«ព្រះសីហនុរាជ» មជ្ឈមណ្ឌលថែទាំមនុស្សចាស់ទីមួយ នៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំមិនដឹងទេ។ មិនដឹងថា ត្រូវទៅនៅឬអត់ទេ មិនដឹងថានៅបាន ឬយ៉ាងណាទេ។ ខ្ញុំមានកូនចៅមើលថែរ ប្រហែលជាគេមិនទទួល ឬយ៉ាងណាទេ។ ប្រហែលជាគេទទួល តែអ្នកគ្មានទីពឹងហើយមើលទៅ។ ខ្ញុំមិនដឹងច្បាស់ទេក្មួយ។» នេះជាការអះអាង របស់លោកតាម្នាក់ ជាប្រជាពលរដ្ឋ ដែលមានទីលំនៅ ក្បែរមន្ទីរពេទ្យរ៉ូស្ស៊ី តបនឹងសំនួរ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលសួរថា តើលោកតាបានដឹង និងចង់ទៅស្នាក់នៅ ក្នុងមជ្ឈមណ្ឌលព្រះសីហនុរាជ ដែលជាមជ្ឈមណ្ឌល ថែទាំមនុស្សចាស់ដំបូងគេ នៅកម្ពុជានេះឬទេ?
កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌលទីមួយ នៅកម្ពុជា ដែលទទួលថែទាំមនុស្សចាស់ ត្រូវបានសម្ភោធ និងដាក់ឲ្យប្រើប្រាស់ ក្រោមព្រះរាជាអធិបតី នៃព្រះរាជវត្តមាន នៃអង្គព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ។ អមព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងព្រះរាជមាតាព្រះអង្គ សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ (សម្តេចម៉ែ) នៅក្នុងការយាងសម្ភោធ មជ្ឈមណ្ឌលថែទាំមនុស្សចាស់ ព្រះសីហនុរាជនេះ រួមមានប្រធានរដ្ឋសភា លោកហេង សំរិន នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន, និងមន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលច្រើននាក់។
លោកតាដដែល គ្រាន់តែឆ្លើយថា នៅពេលដែលព្រះមហាក្សត្រ មកសម្ពោធមជ្ឈមណ្ឌលនេះ ទើបលោកតាទើបដឹងថា មានមន្ទីរ ឬកន្លែង សម្រាប់ទទួលថែទាំមនុស្សចាស់។ ប៉ុន្តែលោកតា មិនបានដឹង ពីគោលការណ៍នៃមណ្ឌលនេះ ថាតើមានការទទួលមនុស្សនោះ យ៉ាងណាឡើយ។
ចំណែកអ្នកសី រស់ ធីតា ដែលរស់នៅក្បែរនោះដូចគ្នា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកស្រីអបអរសារ ដែលកម្ពុជាមានមណ្ឌលសម្រាប់ទទួល និងថែរក្សា មនុស្សចាស់នេះ។ អ្នកស្រីថ្លែងថា កម្ពុជាកំពុងឈាន ទៅរកភាពរីចម្រើន ដូចប្រទេសដទៃ ដែលអាចបង្កើតបាន នូវមជ្ឈមណ្ឌលនេះ។ តែអ្នកស្រីហាក់នៅអស់សង្ឃឹមថា តើមណ្ឌលនេះ នឹងអាចឈរជើងបានដល់ពេលណា? រាល់ការចំណាយ ជាបន្ទុកអ្នកណា? តើត្រូវយកប្រាក់ ពីកូនចៅ នៃមនុស្សចាស់ ដែលត្រូវទៅនៅនោះឬ? យ៉ាងណាអ្នកស្រីបានបន្ថែមថា អ្នកស្រីសង្ឃឹមថា មណ្ឌលមួយនេះ នឹងទទួលយកមនុស្សចាស់ទាំងឡាយ ដោយស្មើភាពគ្នា មិនរើសអើងមាន-ក្រ និងមិនមាននិន្នាការនយោបាយ។
អ្នកស្រី ធីតា បានថ្លែងឲ្យដឹងថា៖ «ខ្ញុំសប្បាយចិត្ត បើមណ្ឌលមួយនេះ ទទួលយកមនុស្សចាស់ ដោយស្មើភាពគ្នា។ មិនថាមាន-ក្រ ឬអ្នកនោះធ្លាប់ជាសមាជិក នៃគណបក្សនយោបាយប្រឆាំង ឬមានក្រុមគ្រួសារ ដែលមិនមែនជាសមាជិក នៃគនបក្សកាន់អំណាចនោះ។ (...) ពិបាកដែរ បើការតម្លៃ នៃការមើលថែរមនុស្សចាស់ នៅក្នុងមណ្ឌលនេះ ជាបន្ទុកកូនចៅនោះ។ តែបើយកតិចតួច មិនបញ្ហាទេ តែបើយកច្រើន គ្មានអ្នកណាហ៊ាន យកពួកគាត់ទៅដាក់ទេ។ (...) ចាំមើលគេដំណើរការសិនប្អូន មីងមិនទាន់ហានថា ច្រើនជាងនេះទេ។»
សូមបញ្ជាក់ថា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ ព្រះសីហនុរាជ ត្រូវបានកសាងឡើង ក្នុងឆ្នាំ២០១៤ និងទ្រទ្រង់ថវិការ សម្រាប់សាងសង់មជ្ឈមណ្ឌលនេះ ដោយព្រះរាជទាន នៃព្រះរាជទ្រព្យផ្ទាល់ នៃអង្គសម្តេចម៉ែ។ ទឹកប្រាក់សរុប ដើម្បីសាងសង់មជ្ឈមណ្ឌល់ មានប្រមាណជាង បីលានដុល្លាអាមេរិក៕