កាត់ផ្ដាច់លិង្គពីរដង ព្រោះប្ដីចិត្តផិតក្បត់!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី១៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 18, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដៅចិត្តនឹងអ្វីក៏ដោយ មិនស្មើនឹងក្ដៅចិត្ត ដែលកើតឡើងពីអំពើផិតក្បត់នោះទេ។ ហើយគេក៏គួរកុំគិតថា នាងៗមិនហ៊ានធ្វើអ្វី ហើយចេះតែបណ្ដោយឲ្យប្ដីជាទីស្រឡាញ់របស់ខ្លួន ចេញទៅរហេតរហូតយ៉ាងសង្ហានោះឡើយ។ ដូចរឿងដែលកើតឡើង នៅខេត្តហេណាន (Henan) ភាគកណ្ដាលខាងកើតនៃប្រទេសចិននេះ បានបញ្ជាក់ច្បាស់ ថាស្ត្រីជាភរិយាបានកាត់ប្រដាប់«ខ្លាំង»របស់ប្ដីខ្លួនដាច់ប៉ិត បន្ទាប់ពីនាងបានដឹងថា ខ្លួនត្រូវបានប្ដីបោកប្រាសចិត្ត។ ប៉ុន្តែមិនមែនកាត់ផ្ដាច់តែមួយលើក ដើម្បីទុកគ្រាន់ជាការព្រមាននោះទេ។
លោក ហ្វាន អាយុ៣២ឆ្នាំ បានរងគ្រោះនឹងទង្វើសងសឹកស្នេហ៍ របស់ប្រពន្ធរបស់ខ្លួន ដល់ទៅពីរលើក កាលពីចុងខែធ្នូកន្លងទៅ ហើយសារព័ត៌មានក្នុងតំបន់ ទើបនឹងយកហេតុការណ៍នេះ មករាយការណ៍ក្នុងប៉ុន្មានថ្ងៃមុន។ នៅពេលនោះ បន្ទាប់ពីត្រូវបានភរិយាកាត់ផ្ដាច់លិង្គជាលើកទីមួយ លោក ហ្វាន បានប្រញ៉ាប់ប្រញាលរើសយកកំណាត់លិង្គរបស់ខ្លួនដែលដាច់ រត់សំដៅទៅមន្ទីរពេទ្យ ដើម្បីសុំឲ្យគ្រូពេទ្យជំនាញភ្ជាប់ប្រដាប់ប្រដាបែកបាក់នេះ ឲ្យខ្លួនឡើងវិញ។
ប៉ុន្តែនាងជាភរិយា អ្នកស្រី ហ្សាង ដែលទើបនឹងដឹងថា ប្ដីខ្លួនមានស្រីថ្មីក្មេងអាយុ២១ឆ្នាំនោះ នៅមិនទាន់អស់ចិត្តនឹងកាត់ផ្ដាច់លិង្គរបស់ប្ដីខ្លួន រួចហើយនោះទេ ព្រោះនៅបីថ្ងៃក្រោយមក នាងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យដែលលោក ហ្វាន កំពុងសម្រាកព្យាបាល ហើយបានរងចាំរហូតដល់ប្ដីនាងគេងលក់ រួចកាត់ផ្ដាច់លិង្គដែលទើបនឹងតភ្ជាប់នេះ ឲ្យដាច់សារជាថ្មី។
ក្នុងបណ្ដាញសង្គមនៃប្រទេសចិន គេឃើញមានការផ្សាយរូបភាពដូចខាងលើនេះ បង្ហាញពីបុរស ហ្វាន ស្រាតរត់ចេញមកខាងក្រៅ ហើយច្រានប្រពន្ធខ្លួនឲ្យដួលទៅនឹងដី បន្ទាប់ពីនាងបានកាត់ប្រដាប់របស់ខ្លួនរួច ហើយព្យាយាមរត់គេចខ្លួនចេញមកក្រៅ។ បុរសជាប្ដីត្រូវធ្វើការវះកាត់ជាថ្មី ប៉ុន្តែលើកនេះមិនមានសំណាងដូចលើកមុនទេ ព្រោះនគរបាលរកមិនឃើញសាច់មួយដុំដែលអ្នកស្រី ហ្សាង កាត់ជាលើកទីពីរនេះឡើយ។
តាមពិតទៅ អ្នកទាំងពីរនៅមិនទាន់ជាស្វាមីភរិយានៅឡើយ។ ប៉ុន្តែបន្ទាប់ពីហេតុការណ៍នេះកើតឡើង វាហាក់ដូចជាអ្វីៗមានភាពល្អប្រសើរឡើង នោះគឺអ្នកទាំងពីរបានសម្រេចចិត្តរៀបការ រួមរស់ជាមួយគ្នាតទៅ។ អ្នកស្រីហ្សាង បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា៖ «មិនជាអ្វីទេ បើទោះជាប្រដាប់ប្រដាគាត់លែងងើប និងប្រើការលែងបាននោះ ព្រោះអី យើងមានកូនប្រាំនាក់រួចហើយ»៕