ចំណូលក្រុមហ៊ុនអ័បផលធ្លាក់ចុះ ១៨% តែការលក់ផលិតផលនៅតែខ្លាំង
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនអ័បផល (Apple) បានប្រកាសឲ្យដឹងថា ចំណូលរបស់ពួកគេមានការកើនឡើង ជាងការរំពឹងទុក នៅក្នុងត្រីមាសទី២នេះ។ បុន្តែបើធៀបទៅនឹងឆ្នាំមុន វាមានការធ្លាក់ចុះ ១៨%។
សេចក្តីរាយការណ៏មួយ បាននិយាយថា ក្រុមហ៊ុនអ័បផល បានទទួលចំណូលប្រមាណ ៩,៥ពាន់លានដុល្លា ទៅលើផលិតផលលក់សរុបអស់ ៤៣,៦ពាន់លានដុល្លា។ នោះជាគោលដៅដ៏ត្រឹមត្រូវមួយ ទៅតាមអ្វីៗ ដែលក្រុមហ៊ុនរំពឹងទុក និងគិតថា នឹងអាចទទួលបានចំណូលពី ៩,២៣ទៅ ១០,២៣ពានលានដុល្លា ក្នុងការលក់អស់ពី ៤១ទៅ ៤៣ពាន់លានដុល្លា។
ប៉ុន្តែបើធ្វើការប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុនអ័បផល ទទួលបានចំណូល ១១,៦ពាន់លានដុល្លា ក្នុងការលក់អស់ ៣៩,២ពានលានដុល្លា។ ប៉ុន្តែឆ្នាំនេះ ការលក់ចេញនូវផលិតផល អាយហ្វូន (iPhone) និងអាយផេដ (iPad) លក់ដាច់រហូតដល់ ១៥១% ខណៈពេលដែលឆ្នាំមុន លក់បានត្រឹមតែ ៨៨%។
នាយកប្រតិបត្តិក្រុមហ៊ុនអ័បផល លោក ធីម ឃូក (Tim Cook) បាននិយាយថា «យើងសង្ឃឹមថា ផលចំណេញរបស់យើង នឹងមានការកើនឡើងបន្ថែមទៀត ហើយការលក់នូវផលិតផល អាយហ្វូន និងអាយផេដ ឲ្យកាន់តែលក់ដាច់ខ្លាំងឡើងៗថែមទៀត។ ក្រុមការងាររបស់យើង កំពុងតែខិតខំធ្វើការងារយ៉ាងខ្លាំង ក្នុងការឆ្នៃប្រឌិតនូវរូបរាង្គ កម្មវិធី និងសេវាកម្មថ្មីៗ ជូនដល់អ្នកប្រើប្រាស់របស់យើងទាំងអស់គ្នា។»
លោក ឃូក បានបន្តទៀតថា «យើងបានលក់អាយផេដ ជិត២០លានគ្រឿង ហើយយើងជឿថាចំនួនតម្រូវការ ថេប្លិត (tablets) មានច្រើនជាង ម៉ែក (Mac)។ ប៉ុន្តែយើងនឹងធ្វើឲ្យកុំព្យូទ័រ មានភាពកាន់តែសម្បូរបែបថែមទៀត និងបន្ថែមមុខងារជាច្រើនទៀតផងដែរ។
សំរាប់ត្រីមាសបន្ទាប់ ក្រុមហ៊ុនអ័បផល បានប្រាប់ឲ្យដឹងថា ពួកគេរំពឹងថា នឹងលក់ដាច់សរុបពី ៣៣,៥ពាន់លានដុល្លា ទៅ៣៥,៥ពាន់លានដុល្លា ហើយចំនួនភាគរយ នឹងមានការកើនឡើងចន្លោះពី ៣៦ទៅ ៣៧% គិតជាចំនួនមធ្យម។ ចំណែកឯកំរិតខ្ពស់បំផុតនោះ ពួកគេរំពឹងទុកថា នឹងលក់អស់ ៣៨,៦ពានលានដុល្លា ប្រមាណជា ៣៨,៦% នៃការកើនឡើង៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ