ផៃ ស៊ីផាន ថាបក្សប្រឆាំងប្ដូរមកយកជនល្មើស ជាសមាជិកខ្លួន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ចង បានធ្វើទៅលើក្រុម អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយក្រុមអាជ្ញាធរ និងតុលាការកម្ពុជានោះ ប្រតិកម្មចេះតែធ្លាក់ចុះមក ជាបន្តបន្ទាប់។ ប្រតិកម្មដែលបង្កចំណាប់អារម្មណ៍ ខ្លាំងជាងគេនោះ ជាការថ្លែងវាយប្រហារយ៉ាងចាស់ដៃ ទៅលើគណបក្សសង្គ្រោះជាតិ ពីសំណាក់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។
នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកនាំពាក្យដ៏ល្បីឈ្មោះ បានសរសេរចាប់ផ្ដើមដំបូង ដោយពាក្យសម្ដីថ្នមៗថា ការនាំ និងឃាត់ខ្លួន ជនទាំងនោះ ជាដែនសមត្ថកិច្ចរបស់តុលាការ ហើយមានចំណាត់ការ តែទៅលើបុគ្គលល្មើសច្បាប់តែប៉ុណ្ណោះ មិនស្ថិតក្នុងទិដ្ឋភាពនយោបាយ នោះឡើយ។
ប៉ុន្តែបន្ទាប់ពីនេះមក លោក ផៃ ស៊ីផាន បានឈានមួយជំហានយ៉ាងវែង ទៅរកគណបក្សប្រឆាំងថា៖ «ជាការពិសោធន៍ គណបក្សប្រឆាំង តែងតែយកជនរងគ្រោះជាសមាជិក ឬសកម្មជនរបស់ខ្លួន ទោះបីជាជនទាំងនោះ ស្ថិតនៅក្នុងទិដ្ឋភាពជាក់ស្តែង យ៉ាងណាក៏ដោយ។ (...) ប៉ុន្តែនៅពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានប្រកាសថាជនល្មើស និងជនដៃដល់ ដែលបានចាត់វិធានការដោយតុលាការ និងស្ថាប័នអយ្យការ ជាសកម្មជនរបស់ខ្លួនវិញ។»
លោក ស៊ីផាន បានលើកយកសម្ដី របស់លោក កឹម សុខា និងលោក សម រង្ស៊ី មកពន្យល់ក្នុងមូលហេតុរបស់លោកថា៖ «បន្ទាប់ពីបាតុកម្ម ដែលបង្កឲ្យមានភាពហិង្សា នៅរយៈពេល ក្រោយការប្រកាសលទ្ធផល នៃការបោះឆ្នោត ឯ.ឧ កឹម សុខា និង ឯ.ឧ សម រង្ស៊ី បានប្រកាស និងច្រានចោលថា ជនដៃដល់ទាំងអស់នោះ មិនមែនជាសមាជិក ឬសកម្មជនរបស់ខ្លួនទេ។» តែនៅពេលនេះ គណបក្សនេះ បែរជាប្រកាសទទួលស្គាល់ជនល្មើស ថាជាសមាជិក ឬសកម្មជនរបស់ខ្លួន។
មន្ត្រីអ្នកនាំពាក្យ បានបន្តទៀតថា គណបក្សសង្គ្រោះជាតិ កំពុងបង្ហាញយ៉ាងច្បាស់ ពីការឆក់យកផលចំណេញ ផ្នែកនយោបាយផង ក៏ដូចជានាំមុខសាធារណៈជន ឲ្យបាត់បង់ជំនឿ លើដំណើរយុត្តិធម៌ និងរក្សាការពារជនល្មើស ឲ្យនៅក្រៅច្បាប់ផង។ លោក ស៊ីផាន បានសរសេរទៀតថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមអ្នកសារព័ត៌មានទាំងអស់ រក្សានូវជំហររបស់ខ្លួន ក្នុងការវាយតម្លៃស្ថានការណ៍ តាមរយៈពាក្យសកម្មជន ដែលប្រើប្រាស់ដោយគណបក្ស CNRP ដើម្បីផលប្រយោជន៍នយោបាយ និងពាក្យជនល្មើស ដែលប្រើប្រាស់ ដោយប្រព័ន្ធតុលាការ ដើម្បីផលប្រយោជន៍ផ្លូវច្បាប់ និងយុត្តិធម៌។»
ប៉ុន្តែការលើកឡើងរបស់លោក ផៃ ស៊ីផាន មិនដូចគ្នាទៅនឹង ការលើកឡើងរបស់លោក អ៊ូ ច័ន្ទឬទ្ធិ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យស្តីទី របស់គណបក្សសង្គ្រោះជាតិ ឡើយ។ លោក ច័ន្ទឬទ្ធិ បានចាត់ទុកថា ការចាប់ខ្លួន និងដាក់ឃុំជនទាំងនេះ មានចរិតនយោបាយ ដោយសារតែការថ្លែង របស់លោកនាយករដ្ឋមន្រ្តី ក្នុងពេលកន្លងមក គឺជាការបញ្ជា ឲ្យមានការ«ចាប់ខ្លួន» តាមរយៈសមត្ថកិច្ច ក៏ដូចជាការបង្គាប់ ដល់តុលាការឲ្យឃុំខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិនេះ។ នៅក្នុងព្រឹត្តិការណ៍ដដែល គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ កាលពីថ្ងៃទី៥ ខែសីហានេះ ដោយអំពាវនាវជាថ្មី ឲ្យមានការដោះលែងសកម្មជន គណបក្សរបស់ខ្លួន ដោយគ្មានលក្ខខណ្ឌ បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការគម្រាមកំហែង ចោទប្រកាន់ និងចាប់ខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិជាបន្តទៀត។
សូមរំលឹកជូនថា យ៉ាងហោចណាស់ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន៣នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរ កាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១៥នេះ បន្ថែមលើសកម្មជន១១នាក់ ដែលសាលាដំបូងសម្រេចផ្តន្ទាទោស និងឃុំខ្លួនជាថ្មី កាលពី២១ ខែកក្កដា ឆ្នាំ២០១៥កន្លងមកនេះ ក្រោមបទចោទប្រកាន់ ថាបានពាក់ព័ន្ធក្នុងអំពើហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីលានប្រជាធិបតេយ្យ។ ការចាប់ខ្លួន និងឃុំខ្លួននេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី បានលើកឡើង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នាទីក្រុងតាខ្មៅ បានថ្លែងជំរុញ ឲ្យមានការចាប់ខ្លួន ជនប្រព្រឹត្តិអំពើហិង្សានោះ ជាបន្តទៀត៕