រថយន្ដថ្មីៗ ដាក់តាំងពិព័រណ៍ នៅទីក្រុងហ្សឺណែវ (Suisse) ភាគបញ្ចប់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុងឱកាសតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដរចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។
កំពូលរថយន្ដ ឡំប៊រហ្គីនី វេណេណូ ធ្វើបុណ្យខួបកំណើតទី៥០ឆ្នាំរបស់ខ្លួន។
សម្រាប់ប្រភេទរថយន្ដ ផ្សេងៗទៀត សូមអាន នៅក្នុងភាគទីមួយដែលបានផ្សាយរួចហើយ។ សូមបញ្ជាក់ថាតម្លៃ នឹងផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។
- សហគ្រាសចិនដែលទើបនឹងបង្កើតក្នុងឆ្នាំ២០០៧ បានបញ្ចេញមកតាំងនឹងគេដែរ នូវរថយន្ដមួយឈ្មោះ កូរ៉ូស៣ (Qoros 3)។ ជាប្រភេទរថយន្ដតូច ដែលយកគំរូតាមសឹងតែទាំងស្រុង រថយន្ដដ៏ទំនើបរបស់អាឡឺម៉ង់ ហើយត្រូវបានសហគ្រាសយកចូល មកប្រលូកជាលើកដំបូង ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។ រថយន្ដកូរ៉ូស៣ នឹងចេញមកដាក់លក់នៅត្រីមាសទី២នៃឆ្នាំ២០១៣នេះ នៅក្នុងប្រទេសចិន ហើយនឹងត្រៀមយកមកលក់ក្នុងទ្វីបអ៊ឺរ៉ុប ពេលក្រោយមកទៀត ជាមួយនឹងតម្លៃ១៨០០០អ៊ឺរ៉ូ។
- ម៉ែរស៊ឺដេស អា៤៥ អាអ៊ឹមហ្សេ (Mercedes A45 AMG) ជាប្រភេទរថយន្ដកីឡា ដែលដាក់រចនារូបរាង បង្រួមមកយ៉ាងតូចច្រឡឺង។ កម្លាំងម៉ាស៊ីន ៣៦០ និងគុណភាពរបស់សហគ្រាសអាឡឺម៉ង បានធ្វើអោយអ្នកផងសម្លឹងឃើញថា វាជារថយន្ដកាត់គូថ ដែលមានសន្ទះខ្លាំងជាងគេទាំងអស់ ក្នុងពេលបច្ចុប្បន្ន។ តម្លៃ សុំលាក់សិន!
- ម៉ាក់ ឡារ៉េន ភី១ (McLaren P1) បន្ទាប់ពីចេញប្រភេទដូចគ្នាពណ៌ទឹកក្រូច នៅទីក្រុងប៉ារីសមក នេះជាប្រភេទកីឡាពណ៌លឿង៖ កម្លាំងម៉ាស៊ីន ៩១៦ អាចស្ទុះពីល្បឿន ០ ទៅដល់៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលតែ១៧វិនាទីប៉ុណ្ណោះ។ ល្បឿនលឿនបំផុត ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ដនេះ ត្រូវបានផលិតចេញមកលក់តែ៣៥០គ្រឿងប៉ុណ្ណោះ ហើយក្នុងមួយគ្រឿងៗ ថ្លៃ១លានដុល្លា។
- រថយន្ដអ៊ីតាលី ម៉ាស៊េរ៉ាទី ហ្គ្រេន ទួរីស្មូរ អ៊ឹមសេ ស្ត្រាដាល់ (Maserati granTurismo MC Stradale) ដែលបានកែប្រែរថយន្ដដ៏ទំនើបចេញមុនរបស់ខ្លួន យកមកកាត់ធ្វើរថយន្ដកៅអីបួន តែរក្សាទុកនូវកម្លាំងម៉ាស៊ីន ៤៧០ ដែលអាចតម្លើងល្បឿនលឿនបំផុតបានដល់ ៣០៣គីឡូម៉ែត្រក្នុងមួយម៉ោង។
- កំពូលរថយន្ដ ឡំប៊រហ្គីនី វេណេណូ (Lamborghini Veneno) ត្រូវបានយកមកដាក់បង្ហាញ ដើម្បីចូលរួមក្នុងបុណ្យខួបកំណើតទី៥០ឆ្នាំ។ រថយន្ដនេះ មានកម្លាំងដល់ទៅ៧៤០ ហើយអាចសម្រេចល្បឿនបានភ្លាមៗ ដល់ទៅ៣៥៥គីឡូម៉ែត្រក្នុងមួយម៉ោង (ល្បឿងអាចតម្លើងពី០ ទៅដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង តែ២,៦វិនាទីប៉ុណ្ណោះ)។ រថយន្ដនេះ នឹងផលិតចេញតែបីគ្រឿងប៉ុណ្ណោះ ហើយមួយគ្រឿងលក់ចេញក្នុងតម្លៃ៣លានអ៊ឺរ៉ូ។
- រថយន្ដ ប៊េនធ្លៃ ហ្លៃយីង ស្ពួរ (Bentley Flying Spur) ចេញជាលើកទីពីរនេះ រថយន្ដបានបោះបង់ចោលឈ្មោះចាស់របស់វា៖ កុងទីណង់តាល់ (Continental) ដែលគេតែងតែចាត់ទុកថា ជាប្រភេទដែលមានថាមពលលឿន និងខ្លាំងរបស់ប៊េនធ្លៃ។ ម៉ាស៊ីន មានកម្លាំងរត់ ៦២៥ ដែលអាចកញ្ឆក់ល្បឿងបានដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង តែត្រឹម៤,៦វិនាទីប៉ុណ្ណោះ។ ល្បឿងអតិប្បរិម៉ា របស់វា គឺ៣២២គីឡូម៉ែត្រ ក្នុងមួយម៉ោង។
- រថយន្ដអ៊ីតាលី អាហ្វា រ៉ូម៉េអូ ៤សេ (Alfa Romeo 4C) ប្រភេទនេះ នឹងផលិតចេញតែ១០០០គ្រឿងប៉ុណ្ណោះ ក្នុងនោះ ៤០០គ្រឿងសម្រាប់ទ្វីបអ៊ឺរ៉ុប និងត្រូវចំណាយ ៦០ពាន់អ៊ឺរ៉ូ ដើម្បីទិញវា។
- រថយន្ដល្បីឈ្មោះ ហ្វេរ៉ារី (Ferrari) របស់អ៊ីតាលី ប្រភេទនេះ មានម៉ាស៊ីនរត់ដល់ទៅពីរ ហើយកញ្ឆក់ល្បឿនបាន ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង តែត្រឹម៨,៥វិនាទី។ ផលិតចេញតែ ៤៩៩គ្រឿង និងតម្លៃក្នុងមួយគ្រឿង១,២លានអ៊ឺរ៉ូ តែគួរអោយស្ដាយ ព្រោះវាមានគេទិញរួចអស់ទៅហើយ។
- រថយន្ដអាស្តុន ម៉ាតាំង រ៉ាពីដ ប៊ែរតូន (Aston Martin Rapide Bertone) របស់អ៊ីតាលី ត្រូវបានយកមកបង្ហាញក្នុងកម្មវិធីនេះដែរ ដើម្បីចូលរួមក្នុងខួបទី៦០ឆ្នាំ នៃកិច្ចសហការជាមួយ សហគ្រាសអង់គ្លេស។ រថយន្ដនេះ ជាប្រភេទរថយន្ដគ្មានពីរ ក្នុងលោក ព្រោះវានឹងផលិតចេញទៅតាមការបញ្ជាទិញ របស់អតិថិជនកំពូលអ្នកមានណា ដែលចង់ឆ្នៃប្រភេទតាមខ្លួនចង់ និងមិនចង់មានគូរប្រៀប។
- យើងបញ្ចប់ជាមួយ នឹងរថយន្ដបារាំង ស៊ីត្រូអេន សេ៣ (Citroën C3 HybridAir) ដែលបានរូបរាងសមញ្ញតូចគួរអោយស្រឡាញ់ និងមានបំពាក់ទៅដោយបច្ចេកវិទ្យាយ៉ាងទំនើបៗ។ តម្លៃ ... សុំលាក់សិន៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ