ប្រព័ន្ធមេ«វីនដូវ៨»លក់មិនសូវដាច់៖ មីក្រូសូហ្វ៍ចោទអ្នកផលិតម៉ាស៊ីន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លទ្ធផលប្រចាំត្រីមាស របស់ក្រុមហ៊ុនមីក្រូសូហ្វ៍ បានបង្ហាញអោយឃើញពីភាពស្មើចុងស្មើដើម ខណៈពេលក្រុមហ៊ុននេះបានបញ្ចេញ «កម្មវិធីប្រព័ន្ធមេ វីនដូវ៨» មកលក់តាំងពីខែតុលាចុងឆ្នាំកន្លងទៅ។ ប្រព័ន្ធមេនៃវិស័យពត៌មានវិទ្យា ដែលនរណាៗក៏ស្គាល់ដែរនេះ បែរជាទទួលស្គាល់នូវភាពបរាជ័យ ជាងពេលណាៗទាំងអស់ ដោយបានលក់ដាច់នូវ សាលាកប័ត្របញ្ញានៃប្រព័ន្ធថ្មីនេះ បានត្រឹមតែ៦០លានតែប៉ុណ្ណោះ នៅក្នុងពិភពលោក។
ម៉ាស៊ីនដែលជាកំព្យូទ័រ និងជាក្ដាបញ្ជាផង របស់ក្រុមហ៊ុនសូនីជប៉ុន។
គេគួរតែដឹងថា អតិថិជនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនជាមានជម្រើសច្រើនឡើយ នៅពេលគេនិយាយពី«ប្រព័ន្ធមេ វីនដូវ៧ (Windows7)» កន្លងមក។ ដូច្នេះវាអាចជាមូលហេតុមួយ ដែលធ្វើអោយ ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទាំងនោះមានការធ្លាក់ចុះ នូវបំណងដែលចង់ងាកមកភ្លក្ស ប្រព័ន្ធថ្មីនេះ។ រីឯការផ្សាយពាណិជ្ជកម្ម យ៉ាងសន្ធឹកសន្ធាប់ របស់ក្រុមហ៊ុនមីក្រូសូហ្វ៍ (Microsoft) វិញ ក៏មិនបានជាធ្វើអោយ មានការប្រែប្រួលអ្វីខ្លាំងក្លានោះដែរ។
ទស្សនាវដ្ដី ឌឺរ៉ឺហ្សីស្ទើរ (The Register) របស់អង់គ្លេស បានបង្ហើបថា មីក្រូសូហ្វ៍ មិនញញើតញញើមនឹងរិះគន់ ពួកអ្នកផលិតម៉ាស៊ីន (PC) ដែលដើរជាមួយ «វីនដូវ» នោះឡើយ ព្រោះពួកគេបានធ្វើអោយមាន «ភាពយឺតយ៉ាវជ្រុល» ក្នុងដំណើរការផលិតឧបករណ៍ អោយបានត្រឹមត្រូវតាមកាលកំណត់។ «មីក្រូសូហ្វ៍ ក្ដៅក្រហាយខ្លាំង ទល់នឹងក្រុមហ៊ុនអ្នកផលិតម៉ាស៊ីនទាំងនោះ ដែលមិនបានអភិវឌ្ឍន៍អោយគ្រប់គ្រាន់ នូវផលិតផល ដែលប៉ះបញ្ជាតាមអេក្រង់បាន» នេះជាការអោយដឹងរបស់ប្រភពមួយ ស្និតនឹងសំនុំរឿង បញ្ជាក់ឡើងវិញដោយទស្សនាវដ្ដីអង់គ្លេស។
នៅប្រទេសបារាំង បើទោះជាមើលពីក្រៅ និងជាផ្លូវការ មានការឯកភាពគ្នារវាង ពួកអ្នកផលិតម៉ាស៊ីន និងម្ចាស់ប្រព័ន្ធមេនោះក៏ដោយ តែភាសានៅខាងក្រោយឆាក ក៏បានធ្លាយចេញអោយដឹង នូវរឿងដែលនឹកស្មានមិនដល់ដែរ។ ទស្សនាវដ្ដី ឡឺព័ង (Le Point) បានស្រង់សម្ដីរបស់មន្ត្រីអ្នកធ្វើការក្នុង ក្រុមហ៊ុនមីក្រូសូហ្វ៍ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដែលបាននិយាយរិះគន់ខ្លាំងៗ និងប្រហាក់ប្រហែលគ្នានេះ។ អ្នកទាំងនោះ បានបន្ថែមថា ជាពិសេសទៅទៀតនោះ គឺពួកអ្នកផលិតម៉ាស៊ីនទាំងអស់នេះ ត្រូវបានមីក្រូសូហ្វ៍ ចង្អុលប្រាប់ពីរបៀបរបបជាច្រើន យ៉ាងច្បាស់លាស់ តាំងពីដើមឆ្នាំ២០១២មក ដើម្បីត្រៀមបម្រុង នូវរាល់ផលិតផលដែលនឹងត្រូវមានដំណើរការជាមួយ វីនដូវ ៨។
យុទ្ធនាការថ្មី នៅថ្ងៃទី៩កុម្ភះ?
កង្វះកំព្យូទ័រដែលមានបច្ចេកវិទ្យា «ប៉ះបញ្ជាលើអេក្រង់» ជាបញ្ហាដ៏សំខាន់ជាងគេ ក្នុងពេលនេះ ព្រោះថា «កម្មវិធីថ្មី នៃប្រព័ន្ធមេ វីនដូវ៨» ត្រូវបានបង្កើតឡើង ដើម្បីដើរជាមួយ«ចង្អុលដៃ» តែមិនមែនជាមួយ កណ្ដុរនិងក្ដាវាយអក្សរនោះទេ។ តែគេបានទាយដឹងមុនរួចហើយ ថាម៉ាស៊ីនដែលនឹងប្រើបច្ចេកវិទ្យាថ្មី នឹងមិនទាន់ត្រៀមខ្លួនហើយគ្រប់គ្រាន់ទាន់ពេល សម្រាប់តម្រូវការនៃប្រព័ន្ធកម្មវិធីថ្មី របស់មីក្រូសូហ្វ៍នោះឡើយ។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រព័ន្ទកំព្យូទ័រ ឬប្រព័ន្ធក្តាបញ្ជា ជាច្រើនបានដាក់ចេញលក់ជាបណ្ដើរ នៅតាមទីផ្សារ ដែលបង្ហាញពីភាពខំប្រឹងស្វះស្វែង នៃក្រុមហ៊ុនផលិតម៉ាស៊ីន PC ជាច្រើននោះ។ នៅថ្ងៃទី៩ខែកុម្ភះខាងមុខ មីក្រូសូហ្វ៍ខ្លួនឯង ក៏នឹងដាក់មកលក់ក្នុងទីផ្សារដែរ នូវផលិតផលក្ដាបញ្ជាថ្មី «ស៊ៀហ្វេស ប្រូ (Surface Pro)» ដែលមើលទៅ ផលិតផលនេះទំនងជាអាចជួយជម្រុញបន្ថែមទៀត នូវយុទ្ធនាការទីផ្សាររបស់មីក្រូសូហ្វ៍ ក៏ដូចជាជួយដាស់អោយអ្នកផលិតម៉ាស៊ីន ងើបពីការរវើរវាយនោះផងដែរ៕
----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ