ឈាង វុន៖ ធុងសម្រាមក្នុងរដ្ឋសភា ត្រូវលាងសំអាត
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 12, 2014
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសន្និសិទ្ធិសារព័ត៌មាន នាថ្ងៃទី១១ ខែវិច្ឆិកានេះ ប្រធានគណៈកម្មការកិច្ចការបរទេស និងព័ត៌មានរបស់រដ្ឋសភា លោក ឈាង វុន បានបង្ហាញថា បុគ្គលិករដ្ឋសភាបច្ចុប្បន្នជាងមួយពាន់នាក់។ លោកចាត់ទុកថា នេះជាចំនួនដ៏ច្រើន ដែលជាកង្វល់ធំរបស់រដ្ឋសភា ត្រូវធ្វើការដោះស្រាយជាថ្មី។
រដ្ឋសភាមានគោលនយោបាយ ផ្តល់ប្រាក់លើកទឹកចិត្ត អ្នកដែលអសកម្មមួយចំនួន ហើយស្ម័គ្រចិត្តចេញ និងអ្នកដែលត្រូវចូលនិវត្តន៍ ពិសេសកាត់បន្ថយមន្ត្រីមួយចំនួន ដែលមិនមកធ្វើការទៀងទាត់តាមតួនាទីខ្លួន។ តំណាងរាស្ត្រមណ្ឌលបាត់ដំបងមកពីគណបក្សកាន់អំណាចរូបនេះបានបន្តថា លោកនឹងប្រើប្រាស់រូបមន្តផ្តល់ប្រាក់បៀវត្សរ៍៨០% ក្នុងរយៈពេល១០ខែ ដូចក្នុងអាណត្តិទី៤ រដ្ឋសភាក៏បានជម្រុះបុគ្គលិកប្រមាណជាង២០០នាក់ចេញពីរដ្ឋសភា។
មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនរូបនេះ បានបន្ថែមថា លោកបានស្នើទៅ ប្រធាននាយកដ្ឋានបុគ្គលិកនិង ស្នើទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឲ្យដាក់ចេញនូវគម្រោង និងផែនការច្បាស់លាស់មួយ ដើម្បីធ្វើការជំរឿន អ្នកដែលអាច ឬមិនងាចធ្វើការបាន និងអ្នកដែលត្រូវចូលនិវត្តជាដើម។
«គោលដៅរបស់យើង គឺការឯកភាពជាតិ ការបង្រួបបង្រួមជាតិ។ ដំណាក់កាលហ្នឹង រដ្ឋសភា របស់យើងទទួលបន្ទុកធ្ងន់ណាស់។ ឥឡូវយើងចូលដល់ដំណាក់កាលមួយតម្លាភាព មន្ត្រីរាជការនៅក្នុងស្ថាប័ននីមួយៗ។ អីចឹងហើយយើងត្រូវមានផែនការកាត់បន្ថយ ថាត្រូវធ្វើយ៉ាងម៉េច?។» នេះជាការបញ្ជាក់របស់លោក ឈាង វុន។
លោក ឈាង វុន បានទទួលស្គាល់ថា រដ្ឋសភាកម្ពុជាបច្ចុប្បន្ន ជា«ធុង»សម្រាមមួយដ៏ធំជាងគេនៅកម្ពុជា។ លោកថា ធុងសម្រាមនេះ ត្រូវដល់ពេលដែលលោកសម្អាតហើយ។ លោកសន្យាថា និងសំអាតលើមន្រ្តីនៃរដ្ឋសភាទាំងអស់ណាដែលធ្លាប់តែបំរើ«បក្សពួក និងគ្រួសារនិយម» មកជាមន្រ្តីរដ្ឋសភាជាតិ ដែលបំរើប្រជាពលរដ្ឋវិញ។
សូមបញ្ជាក់ថា ការប្រកាសធ្វើជំរឿនជម្រុះបុគ្គលិកនេះ ស្របពេលតំណាងរាស្ត្រសភាគណបក្សប្រឆាំងលោក សុន ឆ័យ បានដាក់លិខិតទៅប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ ឲ្យបើកការស៊ើបអង្កេតរឿងបុគ្គលិក ដ៏ច្រើនលើសលុប និងបក្ខពួកនិយម និងអំពើពុករលួយក្នុងសភា៕