បាល់ទាត់៖ លូកាស បន្តកិច្ចសន្យាថ្មីរយះពេលវែង ជាមួយក្រុមលីវើភូល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ហង្សក្រហម លីវើភូល (Liverpool) បានប្រកាសឲ្យដឹងថា ខ្សែបម្រើការពារ លូកាស ឡេវ៉ា (Lucas Leiva) បានបន្តកិច្ចសន្យារបស់ខ្លួនថ្មីមួយ ក្នុងរយះពេលវែង នៅកីឡាដ្ឋាន អេនហ្វៀល (Anfield)។
ខ្សែបម្រើការពារ លូកាស ឡេវ៉ា របស់ក្រុមលីវើភូល។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានចូលលេងឲ្យហង្សក្រហមបាន ២០៨ប្រកួតហើយ គិតចាប់ពីការផ្ទេរមកពីក្រុម ក្រេមីអូ (Gremio) កាលពីខែកក្កដា ឆ្នាំ២០០៧។
លូកាស បានញ៉ាំញ៉ីនឹងបញ្ហារបួសយ៉ាងខ្លាំង ក្នុងរយះពេល២រដូវកាលចុងក្រោយ ហើយរដូវកាលនេះ ក៏ត្រូវអវត្តមានពីពាក់កណ្តាលខែសីហា ដល់ខែធ្នូរដែរ ដែលទើបតែអាចចូលលេងឲ្យក្រុមបាន ដោយសារតែបញ្ហារបួសភ្លៅ។
ការសំរេចចិត្តបន្តកិច្ចសន្យារបស់កីឡាករវ័យ ២៦ឆ្នាំរូបនេះ ជាមួយនឹងក្រុមលីវើភូល នឹងកាន់តែធ្វើឲ្យលោក ប្រេដិន រ៉ដចឺ (Brendan Rodgers) មានការសប្បាយចិត្ត ខណៈដែលគ្រូបង្វឹករូបនេះ កំពុងតែចង់រៀបចំក្រុម ឲ្យល្អឡើងវិញក្នុងពេលអនាគត។
លូកាស បានប្រាប់ដល់វ៊ែបសាយរបស់ក្លឹបថា «វាជាកិច្ចសន្យាមួយ ដែលមានរយះពេលវែង ដែលខ្ញុំបានចុះកិច្ចសន្យា ប៉ុន្តែវាមានអារម្មណ៏ដូចគ្នា ជាមួយនឹងពេលដែលខ្ញុំ ទើបតែមកដល់ទីនេះលើកដំបូង។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានលេងឲ្យក្លឹបនេះ។ ខ្ញុំនៅទីនេះ ព្រោះខ្ញុំចង់លេងឲ្យក្រុមមួយនេះ ដូច្នេះខ្ញុំពិតជារីករាយខ្លាំងណាស់ ហើយខ្ញុំនឹងបន្តនៅកីឡាដ្ឋានអេនហ្វៀល ពីរ ឬបីឆ្នាំទៅមុខទៀត។»
កីឡាកររូបនេះ បានបន្តថា «វាជាការសម្រេចចិត្តមួយ ដែលងាយស្រួល ព្រោះអស់ពេលជាយូរ ដែលខ្ញុំបានប្រកបអាជីពនៅទីនេះ ខ្ញុំបានផ្តល់អ្វីៗ ដែលល្អបំផុតជូនដល់ក្រុម។ វាមិនមែនជាការសម្រេចចិត្ត ដ៏លំបាកនោះទេ ហើយខ្ញុំសង្ឃឹមថា កំឡុងពេល ពីរ ឬបីឆ្នាំខាងមុខនេះ ក្រុមនឹងទទួលបានភាពជោគជ័យជាច្រើន។»
នាយកគ្រប់គ្រងក្លឹបលីវើភូល លោក អ៊ីយ៉ាន អាយរ៉េ (Ian Ayre) បានបន្ថែមថា «វាជារឿងមួយដ៏អស្ចារ្យ។ គាត់ហាក់ដូចជា ជាអ្នកជួយសង្គ្រោះក្លឹបយ៉ាងធំធេង ខណៈដែលក្រុមទាំងមូល កំពុងតែជួបវិបត្តិ។ កំឡុងពេលព្យាបាលរបួស របស់គាត់ គាត់បានជួយគាំទ្រក្លឹប ដោយមកជួយលើកទឹកចិត្តមិត្តរួមក្រុម តាមរយះការមកចូលរួមទស្សនាការប្រកួតផ្ទាល់ ហើយរូបគាត់ក៏ជាកីឡាករមួយរូប ដែលមានអ្នកគាំទ្រស្រលាញ់ច្រើនណាស់ដែរ។»
លោក អ៊ីយ៉ាន បានបន្តថា «គាត់កាន់តែ ខ្លាំងទៅ ខ្លាំងទៅ យើងពិតជាពេញចិត្តចំពោះរូបគាត់។ យើងបាននិយាយ កាលពីរដូវក្តៅមុនមកហើយថា យើងចង់រក្សារទុក កីឡាករល្អៗ និងកីឡាករដែលមានបទពិសោធន៏ របស់យើង ហើយនេះជាឧទាហរណ៏ជាក់ស្តែងមួយ។» លោក គ្រូបង្វឹកក៏បាននិយាយច្រើនដងដែរថា ទទឹមនឹងការមានកីឡាករក្មេងល្អៗ យើងចាំបាច់ត្រូវតែមានកីឡាករ ដែលមានបទពិសោធន៏។
បុរសវ័យ ៥០ឆ្នាំរូបនេះ បានបន្ថែមថា «គាត់បានប្រាប់ថា គាត់នៅក្មេងណាស់ ប៉ុន្តែយើងមើលឃើញថា ការលេងរបស់គាត់ និងបទពិសោធន៏របស់គាត់ ជាផ្នែកមួយ ដ៏សំខាន់បំផុត នៅក្នុងក្រុម ដែលមិនអាចខ្វះបាន»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ