មន្ត្រី​សង្ឃ​ស្រុក​រំដួល​រង​ការ​ចោទ​ថា ដក​តំណែង​ចៅ​អធិការ​ព្រោះ​«នយោបាយ»

ប្រធានមន្ទីរធម្មការខេត្តស្វាយរៀង បានកោះនិមន្តព្រះសង្ឃ អ៊ិន ពុទ្ធី មកបំភ្លឺ ដែលមន្ត្រីធម្មការស្រុក និងអាជ្ញាធរឃុំ​បាន​ចោទ​ប្រកាន់ ដែលឈានដល់ការទម្លាក់ តំណែងជាចៅអធិការវត្ត។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២១ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 23, 2014
  • ប្រធានបទ: វត្តជ័យមុនី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីសង្ឃខេត្តស្វាយរៀង បាន​ចេញ​លិខិត​ទម្លាក់​ចៅ​អធិការ​វត្ត ជ័យ​មុនី ស្ថិត​ក្នុង​ភូមិ​ម៉ឺនជ័យ ឃុំ​ម៉ឺនជ័យ ស្រុក​រំដួល ខេត្ត​ស្វាយរៀង​ចេញ​ពី​តំណែង ដោយ​ឈរ​លើ​ការ​ចោទ​ប្រកាន់​បួន​ចំនុច ទាក់​ទង​ទៅ​នឹង ការ​មិន​ទទួល​គិត​គូរ​ពី​ការងារ​ក្នុង​វត្ត ជំទាស់​ទៅ​នឹង​ការ​ជីក​ប្រឡាយ​ទឹក របស់​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក​រំដួល ជំទាស់​ការ​កសាង​សមិទ្ធិផល​ក្នុង​វត្ត និង​មិន​មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​មន្ត្រី​សង្ឃ​ថ្នាក់​ស្រុក។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ទាំង​បួន​នេះ ត្រូវ​បាន​ព្រះ​សង្ឃ អ៊ិន ពុទ្ធី ច្រាន​ចោល។

ព្រះសង្ឃ អ៊ិន ពុទ្ធី បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ការ​ចោទ​ប្រកាន់​នេះ ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ព្រោះ​ថា​កន្លង​មក ព្រះ​អង្គ​បាន​ជួយ​ប្រជា​ពលរដ្ឋ​ជា​ច្រើន ទាក់​ទង​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ដែល​កសាង​ប្រឡាយ​ទឹក​មាន​ការ​ប៉ះ​ពាល់ ដល់​ដី​ស្រែ​ចំការ​របស់​ប្រជា​ពលរដ្ឋ ហើយ​មិន​ផ្តល់​ជា​សំណង​សមរម្យ​នោះ។ ព្រះ​តេជគុណ​បាន​បន្ត​ទៀត​ថា ព្រះ​អង្គ​ធ្លាប់​បាន​ជួយ​រក​អង្គការ​មួយ ឲ្យ​មក​ជួយ​ដោះ​ស្រាយ​ការ​កសាង​ប្រឡាយ​ទឹក ដែល​មាន​ការ​ប៉ះ​ពាល់ ដល់​ដី​ស្រែ​ចំការ​របស់​ប្រជា​ពលរដ្ឋ។

ជុំវិញការចោទប្រកាន់ ថាព្រះអង្គបានបង្អាក់ការកសាងសមទ្ធិផងក្នុងវត្តវិញ ព្រះតេជគុណបានអះអាងថា ជា​ការនិយាយបំផ្លើសខុសការពិត។ ព្រះអង្គមានសង្ឃដីកាថា សព្វថ្ងៃព្រះអង្គកំពុងតែដឹកនាំពុទ្ធបរិស័ទ្ធ កសាង​វត្ត​អារាមមួយនេះ។ ហើយការកោះនិមន្តទៅសួរនាំ នៅមន្ទីរធម្មការកាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងមកនេះ មិន​បានសង្កត់ធ្ងន់ទៅលើករណីនេះទេ តែបានសួរនាំច្រើនទៅលើការជួយធ្វើអន្តរាគម ប្រជាពលរដ្ឋដែល​រងផល​ប៉ះពាល់ ពីការជីកប្រឡាយទឹករបស់រដ្ឋាភិបាលទៅវិញ។

ចៅអធិការវត្ត ជ័យ​មុនី អង្គនេះ បានលើកឡើងពីការលួចបង្ហើបប្រាប់ របស់មន្ត្រីនៅមន្ទីរធម្មការ បន្ទាប់ពី​អង្គ​ប្រជុំបានបិទបញ្ចប់ថា ការកោះនិមន្តព្រះអង្គចូលទៅនោះ មានទាក់ទងនឹងការចូលរួមសកម្មភាពសង្គម នា​ពេលកន្លងមក និងបានបញ្ជាក់ប្រាប់ព្រះតេជគុណ មិនឲ្យធ្វើសកម្មភាពណា ដែលហួសពីវិន័យសង្ឃ។

ព្រះសង្ឃ អ៊ិន ពុទ្ធី បានអំពាវនាវឲ្យ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់ ជួយឃ្លំាមើល​ការដោះ​ស្រាយបញ្ហារបស់តេជគុណ និងចង់បញ្ចប់រឿងនេះ ឲ្យបានឆាប់។ ព្រះអង្គមានថេរដីការទៀតថា ប្រសិន​បើ​ការដោះស្រាយមិនមានភាពលំអៀង និងយុត្តិធម៌ ព្រះអង្គនឹងបញ្ចប់ត្រឹមនេះ។ ប៉ុន្តែប្រសិនបើមិនសមស្រប ទៅតាមអ្វីដែលព្រះតេជគុណអាចទទួលយកបានទេ នោះព្រះអង្គ នឹងដាក់ពាក្យបណ្តឹង ទៅថ្នាក់លើ​បន្ត​ទៀត។

ដោយឡែកខាងមន្ទីរធម្មការស្រុករំដួលវិញ ក៏បានរៀបចំកសាងសំនុំរឿងនេះ ឡើងទៅដោះស្រាយទៅ​ថ្នាក់​លើ​បន្តទៀតដែរ ដោយសារតែព្រះសង្ឃ អ៊ិន ពុទ្ធី មិនព្រមទទួលយកកំហុស និងការទម្លាក់ព្រះអង្គចេញ​ពី​តំណែងចៅអធិការវត្ត។ សួមបញ្ជាក់ដែរថា ការនិមន្តរបស់ព្រះសង្ឃ អ៊ិន ពុទ្ធី ទៅកាន់មន្ទីរធម្មការស្រុកនោះ ត្រូវបានហែរហមដោយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រមាណជា ២០ នាក់។ ក្រុមពលរដ្ឋ​ទាំង​នោះ បានសម្ដែងការមិនយល់ស្រប ទៅនឹងការចោទប្រកាន់របស់មន្រ្តីធម្មការស្រុក និងអាជ្ញាធរ​ឃុំនោះ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...