កែម ឡី៖ កែ​ទម្រង់ គ.ជ.ប និង​ចែក​អំណាច​គ្នា មិន​ផ្តល់​ប្រយោជន៍​ពិត​ដល់​ពលរដ្ឋ

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ គឺជា​ជំហានថ្មីមួយ នៃភាពជាប់គាំងនយោបាយនៅកម្ពុជា ដែលប្រជាពលរដ្ឋទូទៅចង់ឃើញ។ តែសម្រាប់អ្នក​វិភាគ​នយោបាយឯករាជ្យ បានលើកឡើងថា ការចរចាពីការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និង ការបែងចែកអំណាចនៅរដ្ឋសភា គឺជាសញ្ញាល្អមួយ ចំពោះវិបត្តិនយោបាយ តែវាមិនបានផ្តល់​ប្រយោជន៍​ពិត​ប្រាកដ និងយូរអង្វែងដល់ប្រជាពលរដ្ឋនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ គឺជា​ជំហានថ្មីមួយ នៃភាពជាប់គាំងនយោបាយនៅកម្ពុជា ដែលប្រជាពលរដ្ឋទូទៅចង់ឃើញ។ តែសម្រាប់អ្នក​វិភាគ​នយោបាយឯករាជ្យ បានលើកឡើងថា ការចរចាពីការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និង ការបែងចែកអំណាចនៅរដ្ឋសភា គឺជាសញ្ញាល្អមួយ ចំពោះវិបត្តិនយោបាយ តែវាមិនបានផ្តល់​ប្រយោជន៍​ពិត​ប្រាកដ និងយូរអង្វែងដល់ប្រជាពលរដ្ឋនោះទេ។


បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារ​អ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក កែម ឡី អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បាន​អត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៧ ខែកុម្ភៈ នេះថា បើគ្រាន់តែចរចាពិនិត្យ​មើលលើមុខ​តំណែងនៅរដ្ឋសភា នៅរដ្ឋាភិបាល និងការកែទម្រង់(គ.ជ.ប) ហើយបណ្តោយឲ្យការកែទម្រង់ពិតប្រាកដ ចំពោះ​បញ្ហាស្នូលជាច្រើន អត់ទៅមុខ នោះគឺជាការព្រួយបារម្ភ សម្រាប់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក កែម ឡី បន្ទាប់ពីគណបក្ស​ជាប់ឆ្នោតទាំង​ពីរ គ្រោងនឹងបើកការចរចានយោបាយជាថ្មី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ដើម្បីទម្លាយភាព​ជាប់គាំងផ្នែកនយោបាយ ក្រោយការបោះឆ្នោតខែកក្កដា​ដ៏​ប្រទាំង​ប្រទើស​។ គណបក្សទាំងពីរបានប្រកាន់ជំហររៀងៗខ្លួន មិនត្រឹមតែទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត ​ប៉ុណ្នោះទេ តែបានជ្រើសរើសវិធីដោះស្រាយ យកឈ្នះតែរៀងៗខ្លួន ទាំងនៅតាមដងផ្លូវ និងនៅលើតុចរចា បង្កឲ្យ​មានភាពជាប់គាំងខាងនយោបាយ រហូតមកទល់ពេលនេះ មានរយៈពេលជាង៦ខែហើយ។

អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា ដដែលនេះបន្តថា ក្រោយការចរចា បើទោះ​ជាគណៈបក្សសង្រ្គោះជាតិ មិនព្រមចូលរដ្ឋសភា ឬមិនមានការឯកភាពបោះឆ្នោតមុនអាណត្តិឡើងវិញក៏ដោយ ក៏​ការចរចារបស់គណបក្សទាំងពីរជាថ្មីនេះ មិនបរាជ័យទាំងស្រុងនោះទេ យ៉ាងហោចណាស់ក៏គណបក្សទាំងពីរនេះ បានផ្លាស់ប្តូរចំណុចនយោបាយគ្នាទៅវិញទៅមក និងឈានទៅមួយជំហានទៀត គឺការព្រមព្រៀងគ្នា លើការកែ​ទម្រង់​យន្តការបោះឆ្នោតជាដើម។

តែលោក កែម ឡី បញ្ជាក់ថា៖ «ការចរចាគួរផ្តោតសំខាន់ទៅលើ កំណែទម្រង់ និងយន្តការជាតិសំខាន់ៗ មានក្រុម​ប្រឹក្សាធម្មនុញ្ញ អង្គភាពប្រឆាំងអំពើពុករលួយ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ឧត្តមក្រុមប្រឹក្សាការពារជាតិ អាជ្ញាធរ​សាវនកម្មជាតិ បញ្ហាព្រំដែន ជនអន្តោប្រវេសន៍ យុវជនអត់ការងារធ្វើ កាត់បន្ថយភាពក្រីក្រ(...)។ ចរចាលើមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញ ឲ្យមានការបោះឆ្នោតមុនអាណត្តិ។ ចរចាលើចំណុចអស់ហ្នឹង និងត្រួតពិនិត្យការអនុវត្ត ជា​មួយ​គ្រប់​ភាគីដោយតម្លាភាព។ បញ្ហាអស់ហ្នឹងសំខាន់ សម្រាប់ប្រជាជន៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...