តើក្ដាបញ្ជា បានមកជំនួសឧស្សាហកម្មកុំព្យូទ័រ ដោយរបៀបណា?
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ប៊ិន បាចារិន (Ben Bajarin) ជាអ្នកវិភាគផ្នែកទីផ្សារ និងបច្ចេកវិទ្យា នៅស៊ីលីខន វ៉ាឡេ (Silicon Valley - ទីក្រុងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក) បានផ្សាយអត្ថបទមួយ ស្ដីពីការផ្លាស់ប្ដូរពីប្រព័ន្ធកំព្យូទ័រ មកជាក្ដាបញ្ជានេះ នៅលើទស្សនាវដ្ដីថែម៍ (Time) របស់អង់គ្លេស ហើយលោកបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំង ពីរាល់ការផ្លាស់ប្តូរទាំងនេះ។ មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ការវិភាគរបស់លោក មកជម្រាបជូនដូចតទៅ។
បច្ចេកវិទ្យា នៃ«ក្ដាបញ្ជា» សម្រាប់ប៉ះបញ្ជាលើតុ ដែលធ្វើអោយមនុស្សអាចប្រើប្រាស់ ជាកិច្ចប្រជុំ នៅជុំវិញវា។
បើយើងក្រឡេកទៅមើលឧស្សាហកម្មកុំព្យូទ័រ លោកប៊ិន អាចចង្អុលបង្ហាញពីការផ្លាស់ប្តូរច្រើនរាប់មិនអស់ ហើយការផ្លាស់ប្តូរទាំងនោះ វាជាគំរូរដែលធ្វើឲ្យយើងមានថ្ងៃនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើននៃការផ្លាស់ប្តូរនោះ យើងអាចដឹងថាមានការវិវត្តន៍ ច្រើនជាងបដិវត្តន៍ ហើយមិនត្រូវបានគេរកឃើញថា មានការឆាឆៅ ឬបង្អាក់ណាមួយទេ រហូតដល់ពេលឥឡូវ។ ឧស្សាហកម្មកុំព្យូទ័រ កំពុងតែប្រតិបត្តិតាម ពេលវេលាមួយ ក្នុងចំណោមពេលសំខាន់ៗទាំងអស់ នៃការផ្លាស់ប្តូរ ដែលយើងធ្លាប់បានឃើញ។
របាយការណ៍នៃឧស្សាហកម្មកុំព្យូទ័រ
ជារៀងរាល់ឆ្នាំ ឧស្សាហកម្មកុំព្យូទ័រ ដែលយើងអាចបែងចែកជាផ្នែកៗ ដោយរាប់បញ្ចូលទាំង កុំព្យូទ័រលើតុ (desktop) និងកុំព្យូទ័រយួរដៃ (notebook) មានការកើនឡើង ក្នុងការលក់ដាច់យ៉ាងខ្លាំង នៅជុំវិញពិភពលោក ។ វាបានកើនឡើង នៅគ្រប់ទីកន្លែងពី ៥ទៅ១២% ក្នុងកំឡុងពេល៥ឆ្នាំចុង ក្រោយនេះ ហើយជារៀងរាល់ថ្ងៃ វាកើនឡើង៣០%នៃឆ្នាំនីមួយៗ។ លោកប៊ិនគិតថា មនុស្សភាគច្រើនជឿថា ថ្ងៃណាមួយមនុស្សទាំងអស់ នៅលើពិភពលោក នឹងធ្វើជាម្ចាស់នៃកុំព្យូទ័រទាំងអស់នេះ។ បើយោងទៅតាមស្ថិតិកន្លងមក ឧស្សាហកម្មកុំព្យូទ័រ កំពុងតែមានការកើនឡើង ក្នុងការលក់ដាច់ពី ៣៨០លាន ទៅ៤០០លានគ្រឿង នៅទូទាំងពិភពលោក សំរាប់ពីរឆ្នាំនេះ។ ការជោគជ័យនេះ ជាគុណប្រយោជន៏របស់ កុំព្យូទ័រយួរដៃ (តំលៃទាប និងមានភាពងាយស្រួលក្នុងការបំលាស់ទី)។ ជាពិសេសទៅទៀត ការមកដល់នៃ កុំព្យូទ័រយួរដៃទំហំតូច (Netbook) ក៏មានការលក់ដាច់ច្រើនដែរ រហូតប្រមាណជា ៣០លានគ្រឿង នៅលើទីផ្សារ។
បន្ទាប់ពីអាយផេដ (iPad) បានបង្ហាញខ្លួន
ការមកដល់ដំបូងនៃ«ក្ដាបញ្ជាអាយផេដ» កាលពីពីរឆ្នាំមុន បានធ្វើឲ្យមានការធ្លាក់ចុះនៅថ្ងៃនេះ នៃកំណើនរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រ។ ឆ្នាំមុន ការលក់កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃមានការថយចុះពី ៥ទៅ៧ភាគរយ ប៉ុន្តែប្រហែលជាមួយភាគបួន នៃផលិតផលទាំងនោះ នៅមានចំនុចល្អ និងពិសេសរបស់វា។ បើយោងទៅតាមការស្ទង់មើល វិស្សមកាលឆ្នាំ ២០១២ ការលក់ចេញរបស់កុំព្យូទ័រ មានការថយចុះច្រើន ជាង ១០% នៅទូទាំងពិភពលោក។ ទាំងនេះជាលទ្ធផល ដែលមិនល្អប្រសើរទេ សំរាប់ឆ្នាំ២០១៣ ដូចដែលក្រុមវិភាគជាច្រើន បានធ្វើការព្យាករណ៏ទុកថា ឧស្សាកម្មកុំព្យូទ័រ នឹងជួបបញ្ហាអវិជ្ជមានម្តងទៀត។
មូលហេតុដែល«ក្ដាបញ្ជា» អាចធ្វើឲ្យកុំព្យូទ័រវិនាស
«ក្ដាបញ្ជា» មានភាពសាមញ្ញ នឹងមានរូបរាង្គស្តើង។ «ក្ដាបញ្ជា»អាចប្រតិបត្តិការអ្វីៗជាច្រើន ដែលកុំព្យូទ័រពុំមានដូច។ ទំរង់ មុខងាររបស់វា មានភាពគ្រប់គ្រាន់ ដែលបំរើឲ្យតំរូវការទីផ្សារការងារធំទូលាយ។ លោក ស្ទិវ ចប (Steve Jobs) ធ្លាប់បាននិយាយថា វាល្អបំផុត ក្នុងការដាក់ឲ្យដំណើរការ នៃក្ដាបញ្ជាអាយផេដ ព្រោះ «វាមានភាពស្និទ្ធស្នាល ហើយមានសមត្ថភាពជាងទូស័ព្ទ»។
ជឿឬមិនជឿ វាជាអ្វី ដែលទីផ្សារត្រូវការ។ ជាការពិតហើយ ដែលយើងធ្លាប់បានស្គាល់កុំព្យូទ័រ ទាំងកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ ថាធ្លាប់បានទទួលបានជោគជ័យ យ៉ាងធំធេង។ ប៉ុន្តែ តាំងពីពេល«ក្ដាបញ្ជា» ចេញមកនៅលើទីផ្សារ គេបានឃើញវា ថាមានលក្ខណះសាមញ្ញ ក្នុងការប្រើប្រាស់ ហើយត្រូវសមល្មម នឹងតំរូវការទីផ្សារក្នុងពេលបច្ចុប្បន្ន។
អតិថិជនជាច្រើន ដែលយើងធ្វើការសង្កេត និងសិក្សារស្រាវជ្រាវបានប្រាប់យើងថា «អាយផេដ» បានក្លាយជាគោលដៅរបស់ពួកគេ ហើយគ្រប់ផ្នែកទាំងអស់នៃ«អាយផេដ» ដែលពួកគេប្រើប្រាស់ជាការងារប្រចាំថ្ងៃ គឺវាដូចអ្វី ដែលមាននៅក្នុងកុំព្យូទ័រដែរ ដូចជាការបើកវែបសាយ ការត្រួតពិនិត្យសារអេឡិចត្រូនិច និងការប្រើប្រាស់សំខាន់ផ្សេងៗ ដូចយ៉ាងបណ្ដាញសង្គមហ្វេសបុក (Facebook) ជាដើម។ អតិថិជនរាប់រយលាននាក់ បានការលើកឡើង ពីអ្វីដែលពួកគេត្រូវការច្រើនឡើងៗនៅក្នុង«ក្ដាបញ្ជា» ហើយផ្ទុយទៅនឹងការប្រើប្រាស់កុំព្យូទ័រ ដែលកាន់តែតិចទៅៗ។
តែទោះជាយ៉ាងណាក៏ដោយ ក៏កុំព្យូទ័រនឹងមិនបាត់បង់រូបរាងទេ គ្រាន់តែកំព្យូទ័រ ត្រូវជ្រើសរើសផ្លូវដើរផ្សេងប៉ុណ្ណោះ។ មនុស្សភាគច្រើន អាចនឹងមិនចាំបាច់ តែក៏មានមួយចំនួនធំទៀតនៅចាំបាច់នៅឡើយ សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ ក្នុងការប្រើប្រាស់កំព្យូទ័រ។ ពិតណាស់ថា មានមួយចំណែកនៃទីផ្សារ ដែលនៅតែត្រូវការកុំព្យូទ័រ សំរាប់ធ្វើការងារ។
តែសម្រាប់អតិថិជនជាទូទៅ «ក្ដាបញ្ជា» បានកើនឡើងយ៉ាងឆាប់រហ័ស ហើយក៏មានតួនាទីច្រើន និងទំនាក់ទំនងយ៉ាងជិតស្និតជាមួយអ្នកប្រើប្រាស់វា ដែលឈានជើងបន្តិចម្ដង ដើរចេញពី«កុំព្យូទ័រ» បើទោះជាការផ្លាស់ប្ដូរនេះ មិនកើតឡើង ក្នុងអនាគតខ្លីខាងមុខក៏ដោយ។
ដូច្នេះតើយើងគួរសង្ឃឹមអ្វី ក្រៅពីនេះ?
នេះមិនមានន័យថាកុំព្យូទ័រ នឹងត្រូវបាត់បង់នោះទេ។ យើងក៏បានដឹងផងដែរថា អ្នកផលិតបានបន្ថែម នូវអ្វីដែលថ្មី និងមុខងារមួយចំនួនទៀត នៅក្នុងពេលកន្លងមកនេះ។ ក្រុមហ៊ុនជាច្រើន កំពុងតែខិតខំទាក់ទាញ ការយកចិត្តទុកដាក់ទៅលើកំព្យូទ័រវិញ ដោយគេបានបង្កើតរូបរាងកុំព្យូទ័រទាំងនោះ ឲ្យស្រដៀងទៅនឹង រូបរាង្គរបស់«ក្ដាបញ្ជា»ដែរ។ វាជាការបង្កើតឱកាស និងបន្ថែមការប្រកួតប្រជែង ប៉ុន្តែអ្នកផលិតកុំព្យូទ័រ គួរតែគិតពីអ្វីដែលថ្មី សម្រាប់ផលិតផលរបស់ពួកគេ។
លោកប៊ិន មិនគិតថា ពួកអ្នកផលិតកំព្យូទ័រ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យមានការកើនឡើង នៃទីផ្សាររបស់កុំព្យូទ័រទេ។ ណាមួយទៀត មនុស្សជាច្រើន ប្រើកុំព្យូទ័រក្នុងរយះ ពេលមួយដ៏វែង ដែលជាហេតុធ្វើអោយ ក្រុមហ៊ុនកុំព្យូទ័រមិនសូវមានចំណូល ដោយលក់ដាច់នូវផលិតផលរបស់ខ្លួនឡើយ។ ផ្ទុយមកវិញ តំរូវការនៃ«ក្ដាបញ្ជា» នឹងមានការកើនឡើង ដោយសារតែមានអតិថិជន ជាវញឹកញាប់ជាង។
អ្វីដែលយើងត្រូវសង្ឃឹមក្រៅពីនេះ ជាពិភពមួយ ក្នុងអនាគតកាល ដែលមាន«អេក្រង់»កាន់តែច្រើន។ សម័យកាលរបស់កុំព្យូទ័រ វាមានអេក្រង់ត្រឹមតែមួយប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ប្រហែលជាតម្រូវការច្រើនរបស់អតិថិជន អាចនឹងមាន«អេក្រង់ចំនួន ២, ៣ ឬ៤» នៅក្នុងការរស់នៅរាល់ថ្ងៃរបស់គេ ហើយពួកគេចង់ប្រើប្រាស់អេក្រង់ទាំងនេះ ដើម្បីជាដំណោះស្រាយ តាមបែបបច្ចេកវិទ្យាដោយឡែកៗពីគ្នា៕
...............................................................................
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ time.com
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ