អាឡិច សកម្មជនការពារតំបន់អារ៉ែង អាចត្រូវបណ្តេញពីកម្ពុជា
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី១៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 13, 2015
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រហែលរយៈពេលតែ១អាទិត្យទៀតប៉ុណ្ណោះ ប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alex Gonzalez Davidson) ជនជាតិអេស្ប៉ាញ ដែលចេញមុខការពារបរិស្ថានយ៉ាងសកម្ម នៅតំបន់អារ៉ែងនឹងត្រូវផុតកំណត់ទិដ្ឋការ ដែលអនុញ្ញាតឱ្យលោករស់នៅប្រទេសកម្ពុជាបាន។ ទិដ្ឋាការដែលផុតកំណត់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ ត្រូវបាននាយកដ្ឋានអន្តោរប្រវេសន៍ នៃក្រសួងមហាផ្ទៃ សម្រេចមិនបន្តទិដ្ឋការ ឱ្យលោកឡើយ។ ដូច្នេះបើតាមច្បាប់ លោកអាចប្រឈមនឹងការបណ្តេញចេញ ពីប្រទេសកម្ពុជា បើទោះបីជាលោក មិនចង់ទៅប្រទេសកំណើតវិញក៏ដោយ។
លោកអាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹនបានរៀបរាប់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី១៣ កុម្ភៈ ថាជារៀងរាល់កន្លះឆ្នាំម្តង លោកតែងតែយកលិខិតឆ្លងដែន ឱ្យខាងនាយកដ្ឋានអន្តោប្រវេសន៍បន្តទិដ្ឋការ ប៉ុន្តែលើកនេះ លោកទទួលបានដំណឹងថា ខាងនាយកដ្ឋានអន្តោប្រវេសន៍មិនបន្តទិដ្ឋការឱ្យនោះទេ។ លោកបន្តថា បើតាមច្បាប់ជនបរទេស ណាមករស់នៅដោយគ្មានទិដ្ឋការ នឹងត្រូវបណ្តេញចេញ ពីប្រទេសកម្ពុជា។
លោកថាការ ដែលលោកមិនត្រូវបានអនុញ្ញាត ឱ្យបន្តទិដ្ឋការរស់នៅក្នុងប្រទេសកម្ពុជានេះ ក៏ព្រោះតែមានបញ្ជា ពីលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាក់ទងនឹងបណ្តឹងរបស់អភិបាលខេត្តកោះកុង ក៏ដូចជាបណ្តឹងរបស់តំណាង មកពីគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន។
អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន បានបញ្ជាក់ថា៖ «បើតាមច្បាប់ គេអត់អាចដេញបានទេ ប៉ុន្តែគេអាចចង្អុលទៅលើមាត្រា មួយចំនួនដែលទាក់ទង នឹងរឿងជនបរទេសអត់វិសា អត់វិសារដោយសារគេអត់បន្តឱ្យ អញ្ចឹងអាពេលអត់វិសារ គេអាចបណ្តេញយើងបាន»។
«ខ្ញុំនឹងតវ៉ាឱ្យខ្លាំងបំផុត ដើម្បីប្រជាជនខ្មែរដឹងអំពីការពិត»
ប្រធានចលនាមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ ក្នុងវ័យជាង៣០ឆ្នាំ រូបនេះបន្ថែមថា៖ «ខ្ញុំអត់អាចទៅស្រុកកំណើតវិញបាន ខ្ញុំនៅស្រុកខ្មែរយូរជាង១២ឆ្នាំ ទាល់តែគេបង្ខំឱ្យចេញបានខ្ញុំអាច។ ប៉ុន្តែរយៈពេលមួយអាទិត្យនេះ ខ្ញុំនឹងតវ៉ាឱ្យខ្លាំងបំផុត ដើម្បីប្រជាជនខ្មែរដឹងអំពីការពិត។»
សម្រាប់លោក ការមិនបន្តទិដ្ឋការនេះ មិនមែនរឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះវាមិនមែនកើតឡើងជាលើកទីមួយនោះ សម្រាប់សកម្មជន ដែលហ៊ានចេញមុខការពារព្រៃឈើ ការពារសិទ្ធិមនុស្ស និងធ្វើការងារទាក់ទង នឹងការរារាំងក្រុមហ៊ុន អាជ្ញាធរ អ្នកមានអំណាច មិនឱ្យរំលោភសិទ្ធិប្រជាពលរដ្ឋ។ លោកថ្លែងឡើងទៀតថា៖ «ប្រសិនបើយើងមើលច្បាប់ ឱ្យស៊ីជម្រៅមែនទែនហ្នឹង អ្វីដែលអាជ្ញាធរដូចជាអភិបាលខេត្ត ក៏ដូចជាតំណាងមួយចំនួន កំពុងតែធ្វើហ្នឹង វាខុសទៅច្បាប់១០០% ទាក់ទងនិងការបំផ្លាញព្រៃឈើ»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចបំការបំភ្លឺពីលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានទេនៅថ្ងៃនេះ។ ប៉ុន្តែបើតាមសារព័ត៌មានក្នុងស្រុក ដែលបានស្រង់សម្តីអគ្គនាយករូបនេះ បានបញ្ជាក់ថា មូលហេតុដែលមិនបន្តទិដ្ឋាការនេះ គឺដោយសារអាជ្ញាធរមូលដ្ឋាននិងអង្គការមួយ នៅខេត្តកោះកុងបានប្ដឹងប្រធានអង្គការចលនាមាតាធម្មជាតិរូបនេះ ពីសកម្មភាពការងាររបស់លោកនៅតំបន់អារ៉ែង ថាធ្វើឱ្យប៉ះពាល់នឹងការងាររបស់គេ។ លោកថា បើសិនលោក អេឡិច នៅតែបន្តរស់នៅដោយគ្មានទិដ្ឋាការនោះ គាត់នឹងប្រឈមនឹងការបណ្ដេញចេញ។
«រដ្ឋាភិបាលគឺមិនស្វាគមន៍ ចំពោះអ្នកប្រឹងប្រែងរក្សាព្រៃឈើ»
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានសម្ដែងការយល់ឃើញរបស់លោកថា ការធ្វើបែបនេះ រដ្ឋាភិបាលហាក់បីចង់បង្ហាញ ថាខ្លួនមិនបានចូលរួមចំណែកក្នុងការពារបរិស្ថាន និងព្រៃឈើ នៅក្នុងតំបន់អារ៉ែងនោះទេ។
លោក គីមអេង បានបន្ថែមថា៖ «មែនទែនទៅ គាត់គួរតែស្វាគមន៍រីករាយ ផ្តល់កិច្ចសហប្រតិបត្តិដល់គេ ព្រោះថាយ៉ាងហោចណស់ ក៏មានជនបរទេសគេមានការឈឺឆ្អាល គេចង់រក្សាធនធានធម្មជាតិ ឱ្យកម្ពុជាយើងនោះដែរ។ ម្យ៉ាងទៀត ខ្ញុំយល់ឃើញថា ការធ្វើបែបហ្នឹង វាបង្ហាញទៅអន្តរជាតិថា រដ្ឋាភិបាលគឺមិនស្វាគមន៍ ចំពោះអ្នកប្រឹងប្រែងរក្សាព្រៃឈើ។»
គួរម្លឹកថា នៅក្នុងសន្និសីទកាសែតមួយ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ លោក ឈាង វុនប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ វប្បធម៌ និងព័ត៌មាននៃរដ្ឋសភា ធ្លាប់ធ្វើការព្រមានទៅកាន់លោក អាឡិច ម្តងរួចមកហើយ ដោយលោក ចាត់ទុកសកម្មភាព របស់ជនបរទេសជាតិអេស្ប៉ាញរូបនេះ ដែលចេញមុខការពារបរិស្ថាន នៅតំបន់អារ៉ែង ថាជាការលូកលាន់ កកូរកកាយកិច្ចការនយោបាយនៅកម្ពុជា៕