៧៩អង្គការសមាគមរួមគ្នាប្រតិកម្ម ចំពោះហេតុការណ៍នៅភ្នំពេញប៉ុស្ដិ៍
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 09, 2018
- ប្រធានបទ: សារព័ត៌មានខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីថ្លែងការណ៍រួមមួយ ដែលទើបនឹងចេញផ្សាយ នៅក្នុងថ្ងៃនេះ បានបញ្ជាក់ថា រឿងរ៉ាវថ្មីៗ ដែលបានកើតឡើង នៅស្ថាប័នសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ដែលចេញផ្សាយ ជាភាសាអង់គ្លេស និងខេមរភាសា ជាករណីចុងក្រោយមួយ នៅ«ក្នុងចំណោមការធ្វើទុក្ខបុកម្នេញ ជាច្រើនបន្តបន្ទាប់ទៀត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់លំហសារព័ត៌មាន ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក»។ ហើយរឿងរ៉ាវ នៅស្ថាប័នសារព័ត៌មានខាងលើ ដែលសេចក្ដីថ្លែងការណ៍ បានសរសេរថា «ជាកាសែតឯករាជ្យចុងក្រោយមួយ នៅកម្ពុជា» បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើន ចំពោះឯករាជ្យភាពរបស់កាសែត នៅពេលខាងមុខ។
ក្រុមសង្គមស៊ីវិលទាំងនោះ បានសរសេរពន្យល់ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនថា៖
«បន្ទាប់ពីបានចូលកាន់តំណែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ពោលគឺត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្ដិ៍ លោក Sivakumar S. Ganapathy បានបញ្ជាឱ្យលុបចោល នូវអត្ថបទព័ត៌មានមួយ ដែលពណ៌នាអំពីជីវប្រវត្តិ និងមុខជំនួញរបស់លោក ជាមួយអាជ្ញាធរកម្ពុជា កាលពីអតីតកាល។ លោកមិនបានបញ្ជាក់ ពីភាពខុសឆ្គង ឬហេតុផល នៅពីក្រោយការបញ្ជារបស់លោកនោះទេ ខណៈដែលបុគ្គលិកជាន់ខ្ពស់៤នាក់ បានបដិសេធ ក្នុងការលុបចោលអត្ថបទនោះ និងបានសម្រេចចិត្តលាឈប់ ពីការងារភ្លាមៗ។ និពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍ ដែលបានកាន់តួនាទីនេះជាយូរមកហើយនោះ ត្រូវបានបណ្ដេញចេញពីការងារ ដោយសារលោកបានអនុញ្ញាត ឱ្យមានការចុះផ្សាយអត្ថបទព័ត៌មានមួយនេះ ដែលនាំឱ្យនាយកប្រតិបត្តិ និងប្រធានផ្នែកប្រព័ន្ធបច្ចេកវិទ្យា នៃកាសែតនេះ សម្រេចចិត្តលាឈប់ ពីការងារដែរ។ បុគ្គលិក៧នាក់ទៀត ក៏បានលាឈប់ពីការងារដែរ នៅថ្ងៃទី៨ ខែឧសភានេះ។»
«ក្រោយពេលកើតមានបញ្ហា ពីថ្ងៃច័ន្ទ ទៅលើឯករាជ្យភាព នៃការបោះពុម្ភផ្សាយរបស់កាសែត ដែលមានអាយុកាល២៦ឆ្នាំនេះ លោក "Ganapathy" ក៏បានការរិះគន់ ជាលាយលក្ខណ៍អក្សរ ទៅលើក្រមសីលធម៌វិជ្ជាជីវៈ នៃអ្នកសារព័ត៌មានទាំងនោះផងដែរ។ ករណីទាំងពីរនេះ នាំឱ្យមានកង្វល់ជាច្រើន ពាក់ព័ន្ធនឹងលទ្ធភាពរបស់អ្នករាយការណ៍ព័ត៌មាន ក្នុងការស៊ើបអង្កេត និងចុះផ្សាយព័ត៌មាន ដើម្បីបម្រើផលប្រយោជន៍សាធារណជន នៅថ្ងៃអនាគត។»
កាលពីចុងសប្ដាហ៍មុន លោក «Bill Clough» នាយកក្រុមហ៊ុន Post Media Co., Ltd បានឲ្យដឹងថា សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ ត្រូវបានលក់ទៅឲ្យលោក «Sivakumar S. Ganapathy» ដែលលោក «Bill Clough» ហៅថា ជាអ្នកសារព័ត៌មាន ដ៏គួរឲ្យគោរពម្នាក់។ ការលក់សារព័ត៌មានដ៏ធំ និងដ៏ល្បីឈ្មោះមួយនេះ បានធ្វើឡើង បន្ទាប់ពីរឿងចម្រូងចម្រាសជាច្រើន ដែលបានកើតឡើង ជុំវិញការជំពាក់ពន្ធ និងរឿងរ៉ាវមួយចំនួន នៅឯតុលាការកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសមាគម បានបន្តថា៖
«នៅពេលមានការប្រកាសលក់ស្ថាប័នកាសែតនេះ ឈ្មោះពេញរបស់ម្ចាស់កាសែតថ្មី មិនត្រូវបានដាក់បញ្ចូល នៅក្នុងសេចក្ដីប្រកាសព័ត៌មានទេ ហើយក៏មិនបានពិពណ៌នាលម្អិត អំពីព័ត៌មានពាក់ព័ន្ធ នឹងការធ្វើមុខជំនួញរបស់លោក នៅកម្ពុជាដែរ ក្នុងនោះរួមមាន ការដឹកនាំទីភ្នាក់ងារទំនាក់ទំនងសាធារណៈ ដែលលោកបានធ្វើការ ជាមួយសម្ដេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។»
«ខណៈដែលកាសែតភ្នំពេញប៉ុស្ដិ៍ ត្រូវបានរងចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធដ៏ចម្រូងចម្រាស ប្រមាណជាង ៣,៩លានដុល្លារ ភាពមិនច្បាស់លាស់ នៃការលក់ស្ថាប័ននេះ បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើនថា ហេតុអ្វីបានជាបញ្ហាជាប់ជំពាក់ពន្ធ ត្រូវបានដោះស្រាយ ក្នុងពេលជាមួយគ្នា នៃការលក់ស្ថាប័នកាសែត ដែលមានអាយុកាល២៦ឆ្នាំនេះ។ ដូចគ្នានឹង កាសែតភ្នំពេញប៉ុស្ដិ៍ដែរ កាសែតខេមបូឌា ដេលី ដែលតែងចុះផ្សាយ អត្ថបទរិះគន់ ឥតលំអៀង និងរបាយការណ៍បែបស៊ើបអង្កេត ត្រូវបានបង្ខំចិត្តបញ្ឈប់ដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរងការចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធ ប្រមាណជាង ៦,៣លានដុល្លារ។»
សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ទៀតថា៖
«ស្ថាប័នសារព័ត៌មានផ្សេងទៀត ត្រូវបានរឹតត្បិតយ៉ាងខ្លាំង រួមបញ្ចូលទាំងការបិទហ្រ្វេកង់ស៍ របស់វិទ្យុចំនួន៣២ ដែលផ្សាយព័ត៌មានបន្តពីវិទ្យុ អាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាដើម។ វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យនៅកម្ពុជា ដោយអះអាងថា មានការរឹតត្បិតបរិយាកាសសារព័ត៌មាន ហើយអតីតអ្នករាយការណ៍ព័ត៌មានពីរនាក់ របស់ស្ថាប័ននេះ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន រង់ចាំសវនាការ រយៈពេល៦ខែមកហើយ ដោយប្រឈមនឹងការចោទប្រកាន់ ពីបទក្បត់ជាតិ ពាក់ព័ន្ធនឹងការងាររបស់អ្នកទាំងពីរ ក្នុងនាមជាអ្នកសារព័ត៌មានឯករាជ្យ។ ក្រៅពីនេះ សកម្មជនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នករាយការណ៍ព័ត៌មានផ្សេងទៀត បានសម្រេចចិត្តចាកចេញ ពីប្រទេសកម្ពុជា ដោយសារតែភ័យខ្លាច នឹងការផ្តន្ទាទោស។ នៅឆ្នាំនេះ ប្រទេសកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់១០លេខ នៅក្នុងតារាងសេរីភាពសារព័ត៌មានពិភពលោករបស់អង្គការ Reporters Without Borders ដោយជាប់ចំណាត់ថ្នាក់ លេខ១៤២ ក្នុងចំណោម១៨០ប្រទេស។»៕