តំណាងប្រទេសមួយចំនួន ដូចយ៉ាងប្រទេសចិន វេណេហ្សុយអេឡា និងបណ្ដាប្រទេស នៅក្នុងអាស៊ាន បានព្យាយាមការពារ និងនិយាយល្អ ពីប្រទេសកម្ពុជា ដូចជាថា ចាត់ទុករឿងរ៉ាវទាំងអស់នោះ ជាកិច្ចការផ្ទៃក្នុងកម្ពុជា និងថារាល់ចំណាតការទាំងឡាយ របស់រដ្ឋាភិបាលកម្ពុជា ជាការអនុវត្តន៍ច្បាប់កម្ពុជាជាដើម។
ប្រទេសកម្ពុជាខ្លួនឯង ដែលតំណាងដោយលោក ណី សំអុល ឯកអគ្គរាជទូត /តំណាងអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ បានថ្លែងច្រានចោល របាយការណ៍របស់អ្នកស្រី រ៉ូណា ស្មីត ដោយហៅរបាយការណ៍នោះ ធ្វើឡើងដោយលំអៀង ខ្វាក់ភ្នែក និងមិនមើលច្បាប់កម្ពុជា។
លោក ណី សំអុល បានថ្លែងអះអាង នៅចុងបញ្ចប់ថា កម្ពុជាទទួលរងការឈឺចាប់ ដោយសង្គ្រាមអស់រយៈពេលជាច្រើនកន្លងមកហើយ ដោយសារទទួលឥទ្ធិពេលពីរបរទេស។ តែសន្តិភាព«ពិតប្រាកដ» ទើបនឹងវិលត្រឡប់មកវិញ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។ លោកឯកអគ្គរាជទូត បានស្រង់សំដី របស់អតីតអគ្គលេខាធិការ អ.ស.ប លោក កូហ្វី អាណាន់ មកបញ្ជាក់ថា «គ្មានការអភិវឌ្ឍណា អាចធ្វើទៅបាន ដោយគ្មានសន្តិភាពនោះទេ»។
តែអ្នកស្រី រ៉ូណា ស្មីត បានឆ្លើយតបវិញថា៖ «សិទ្ធិមនុស្សគឺជា មូលដ្ឋានសម្រាប់សង្គម ដែលប្រកបដោយវិបុលភាព សេដ្ឋកិច្ច សន្តិភាព និងស្ថិរភាព»៕
» ទស្សនាពីកិច្ចពិភាក្សា នៅក្នុងអង្គប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ស្ដីពីកម្ពុជា៖