អូបាម៉ា ជួប​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ក្រោម​ភ្លើង​កំហឹង​របស់​ចិន

បើទោះបីជាប្រទេសចិនខំស្រែកឲ្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) លុបចោលនូវ​ជំនួប​ជាមួយសម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) យ៉ាងណាក្តី ក៏នៅទីបំផុតទៅ លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែចចេសជួបសម្តេចសង្ឃទីបេ ឲ្យទាល់តែបាន កាលពីថ្ងៃសុក្រម្សិលមិញ។ ឆ្លើយតបនឹងជំនួបនេះ ក្រុងប៉េកាំង បានកោះហៅមន្រ្តីទូតអាមេរិកប្រចាំប្រទេសចិន មកឆ្លើយបំភ្លឺ ដើម្បីប្រឆាំងនឹងទង្វើរបស់លោក អូបាម៉ា ពេលនេះ​ភ្លាមដែរ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: February 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះបីជាប្រទេសចិនខំស្រែកឲ្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) លុបចោលនូវ​ជំនួប​ជាមួយសម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) យ៉ាងណាក្តី ក៏នៅទីបំផុតទៅ លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែចចេសជួបសម្តេចសង្ឃទីបេ ឲ្យទាល់តែបាន កាលពីថ្ងៃសុក្រម្សិលមិញ។ ឆ្លើយតបនឹងជំនួបនេះ ក្រុងប៉េកាំង បានកោះហៅមន្រ្តីទូតអាមេរិកប្រចាំប្រទេសចិន មកឆ្លើយបំភ្លឺ ដើម្បីប្រឆាំងនឹងទង្វើរបស់លោក អូបាម៉ា ពេលនេះ​ភ្លាមដែរ។


សម្តេចសង្ឃ ដាឡៃ ឡាម៉ា (ខាងឆ្វេង) និងលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក។ (រូបថត White House/Pete Souza)

អាមេរិក-ចិន - ដូចការគ្រោងទុក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈ បានសម្រេចជួបជាមួយសម្តេចសង្ឃ ដាឡៃ ឡាម៉ា មេដឹកនាំចលនាបះបោរទីបេ និងជាជ័យលាភី​ពាន់រង្វាន់​ណូប៊ែល​សន្តិភាពពិភពលោក។នេះជាជំនួបទីពីរហើយរវាងលោក អូបាម៉ា និងសម្តេចសង្ឃទីបេ ដែលជំនួបលើកទីមួយ នៅ​ឆ្នាំ២០១១។ ជំនួបរវាងអ្នកទាំងពីរនេះ បានធ្វើឡើងនៅក្នុងវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោម​ក្រសែភ្នែកដ៏​ក្តៅ​ក្រហាយពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ក្រុងប៉េកាំងដែលចោទថា ជំនួបនេះនឹងមានរបៀបវារៈ​ស្តីពីការ​ផ្តាច់ទឹកដីទីបេ ពីរដ្ឋអំណាចចិន។

យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា នៅក្នុងជំនួបរវាងលោក អូបាម៉ា និង​សម្តេចសង្ឃ ឡាម៉ា លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាព​របស់សម្តេចសង្ឃដាឡៃ ឡាម៉ា នៅក្នុងបុព្វហេតុអភិរក្ស ប្រពៃណី សាសនា វប្បធម៌ ភាសា និងការការពារសិទ្ធិ​សេរីភាពរបស់ប្រជាជនទីបេ ដែលស្ថិតនៅក្រោមការត្រួតតា្ររបស់ប្រទេសចិន។ លោកក៏គាំទ្រ ចំពោះការនិរទេស​ចេញពីប្រទេសកំណើតរបស់សម្តេចសង្ឃ ឡាម៉ា ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ ១៩៥៩ ដើម្បីតស៊ូដោយឈរ​លើផ្លូវ​កណ្តាល ដោយសន្តិវិធី សម្រាប់ផលប្រយោជន៍ជនជាតិទីបេ។

យ៉ាងណាក៏ដោយលោកប្រធានាធិបតី អូបាម៉ា ក៏អំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បន្តការជជែកពិភាក្សា​ជាមួយ​បេសកជនសម្តេចសង្ឃ ដាឡៃ ឡាម៉ា ឡើងវិញ បន្ទាប់ពីភាពតានតឹងខ្លាំងរវាងរដ្ឋាភិបាលចិន ជាមួយប្រជាជនទីបេ​នៅឆ្នាំ ២០១០ កន្លងទៅ។ មិនតែប៉ុណ្ណោះលោក អូបាម៉ា ក៏ច្រានចោលទាំងស្រុងចំពោះការចោទរបស់​រដ្ឋាបាល​ចិន ដែលថាជំនួបរបស់លោកជាមួយសម្តេចសង្ឃ ឡាម៉ា មានរបៀបវារៈ រៀបចំផែនការផ្តាច់ទឹកដីទីបេ​ពី​ប្រទេស​ចិន។

បើទោះបីជាបែបនេះក្តី ក៏រដ្ឋាភិបាលក្រុងប៉េកាំងមិនបានសប្បាយចិត្ត ចំពោះជំនួបនេះដែរ ដោយកាលពីថ្ងៃសុក្រ​ដដែល​ នៅមុនជំនួបរវាងអ្នកទាំងពីរ ចិនបានសម្តែងការខឹងសម្បារខ្លាំងក្លាចំពោះអាមេរិក ដោយទាមទារឲ្យលោក អូបាម៉ា លុបចោលជំនួបនេះជាបន្ទាន់។ សម្រាប់រដ្ឋអំណាចចិន ជំនួបរវាងលោកអូបាម៉ា ជាមួយសម្តេចសង្ឃ ដាឡៃ ឡាម៉ា នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មើលមុខគ្នាមិនចំ។ មិនតែប៉ុណ្ណោះ អាមេរិកកំពុងតែរំលោភលើ​ច្បាប់អន្តរជាតិ ដោយចូលជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន ក្រោយពីជំនួបរវាងអ្នកទាំងពីរ ប្រទេសចិនកាន់តែក្តៅក្រហាយ​នឹង​អាមេរិកខ្លាំងឡើង ចំពោះទង្វើផ្គឺនរបស់លោក អូបាម៉ា។ អនុរដ្ឋមន្រ្តីការបរទេសចិនលោ ស៊ាង យេស៊ុយ (Zhang Yesui) បានកោះហៅមន្រ្តីទូតអាមេរិកប្រចាំទីក្រុងប៉េកាំងជាបន្ទាន់ ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរបស់លោក អូបាម៉ា។ ចិនបានចាត់ទុកសកម្មភាពរបស់លោក អូបាម៉ា ពេលនេះ នឹងធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ធ្ងន់ធ្ងរ​រវាងប្រទេសទាំងពីរ។ ម្យ៉ាងទៀតបញ្ហាទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលអាមេរិកមិនត្រូវលុកដៃចូលនោះទេ។

ទន្ទឹមនឹងការចោទប្រកាន់របស់ចិននេះ ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) បានដកស្រង់សម្តីរបស់​មន្រ្តីជាន់ខ្ពស់តំណាងឲ្យប្រជាជនទីបេ លោក លូបសាន សាំងហ្កៃ ( Lobsang Sangay ) ដែលបានចេញមុខ​បដិសេធថា នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីអាមេរិក សម្តេចសង្ឃ ដាឡៃ ឡាម៉ា មិនបានយករបៀបវារៈ​ទាមទារផ្តាច់ទឹកដីជជែកជាមួយលោក អូបាម៉ានោះទេ ។ ជំនួបនេះ គ្រាន់បង្ហាញពីការលើកទឹកចិត្តចំពោះការតស៊ូ​របស់ជនជាតិទីបេកន្លងមក ដែលត្រូវបានមេដឹកនាំប្រទេសមហាអំណាចទទួលស្គាល់។ ការតស៊ូរបស់​ជនជាតិទីបេ​ប្រឆាំងនឹងប្រទេសចិន ភាគច្រើនធ្វើឡើងតាមរយៈការដុតខ្លួន។ មកទល់ពលនេះ យ៉ាងហោចណាស់ក៏មានជនជាតិ​ទីបេចំនួន ១២០ នាក់ ដែលភាគច្រើនជាព្រះសង្ឃ បានដុតសម្លាប់ខ្លួន។

សូមជម្រាបថា នៅក្នុងក្រសែភ្នែករបស់រដ្ឋអំណាចក្រុងប៉េកាំង សម្តេចសង្ឃ ដាឡៃ ឡាម៉ា គឺជាមេមហន្តរាយ​មួយ​ដ៏មហិមា ដែលចិនត្រូវតែកំចាត់ចោល។ មិនមែនតែជួបជាមួយលោក អូបាម៉ា នោះទេ ដែលចិនមិនពេញចិត្ត ពោល​គឺនៅគ្រប់មេដឹកនាំពិភពលោកទាំងអស់ ចិនមិនចង់ឲ្យជួបសម្តេចសង្ឃ ដាឡៃ ឡាម៉ា នោះឡើយ។ រដ្ឋអំណាចចិន​បានចាត់ទុកសម្តចសង្ឃ ដាឡៃ ឡាម៉ា គឺជា«ឆ្កែចចក ពាក់ស្បែកជៀម» (wolf in sheep's clothing)៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...