មហាសង្ក្រាន្តឆ្នាំមមែ ពុទ្ធសករាជ២៥៥៩ គ្រិស្តសករាជ២០១៥
- ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ ៖ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី ១១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 12, 2015
- ប្រធានបទ: ទំនៀមទម្លាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សុភមស្តុ ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជព្រះសាសន អតិក្កន្តាកន្លងទៅហើយ បាន២៥៥៨ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំមមែ សប្ដស័ក តទៅ ចូលពុទ្ធសករាជ ២៥៥៩។ នឹងគណនាឆ្នាំមមែឥឡូវនេះ សង្ក្រាន្តចូលមក នៅថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០១៥ វេលាម៉ោង១៤ និង០២នាទី។
ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល មានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម រាគ្យសៈទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ ដោយសៀតផ្កាឈូក អាភរណៈទ្រង់ពាក់កែវ មនោរា ភក្សាហារទ្រង់សោយ លោហិត ព្រះហស្តស្ដាំទ្រង់ ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ ធ្នូ ទ្រង់គង់លើខ្នង អស្សតរ (សេះ) ជាពាហនៈ នាំអស់ទេវបុត្ត ទេពធីតា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលីនា ទីភ្នំកៃលាស ខេត្តហេមពាន្ត ជាទីតម្កល់ទុក នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី (២៤ម៉ោង)។
លុះដង្ហែគ្រប់តាមវេលាហើយ ក៏នាំយក ព្រះសិរសា កបិលមហាព្រហ្មនេះ ទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្ត ទេពធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរ ចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅ សមាទានរក្សាសីល ដោយសោមនស្សរីករាយ គ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្តនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឲ្យជ្រះស្រឡះហើយ ចម្រើននូវសិរីសួស្ដី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។
ថ្ងៃចូលឆ្នាំថ្មី ឬថ្ងៃមហាសង្ក្រាន្ត
- ថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៥ វេលាម៉ោង ១៤ និង០២នាទី ជាថ្ងៃចូលឆ្នាំមមែ សប្ដស័ក ជាថ្ងៃ មហាសង្ក្រាន្ត។
- ថ្ងៃពុធ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០១៥ ជា វរៈវ័នបត។
- ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០១៥ នៅវេលាម៉ោង១៨ និង២១នាទី ៣៦វិនាទី ជា វរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំមមែ សប្ដស័ក ចុល្លសករាជ១៣៧៧ និងមហាសករាជ១៩៣៧ តទៅ។
នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋ ប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្ត ទេពធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថិយ ជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ ឲ្យស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំ ឲ្យបានជាប់ជានិច្ច នោះទេវតា និងឲ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្ដាប់ទទួលទេវតា
រណ្ដាប់ទទួលទេវតា តាមទំនៀមទម្លាប់ ពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿង សក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ ធូប៥) លាជ៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
ស្រេចហើយ នៅវេលាម៉ោង ដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នាំគ្នានមស្សការ ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិត ទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរំឭក លុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមនៅក្នុងព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើ សម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម៣ ឬ៥មុខ ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើ គ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ។
ទំនាយប្រចាំថ្ងៃ
កេណ្ឌព្រះពិរុណសាស្ត្រ ឆ្នាំនេះ ភពអាទិត្យ ជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៣ បង្អុរទឹកភ្លៀង៤០០មេ ដែលចែកចេញជា៖
- ចក្រវាឡ ១៦០មេ
- ព្រៃហេមពាន្យ ១២០មេ
- មហាសមុទ្រ ៨០មេ
- និងជម្ពូទ្វីបមនុស្សលោកយើង មានចំនួន៤០មេ បណ្ដាលឲ្យមានទឹកភ្លៀង នៅដើមឆ្នាំ កណ្ដាល និងចុងឆ្នាំភ្លៀងស្មើល្អ។
- កេណ្ឌធារាទិគុណ ឆ្នាំនេះមានកេណ្ឌ ត្រូវត្រង់តេជោធាតុចុះ ទំនាយថា ភ្លើងកាចសាហាវជាងឆ្នាំកន្លងទៅ។
- ទំនាយទឹកទន្លេ ឆ្នាំនេះ ទំនាយអំពីទឹកទន្លេមានសំណល់៨ ទំនាយថាទឹកទន្លេមានជាមធ្យម មិនធំមិនតូច។
- កេណ្ឌធញ្ញាហារ ឆ្នាំនេះមានកេណ្ឌ (៣) មានឈ្មោះថា មជ្ឈិមា ទំនាយថា ស្រូវដំណាំស្រែចម្ការ នឹងបានផលពាក់កណ្ដាល ខូចខាតអស់ពាក់កណ្ដាលភោជនាហារបានផលជាមធ្យម។ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះទុក្ខខ្លះស្មើគ្នា។
- ទំនាយការធ្វើស្រែ ទំនាយកេណ្ឌ ការធ្វើស្រែមានសេស២ ទំនាយថា ស្រែទំនាប និងស្រែដីទួល បានផលល្អដូចគ្នា ទាំងពីរយ៉ាង។
- កេណ្ឌព្រឹក្សា ឆ្នាំនេះត្រូវចំសេស២ ត្រូវត្រង់ ដើមល្វា ជាស្ដេច មានទំនាយ មនុស្សផងទាំងឡាយ មានសេចក្ដីសុខក្សេមក្សាន្ត។
- កេណ្ឌព្រះអាទិត្យ ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះដំរី ទំនាយថា ភ្លៀងកាចសាហាវ ស្រុកនាម នាគធ្វើយុទ្ធសង្គ្រាម និងស្រុកនាមគ្រុឌ និងនាមកណ្ដុរ៕