កាំជ្រួចលើវាលរាប៖ ហ្វឺណាន់ដូ អាឡុនសូ នឹងបញ្ចប់អាជីពជាមួយក្រុម ហ្វឺរ៉ារី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករប្រណាំងរថយន្ត F1 អេស្ប៉ាញ ហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) បាននិយាយថា គាត់នឹងបញ្ចប់អាជីពជាអ្នកប្រណាំងរថយន្ត នៅក្នុងក្រុម ហ្វឺរ៉ារី (Ferrari)។
ហ្វឺណាន់ដូ អាឡុនសូ កីឡាករប្រណាំងរថយន្ត F1 ជនជាតិអេស្ប៉ាញ។
មកដល់ឆ្នាំ២០១៣នេះ អាឡុនសូ បានបើកបរឲ្យក្រុម ហ្វឺរ៉ារី បាន៤រដូវកាលហើយ។ លោក ប្រធានក្រុមហ៊ុន ហ្វឺរ៉ារី លូកា ម៉ុងតេស្ស៊ីម៉ូឡូ (Luca Montezemolo) កាលពីពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងថា កិច្ចសន្យារបស់កីឡាករអេស្ប៉ាញ នៅមានរយះពេលវែង ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៥។
អាឡុនសូ បាននិយាយថា «ប្រាកដណាស់ ខ្ញុំចង់បញ្ចប់អាជីពខ្ញុំ ជាមួយនឹងក្រុម ហ្វឺរ៉ារី ព្រោះវាជាក្រុម ដែលល្អបំផុតមួយ នៅលើពិភពលោក ហើយដូចជាគ្មានក្រុមណាមួយ នៅលើក្រុមមួយនេះទេ»។
គួររំឮកថា អាឡុនសូ បានជួយឧបទ្ទវហេតុមួយ នៅក្នុងការប្រណាំងជុំទី១ នៅក្នុងប្រទេសម៉ាឡេស៊ី កន្លងមក ដែលធ្វើឲ្យគាត់មិនពេញចំពោះលទ្ធផល។ រថយន្តរបស់កីឡាកររូបនេះ បានរ៉េ ទៅប៉ះទង្គិចគ្នាជាមួយ នឹងរថយន្តអ្នកប្រណាំង រ៉េដប៊ុល (Red Bull) សេបាស្ទែន វីថែល (Sebastian Vettel)។ បន្ទាប់មករថយន្តរបស់ អាឡុនសូ ក៏មានការខូតខាតខ្លាំង នៅផ្នែកស្លាបឆ្វេង ហើយក៏មិនអាចបន្តការប្រកួតតទៅមុខទៀតបាន ដែលធ្វើឲ្យកីឡាកររូបនេះ បាត់បង់ពិន្ទុអស់យ៉ាងច្រើន។
កីឡាកររូបនេះ បាននិយាយថា «ដូចអ្នកទាំងអស់គ្នាបានឃើញហើយ វាពិតជាមិនគួរឲ្យជឿ ខ្ញុំមានសង្ឃឹមយ៉ាងខ្លាំងនៅមុនការប្រកួតបានចាប់ផ្តើម ប៉ុន្តែដោយសារតែសំណាងមិនល្អ ទើបជួបរឿងបែបនេះ។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ចំពោះហេតុការណ៏នេះ ហើយខ្ញុំសូមអភ័យទោស ដល់មិត្តរួមក្រុមទាំងអស់ និងលោកប្រធានក្រុមហ៊ុន ហ្វឺរ៉ារី។ »
អ្នកប្រណាំងវ័យ ៣១ឆ្នាំរូបនេះ បានបន្ថែមថា «ក្នុងករណីនេះ មានអ្នកប្រណាំងជាច្រើន ក៏បាននិយាយដែរថា បើសិនជាខ្ញុំមិនជួបរឿងដូច្នោះទេ ប្រហែលជាខ្ញុំមានឱកាសច្រើន ក្នុងការនាំមុខគេ នៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែហេតុការណ៏ ដែលបម្រុងនឹងកើតហើយ មិនអាចជៀសរួចទេ ដូច្នេះនេះជាមេរៀនសំរាប់ខ្ញុំ ដែលត្រូវតេជៀសវាង និងមានការប្រុងប្រយ័ត្នក្នុងពេលអនាគត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ