ប៉ារីស៖ មនុស្សរាប់ពាន់នាក់«កាន់ដៃបន្តគ្នា» ប្រឆាំងនុយក្លេអ៊ែរ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សរាប់ពាន់នាក់ រួមទាំងមនុស្សធម្មតា និងសកម្មជនផង បានណាត់ជួបគ្នានៅជុំវិញទីធ្លាសំខាន់ៗ ក្នុងទីក្រុងប៉ារីស និងកាន់ដៃគ្នាជាខ្សែរបន្ដៗ ដើម្បីទាមទារអោយមានការបញ្ឈប់អោយអស់ទៅ នូវ«កម្មវិធីនុយក្លេអ៊ែរ» ទាំងផ្នែកស៊ីវីល និងខាងយោធា។
ពួកគេសង្ឃឹមថា នឹងប្រមែប្រមូលគ្នាយ៉ាងហោចណាស់ មនុស្សជាង១០ពាន់នាក់ ដូចកាលពីឆ្នាំមុន។ ដោយមានការរៀបចំចាត់ចែង ពីបណ្ដាញ«ចេញពីនុយក្លេអ៊ែរ (Sortir du nucléaire)» នោះផង ក្រុមអ្នកស្មោះស្ម័គ្របានកំណត់យកថ្ងៃសៅរ៍ទី០៩ខែមិនា ដើម្បីធ្វើជា«ខ្សែរមនុស្សបណ្ដាក់» នៅ១៨កន្លែងខុសគ្នា ក្នុងទីក្រុងប៉ារីស។ បុព្វហេតុរបស់ពួកគេ «ទាមទារអោយបញ្ឈប់ទៅ នូវការផលិតអគ្គិសនី ដោយប្រើប្រាស់ថាមពលនុយក្លេអ៊ែរ» នៅក្នុងប្រទេសបារាំង។ ចលនានេះ បានកើតឡើង បន្ទាប់ពីមានគ្រោះមហន្តរាយដ៏ធំ នៃការផ្ទុះរោងចក្រអគ្គិសនីនុយក្លេអ៊ែរ នៅហ្វូគូស៊ីម៉ា (Fukushima) ប្រទេសជប៉ុន កាលពីពីរឆ្នាំមុន។
អ្នករៀបចំបានប្រកាសថា អ្នកចូលរួមមានចំនួន២០ពាន់នាក់ តែសម្រាប់អាជ្ញាធរ មានចំនួនតែ៤ពាន់នាក់ប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់បណ្ដាញ«ចេញពីនុយក្លេអ៊ែរ» លោកពីជែរីក ដុយផ្លូ (Pierric Duflos) បានអោយដឹងថា អ្នកមកចូលរួមតវ៉ា បានហ៊ំព័ទ្ធទីកន្លែងជាច្រើន ដែលមានអំណាច ទាក់ទងនឹងនុយក្លេអ៊ែរ ដូចជារដ្ឋសភា ព្រឹទ្ធសភា អាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ ការិយាល័យកណ្ដាលនៃអគ្គិសនីបារាំង និងមន្ទីក្រសួងជាច្រើន ដែលក្នុងនោះមានក្រសួងការពារជាតិ និងក្រសួងបរិដ្ឋាននោះជាដើម។ ពួកគេក៏បានធ្វើការហ៊ំព័ទ្ធផងដែរ ស្ថាប័នធនាគារជាច្រើន ដែលបានអនុញ្ញាតិអោយប្រើប្រាស់ថវិការបស់ខ្លួន សម្រាប់គម្រោងការទាំងនេះ។
កម្មវិធីនេះ រៀបចំឡើងសំដៅជាថ្មីទៀត អោយបញ្ចប់នូវរាល់កម្មវិធី នុយក្លេអ៊ែរ ទាំងស៊ីវិល និងយោធា ហើយបញ្ឈប់ទាំងស្រុង នូវរោងចក្រនុយក្លេអ៊ែរ ទាំងជាង៣០រោងចក្រ នៅក្នុងប្រទេសបារាំង។ សូមបញ្ជាក់ថា ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរចំនួនជាង២០ ក្នុងរោងចក្រមួយចំនួន មានវ័យចំណាស់ចាស់ៗណាស់ទៅហើយ។ គណបក្សបរិដ្ឋានរបស់បារាំង ដែលគាំទ្រយុទ្ធនាការកាន់ដៃជាខ្សែរនេះ បាននិយាយតាមអ្នកតំណាងរបស់ខ្លួន លោកដឺនីស ប៉ូប៉ាំង (Denis Baupin) យ៉ាងដូច្នេះថា «ពីរឆ្នាំក្រោយគ្រោះមហន្តរាយនៅហ្វូគូស៊ីម៉ា ប្រទេសបារាំងមិនបានទាញយកមេរៀនពីហេតុការណ៍នេះទេ»។
អ្នកគាំទ្រនឹង«ខ្សែរមនុស្សបណ្ដាក់»នេះ មានក្រុមអ្នកតំណាងរាស្ត្រឆ្វេងនិយម និងតំណាងពីខាងសមាគមប្រមាណជាជាង៣០ទៀត ដែលសុទ្ធសឹងតែធ្វើសកម្មភាពប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ។ សហជីបអ្នកធ្វើការផ្លូវដែក ក៏បានចូលរួមគាំទ្រកម្មវិធីនេះដែរ ដោយហេតុពួកគេមិនពេញចិត្ត នឹងការដឹកយកទៅចាក់ចោល នូវកាកសំណល់នុយក្លែអ៊ែរ ដោយប្រើ«រថភ្លើង»ជាមធ្យោបាយ៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ