ព្រះកោដ្ឋ ព្រះបរមរតនកោដ្ឋ តម្កល់នៅព្រះទីនាំងមហាមន្ទីរ ក្នុងព្រះបរមរាជវាំង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះបរមអដ្ឋិ របស់ព្រះបរមរតនកោដ្ឋ ដែលបានរៀបចំក្នុងព្រះកោដ្ឋចំនួនបី ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រិយ ព្រះវររាជមាតាជាតិខ្មែរ បានយាងតម្កល់លើព្រះមហាបញ្ចាប្រាំបួនជាន់ ដង្ហែពីវាលព្រះមេរុ ចូលទៅតម្កល់ក្នុងព្រះវិហារព្រះកែវមរកត ព្រះបរមរាជវាំង។ តាមព្រះទីនាំងសុវណ្ណហង្ស អមដោយ ភ្លេងទ័ព ព្រះរាជវង្សានុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នាម៉ឺនសព្វមុខមន្ត្រី ទាហាន ស៊ីវិល មន្ត្រីកិត្តិយសនៅក្នុងវេទិកា រួមដង្ហែព្រះបរមអដ្ឋិនេះ។
ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះបរមរាជវាំង។ MONOROOM.info Photo/ O.Vary
មុនពេលដង្ហែព្រះកោដ្ឋព្រះបរមរតនកោដ្ឋ បាននិមន្តព្រះសង្ឃ ៩០ អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងតំណាងក្រុមបារគូម្នាក់ យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋចុះពីមហាបញ្ចា ដើម្បីគង់លើព្រះទីនាំងជាក្បូនចូលក្នុងព្រះបរមរាជវាំង។
ទាក់ទងនឹងព្រះរាជពិធីដង្ហែរនេះ ប្រធានក្រុមស្ថាបនិក នៃកេរដំណែលខ្មែរ លោកបណ្ឌិត ចិន្ត ចន័្ទរតនា បានប្រាប់មនោរម្យព័ងអាំងហ្វូថា ព្រះរាជពីធីនេះជាប្រពៃណីទំនៀមទំលាប់តាំងពីបុរាណ។ ហើយកាលនោះយើងទទួលឥទ្ធិពលពីវប្បធ៌មឥណ្ឌាដែលទាក់ទងទៅនឹងសព មានបួនករណី ទីមួយបូជា ទីពីបញ្ចុះ ទីបីបោះចោលក្នុងព្រៃឲ្យសត្វស៊ី និងទីបួនបណ្តែតសពចោលក្នុងទន្លេ ។ លោកបន្តថាប្រពៃណីទាំងនេះនៅស្រុកឥណ្ឌាគេបន្តធ្វើរហូតមកដល់សព្វថ្ងៃ តែសម្រាប់ប្រទេសកម្ពុជាវិញ ការបោះសពចោលក្នុងទន្លេឈប់មានហើយ តែនៅមានករណីបោះសពចោល ក្នុងព្រៃដោយគេមានជំនឿថា បើសត្វឆាប់ស៊ីដូនតានឹងឆាប់យោងកំណើតនៅឋានសុគតិភព តែបើសត្វអត់ស៊ីទេ មានន័យថាដូនតានៅមានកម្មជំពាក់នៅឋានមនុស្ស។
លោកបន្តថានៅសតវត្យទី១៩ បើយោងតាមឯកសារបារាំង នៅមានការបោះសពចោលក្នុងព្រៃនៅឡើយតែតិចតួច ចំពោះព្រះមហាក្សត្រវិញ គឺយកទៅថ្វាយព្រះភ្លើង មិនបញ្ចុះទេ។ ទាក់ទងនឹងឯកសារបញ្ជាក់លោកបន្តថា បានបាត់ឯកសារតាំងពីចុងសម័យអង្គរ រហូតដល់សតវត្យទី១៩ ទើបមានឯកសារទាំងនោះ ដោយចាប់ផ្តើមពីរាជព្រះបាទអង្គឌួង ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្តិ ព្រះបាទស៊ីសុវត្តិមុនីវង្ស ព្រះបាទសុរាមរិត និងរហូតមកដល់ព្រះបរមរតនកោដ្ឋ។
លោកបណ្ឌិតរួបនេះ បានបញ្ជាក់ថា «ព្រះរាជពិធីនេះ បន្តរតាំងពីបុរមបុរាណមក នៅតែរក្សាដដែល អត់មានការផ្លាស់ប្តូរអ្វីទេ» ហើយចំពោះប្រជាជនសាមញ្ញ មិនមានការហែរយ៉ាងដូច្នេះទេ នៅពេលបូជាហើយ គេរើសធាតុដាក់ក្នុងកោដ្ឋ នឹងទៅតម្កល់ក្នុងទីវត្តអារាម មិនដាក់ក្នុងផ្ទះទេ ដោយពួកគាត់យល់ថាធាតុនេះ បានបូជារួចហើយ និងមានភពពីរដោយឡែកពីគ្នា ភពអមនុស្ស និងភពមនុស្សមិនអាចនៅជាមួយគ្នាបានទេ ហើយពីធីនេះគេធ្វើទៅតាមលទ្ធភាពរបស់ពួកគាត់។
ក្នុងព្រះរាជពិធីដង្ហែរនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៩ និង ៥០នាទី ព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ត្រូវបានយាងតម្កល់ លើព្រះទីនាំងសុវណ្ណហង្ស ដង្ហែចេញពីវាលព្រះមេរុ បត់ឆ្វេងតាមផ្លូវសុធារស និងបត់ស្តាំតាមផ្លូវម៉ាកកាវ៉ានឆ្ពោះទៅមាត់ទន្លេ ដល់តីរវិថីព្រះស៊ីសុវត្ថិ ទើបបត់ស្តាំ ដង្ហែររហូតមកដល់មុខព្រះបរមរាជវាំងកែងនឹងផ្លូវពញាយ៉ាត ទើបបត់ស្តាំសំដៅ ទៅព្រះបរមរាជវាំងតែម្តង។
នេះជាកិច្ចបញ្ចប់គម្រប់ប្រាំពីថ្ងៃនៃព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ ចាប់ពីថ្ងៃដង្ហែព្រះបរមសព ពីព្រះបរមរាជវាំង កាលពីថ្ងៃទី១ កុម្ភៈ និងថ្វាយព្រះភ្លើង ព្រះបរមសព កាលពីថ្ងៃទី៤ កុម្ភៈ នេះ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ