ក្រុមបាល់ទាត់ប៉ារីស បានឈ្នះពានរង្វាន់សហព័ន្ធ ប្រចាំឆ្នាំ២០១៥
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 12, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទល់នឹងក្រុមគូប្រជែង ដែលមកពីក្រុង បាស៊ីយ៉ា (Bastia) នៃកោះ គក្ស៍ (Cors) ផ្នែកខាងត្បូង របស់ប្រទេសបារាំង ក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (PSG) ប្រចាំរដ្ឋធានីប៉ារីស បានឈ្នះដោយមិនសូវប្រឹង បន្ទាប់ពីអាជ្ញាកណ្ដាល ដកកាតក្រហម បណ្ដេញកីឡាករ របស់ក្រុមបាស៊ីយ៉ា មួយរូប នៅនាទីទី២១ ដែលបានបើកផ្លូវ ឲ្យកីឡាករអន្តរជាតិ មកពីប្រទេសស៊ុយអែដ ស្លាតាន អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) ទាល់បាល់ពិន័យ ១១ម៉ែត្រ យកពិន្ទុនាំមុខ១គ្រាប់ ឲ្យក្រុមខ្លួន។
នេះជាការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ យប់ម្សិលម៉ិញ ដើម្បីដណ្ដើមពានរង្វាន់សហព័ន្ធ ប្រចាំឆ្នាំ (League cup 2015) ដែលបានប្រព្រឹត្តិទៅ នៅក្នុងពហុកីឡាដ្ឋាន ស្ដាតឌឺហ្វ្រង់ (Stade de France) ស្ថិតក្នុងតំបន់ជាយរដ្ឋធានីប៉ារីស ប្រទេសបារាំង។
កីឡាករអន្តរជាតិ ស្លាតាន ដដែល ក៏បានរកគ្រាប់បាល់ បន្ថែមមួយគ្រាប់ទៀត នៅនាទីទី៤១ ដែលធ្វើឲ្យក្រុមប៉ារីស បានឈ្នះ២ទល់នឹងសូន្យ មុននឹងវគ្គពាក់កណ្ដាលម៉ោងដំបូង បានបញ្ចប់។ ត្រឡប់ចូលមកប្រកួត នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមបាស៊ីយ៉ា ដែលមានចំនួនត្រឹមតែ ១០នាក់ មិនអាចរើបម្រាស់ ដើម្បីយកពិន្ទុទល់នឹងក្រុមប៉ារីស ដែលបានរៀបចំយ៉ាងមាំ ទាំងខ្សែការពារ បម្រើ និងខ្សែប្រយុទ្ធនោះឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមប៉ារីស មានកីឡាករអន្តរជាតិ ចំណានៗជាច្រើន ដែលត្រូវបានផ្លាស់ប្ដូរ ឲ្យចូលមកទាត់ និងចូលមកប្ដូរបច្ចេកទេសទាត់ នោះទៀត។
ការផ្លាស់ប្ដូរនេះហើយ ដែលបានធ្វើឲ្យក្រុមប៉ារីស រកគ្រាប់បាល់បានពីរគ្រាប់ទៀត នៅនាទី ទី៨០ និងនាទី ទី៩០+២ ដោយកីឡាករអន្តរជាតិ អេឌីសុន កាវ៉ានី (Edison Cavani) មកពីប្រទេសអ៊ុយរ៉ាហ្គាយ។ ជាជ័យជំនះលើកទី៥ របស់ក្រុមប៉ារីស ដែលទទួលបានពានរង្វាន់ សហព័ន្ធប្រចាំឆ្នាំដូច្នេះ។ ហើយជ័យជំនះ សម្រាប់ឆ្នាំ២០១៥នេះ ក៏បានជួយឲ្យក្រុមប៉ារីស អាចបង្កលំនឹងចិត្តរបស់ខ្លួន ដើម្បីនឹងទៅជួបជាមួយក្រុម បាសឺឡូន ដ៏ខ្លាំងក្លា របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធខាងមុខនេះ សម្រាប់ក្របខណ្ឌ នៃការប្រកួតដណ្ដើម ពានរង្វានជើងឯកអ៊ឺរ៉ុបប្រចាំឆ្នាំ ឆាមភៀន លីក (Champions Leagues)៕