សង្គមស៊ីវិលថាក្រសួងយុត្តិធម៌បំពានតុលាការ ព្រោះច្បាប់ទាំងបី
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១១ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 13, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គមស៊ីវិលនៅតែមើលឃើញថា អំណាចនិតិប្រតិបត្តិ នៅតែមានឥទ្ធិពលទៅលើតុលាការ ដោយសារច្បាប់ទាំងបី។ នេះជាការលើកឡើងរបស់ លោក អំ សំអាត មន្ត្រីមកពីអង្គការការពារសិទ្ធិមនុស្សលីកាដូ និងជាតំណាងឲ្យអង្គការសង្គមស៊ីវិលមួយចំនួន នៅក្នុងសន្និសីទការសែតជាតិមួយ ដែលធ្វើការពិភាក្សាដេញដោលអំពីច្បាប់ទាំងបី ដែលទាក់ទងនិងវិស័យយុត្តិធម៌។ ការថ្លែងរបស់លោក អំ សំអាត ជាការឆ្លើយតបទៅនឹងការអះអាងរបស់លោក ជិន ម៉ាលីន ដែលជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ ដែលបានថ្លែងក្នុងឱកាសនោះដែរថា ច្បាប់ទាំងបី ដែលរដ្ឋសភាកម្ពុជាទើបនឹងអនុម័តកាលពីប៉ុន្មានខែមុន មិនបានផ្ដល់អំណាចឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការបំពានទៅលើអំណាចឯករាជ្យ របស់តុលាការនោះទេ។
ប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងពេលបច្ចុប្បន្ន បានរងការរិះគន់តិះទៀនយ៉ាងខ្លាំងក្លា ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដោយពួកគេទាំងនោះយល់ថា តុលាការកម្ពុជានៅតែមិនឯករាជ្យ មានភាពលំអៀងទៅរកអ្នកមានអំណាច និងអ្នកមានប្រាក់ ហើយជាពិសេសច្បាប់ទាំងបី ដែលទាក់ទងនឹងវិស័យយុត្តធម៌នៅកម្ពុជា មានការផ្តល់អំណាចច្រើន ដល់អំណាចនិតិប្រតិបត្តិ ជាពិសេសក្រសួងយុត្តិធម៌។ ច្បាប់ទាំងបីនេះ ទើបនឹងត្រូវបានរដ្ឋសភាកម្ពុជា (កាលនោះ មានតែក្រុមតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា) អនុម័តដាក់ឲ្យប្រើប្រាស់ រួមមានច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប៉ុន្តែក្នុងក្ដីសង្ឃឹម ថាបន្ទាប់ពីសន្និសិទជាតិនេះទៅ ក្រុមអង្គការសង្គមដែលតែងតែធ្វើការរិះគន់ ចំពោះច្បាប់ទាំងបីនេះ នឹងលែងយល់ច្រលំ និងបញ្ឈប់ការរិះគន់នោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងបកស្រាយថា៖ «ពាក់ព័ន្ធបញ្ហានេះ ដូចឯកឧត្តមរដ្ឋមន្រ្តីគាត់បានបកស្រាយរួចទៅហើយ គឺថា ច្បាប់បីនេះ មិនបានផ្តល់អំណាចរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងការបំពានទៅលើអំណាចឯករាជ្យរបស់តុលាការនោះទេ គ្រាន់តែសិទ្ធអំណាច ក្នុងការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងដំណើរការរដ្ឋបាលទូទៅប្រចាំខែរបស់តុលាការ តែប៉ុណ្ណោះ ក៏ប៉ុន្តែអំណាចក្នុងការសម្រេចសេចក្តីនេះ គឺស្ថិតទៅលើអំណាចឯករាជ្យនេះ។»
លោក ជិន ម៉ាលីន បាននិយាយសម្ដែងក្ដីសង្ឃឹមនោះថា៖ «អញ្ចឹងទេ ក្រោយពីសន្និសិទនេះហើយ គឺមានការយល់គ្នាហើយ គឺច្បាប់ហ្នឹងដូចជាមិនជាមិនមានអីរំលោភ ទៅលើអំណាចឯករាជ្យ ទៅលើតុលាការពីអំណាចនិតិប្រតិបត្តិនោះទេ»។
ប៉ុន្តែសម្រាប់មន្ត្រីតំណាងឲ្យអង្គការសង្គមស៊ីវិល លោក អំ សំអាត មិនយល់ដូច្នេះទេ។ ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ ដែលធ្វើការយ៉ាងស្និត ជាមួយនឹងសំនុំរឿងរសើបជាច្រើននោះ បានថ្លែងថា៖ «ទី១យើងមើលទៅលើទាក់ទង នឹងការតម្លើងឋានន្តរស័ក្ក ការសម្រេចដាក់ទោសចៅក្រម ការសម្រេចដាក់អី ក៏វាពាក់ព័ន្ធ ពីព្រោះរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោកមានសិទ្ធិ។ ហើយក្នុងណ្នឹង យើងមានមួយទៀតហៅថា លេខាធិការរបស់ក្រុមប្រឹក្សាអង្គចៅក្រម ក៏ចេញពីប្រភពហ្នឹងដែរ។»។
លោក សំអាត បានបន្ថែមទៀតថា៖ «យើងមើលច្បាប់ហ្នឹង រឿងអីថាមិនគ្រប? ការតម្លើង ការដក ការដាក់ ការស្នើសុំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដាក់ ទាក់ទងនិងរឿងថវិកា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌គាត់មានសិទ្ធក្នុងត្រួតពិនិត្យ។ អាហ្នឹង វាអត់មានឯករាជ្យភាព។ ឯករាជ្យភាព ទាល់តែវាស្វ័យ័ត។»
មន្ត្រីអង្គការសង្គមស៊ីវិល បានបន្តថា កាលពីមុន នៅពេលដែលមានទាន់ច្បាប់ វិស័យតុលាការហាក់បីមានភាពគ្រាន់បើ ប៉ុន្តែនៅពេលមានច្បាប់ចេញមកបែបនេះ វាកាន់តែធ្វើឱ្យមានការរិះគន់បន្ថែមទៀត ទៅលើប្រព័ន្ធច្បាប់ថាមិនឯករាជ្យ។ លោកថាច្បាប់ទាំងបីនេះ មិនមែនតែអង្គការសង្គមស៊ីវិលទេ ដែលធ្វើការរិះគន់សូម្បីតែ អន្តរជាតិក៏គេធ្វើការរិះគន់ផងដែរ៕