កម្ពុជា៖ ដើម្បីមានសិទ្ធិទទួលបានព័ត៌មាន អ្នកសារព័ត៌មានត្រូវមាន«ប័ណ្ណពិសេស»?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់តាំងពីព្រះរាជពិធីដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋ ទៅតម្កល់នៅវាលព្រះមេរុ និងរហូតមកដល់ពេលដង្ហែរព្រះកោដ្ឋ ព្រះបរមរតនកោដ្ឋ មកតម្កល់នៅព្រះទីនាំងមហាមន្ទីរ ក្នុងព្រះបរមរាជវាំង គេសង្កេតឃើញថា អ្នកសារព័ត៌មានឯករាជ្យទាំងជាតិ និងអន្តជាតិ ត្រូវបានកងអង្គរក្ស និងកងកំលាំងផ្សេងទៀត ដែលតាមរក្សាសណ្ដាប់ធ្នាប់ក្បួនដង្ហែនោះ ធ្វើការឃាត់ឃាំង មិនឲ្យចូលយករូបភាពពីព្រះរាជពិធីនោះបានស្រួលឡើយ។ ប៉ុន្តែផ្ទុយទៅវិញ គេមើលឃើញថា អ្នកសារព័ត៌មានដែលមាននិន្នាការ បំរើឲ្យ«ប្រយាជន៍»រដ្ឋាភិបាល អាចចូលដោយសេរី។
ក្រុមអ្នកសារព័ត៌មាន ដែលគេអោយផ្នែកខាងក្រៅ ដើម្បីផ្ដិតយករូបភាពពីចម្ងាយ។ MONOROOM.info Photo/ O.Vary
ករណីនេះ លោក ថៃ នរសត្យា ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ថាជារឿងប្រវត្តិសាស្រ្ត និងជាបញ្ហាសន្តិសុខជាតិ សុវត្តិភាពរបស់បុគ្គលថ្នាក់ដឹកនាំជាតិ ដែលគប្បីធ្វើការត្រួតពិនិត្យ ដូច្នេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិត្រូវទៅសុំការអនុញ្ញាតិ ពីនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាព គេអនុញាតិតែអ្នកកាសែតណា ដែលគេស្គាល់តែប៉ុណ្ណោះ ព្រោះករណីនេះវាពាក់ពន្ធ័នឹង «ពេលវលា ទីកន្លែង បរិយាកាស ជាពិសេសសន្តិសុខ»។ ចំពោះលោក ប៉ែន បុណ្ណា សមាជិកគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា ក៏យល់ប្រហាក់ប្រហែលគ្នានេះដែរ តែលោកពន្យល់ថា «អ្នករៀបចំកម្មវិធីធ្វើយ៉ាងណា ឲ្យមានតម្លាភាពក្នុងការទទួលយកព័ត៌មាន ជាពិសេសរៀបឲ្យមានអ្នកនាំពាក្យ សំរាប់កម្មវិធីពិសេសណាមួយ ដែលមិនអនុញាតិឲ្យអ្នកសារព័ត៌មានចូល»។
ជាមួយគ្នានេះ លោក ជាង សុខា មកពីកាសែតភ្នំពេញប៉ុស្តិ៍ ក៏បានបង្ហាញថា នេះជាករណីពិសេស ដែលស្ថិតក្រោមការរៀបចំរបស់ និងចាត់ចែងនៃស្ថាប័នមួយ ដូច្នេះត្រូវតែមានការអនុញាតិពីស្ថាប័ននោះថែមទៀត ហើយករណីនេះមានតាំងពីយូរមកហើយ។
ចំពោះករណីដោយឡែក ស្តីពីសិទ្ធិចូលយកព័ត៌មាន របស់អ្នកសារព័ត៌មាន លោក ថៃ នរសត្យា បានលើកឡើងថា ទោះជាស្ថាប័នតូចក៏ដោយ ធំក៏ដោយ ជាស្ថាប័នកាសែតដូចគ្នាទេ ដោយបានប្រៀបធៀបថា «ប្រទេសតូចក៏ដោយ ធំក៏ដោយ ជាប្រទេសដូចតែគ្នា មានសមភាគី មានសិទ្ធិស្វយ័តភាព បូរណភាព ឯករាជភាព និងសិទ្ធិទទួលព័តមាន ផ្សព្វផ្សាយព័ត៌មាននិងផ្តល់ព័ត៌មាន ដូចប្រទេសធំដែរ»។ លោកបញ្ជាក់ថា នៅប្រទេសកម្ពុជា ដើមឡើយ ការសែតមានតែពីរឬបីប៉ុណ្ណោះ។ រហូតមកដល់ពេលនេះពួកគេបានបំបែកខ្លួន ហើយបង្កើតជាកាសែតបន្តបន្ទាប់គ្នាបានជាកូន ជាចៅ... រហូតធ្វើឲ្យចំនួនកាសែតកាន់តែច្រើនឡើងៗ ដែលខ្លះមានសកម្មភាព និងខ្លះទៀតក៏មិនមានសកម្មភាពដែរ ជាហេតុអាចធ្វើឲ្យគេមិនស្គាល់ និងមិនផ្តល់សិទ្ធិក្នុងការយកព័ត៌មាន។
ឯលោក ប៉ែន បុណ្ណា ក៏បានទទួលស្គាល់ដែរថា ពិតជាមានការរើសអើងមែន ពីស្ថាប័នសាធារណៈមួយចំនួន ចំពោះអ្នកយកសារព័ត៌មាន។ លោកថាអ្នកកាសែតខ្លះបានចូល ហើយខ្លះទៀតមិនបានចូល ករណីនេះពុំគួកើតមានឡើយ។ «ទោះអ្នកកាសែតតូចក៏ដោយ ធំក៏ដោយ មានសិទ្ធិទទួលបានព័ត៌មានដូចគ្នា មិនថាទូរទស្សន៍នេះ ការសែតនោះទើបអាចចូលបាន វាមិនត្រូវ។ ដូច្នេះនេះជាការរំលោភលើសិទ្ធិ យកព័ត៌មានរបស់អ្នកកាសែត»។
ចំពោះលោក ជាង សុខា បានបញ្ចេញទស្សនៈថា ក្រសួងមួយចំនួនពេលរៀបចំកម្មវិធីអ្វីមួយ តែងធ្វើប័ណ្ឌសំគាល់របស់គេសម្រាប់ចែក ដល់អ្នកសារព័ត៌មាន។ ករណីនេះអ្នកសារព័ត៌មានណា មិនមាន«ប័ណ្ឌពិសេស»នេះ មិនត្រូវបានអនុញាតិឲ្យចូលឡើយ។ លោកនិយាយហាក់ដូចជាចំអកថា «ប័ណ្ឌអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ហាក់ដូចជាគ្មានតម្លៃសោះ»។ លោកក៏បានបញ្ជាក់ដែរថា ស្ថាប័នមួយចំនួន មានអ្នកយកព័ត៌មានប្រចាំស្ថាប័នរបស់គេ ដូច្នេះគេអាចមិនអនុញាតិឲ្យអ្នកផ្សេងចូលក៏មានដែរ។ ម្យ៉ាងវិញទៀត ការសែតទាំងនោះ «មិនដែលដើរតាមគេ» និងផ្សាយព័ត៌មានផ្ទុយពីអ្វី ដែលក្រុមគេចង់បាន។
គួបញ្ជាក់ថាក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋមានអ្នកកាសែតជាតិ និងអន្តរជាតិ ជាងមួយពាន់នាក់ ដែលបានចុះឈ្មោះដើម្បីចូលយកព័ត៌មាន។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ នៅសាលសន្និសីទចតុមុខ។
សេរីភាពសារព័ត៌មាន នៅប្រទេសកម្ពុជា ត្រូវបានអង្គការ«អ្នកយកព័ត៌មានគ្មានព្រំដែន» បានបញ្ចេញរបាយការណ៍មួយនៅថ្ងៃទី៣០ មករា ដោយបានទម្លាក់ពិន្ទុសេរីភាពសារព័ត៌មាននៅប្រទេសនេះ ដល់កម្រិតថ្នាក់ទី ១៤៣ ក្នុងចំណោមប្រទេសទាំង១៧៩។ បើតាមរបាយការណ៍ ចំណាត់ថ្នាក់នេះ ទាបជាងពីឆ្នាំ២០១២ ដែលកម្ពុជាស្ថិតចំណាត់ថ្នាក់លេខ១១៧ ដោយសារតែរដ្ឋាភិបាលគាបសង្កត់ លើសេរីភាពសារព័ត៌មាន និងជាពិសេស ព្រមានចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកវិទ្យុឯករាជ្យមួយចំនួន ដោយប្រើប្រព័ន្ធតុលាការ។
អង្គការឃ្លាំមើលសិទ្ធិសេរីភាពខាងព័ត៌មានមួយនេះ បានចាត់ចំណាត់ថ្នាក់ទៅលើប្រទេសទាំង ១៧៩ ដោយផ្អែកលើ កត្តាគោលចំនួន៦៖ ការគណនាកម្រិត នៃការបញ្ចេញមតិនៅក្នុងប្រព័ន្ធឃោសនា - ការបំពេញការងារដោយឯករាជ្យ របស់ប្រព័ន្ធឃោសនា - ពិនិត្យនិងវិភាគអំពីស្ថានភាពធ្វើការងាររបស់អ្នកកាសែត - ពិនិត្យវិភាគអំពីច្បាប់ និងប្រសិទ្ធភាព - ពិនិត្យនិងវិភាគអំពីតម្លាភាពនៃស្ថាប័ន និងបែបបទការងារដែលមានឥទ្ធិពល ទៅលើការផលិតដំណឹង និងព័ត៌មាន - និងពិនិត្យអំពីគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការផលិត ដំណឹង និងព័ត៌មាន៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ