រវាងការ«ផ្ទៀងផ្ទាត់»ផែនទី និងការ«បាត់ដី» ណាមួយសំខាន់?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 10, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីរដ្ឋាភិបាល ជាពិសេសលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា សុទ្ធតែអះអាងថា ខ្សែបន្ទាត់ ដែលមានក្នុងផែនទី មកពីបារាំង «ត្រួតស៊ីគ្នា» នឹងខ្សែរបន្ទាត់ របស់ផែនទី របស់រដ្ឋាភិបាល ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។ ជាមួយគ្នានេះ ការផ្ទៀងផ្ទាត់ផែនទីមកពី UN ក៏ត្រូវបានអះអាងថា ដូចគ្នានឹងផែនទីរដ្ឋាភិបាលដែរ។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើឡើងសឹងតែរាល់លើក ជារៀងនៅក្រោយ ការផ្ទៀងផ្ទាត់ផែនទីនានា នៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល)។
ការអះអាងខាងលើ របស់លោក វ៉ា គឹមហុង មិនបានធ្វើឲ្យមន្រ្តី និងអ្នកគាំទ្រមួយចំនួន នៃក្រុមប្រឆាំង អស់ចិត្តនោះឡើយ ព្រោះតែបញ្ហាផ្ទៀងផ្ទាត់ផែនទីនេះ មិនបានបង្ហាញ ពី«ការពិត» ថាតើនៅតាមព្រំដែន មានការបាត់បង់ដីឬអត់។ តាមលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានបង្ហាញ នូវទស្សនៈផ្ទាល់ខ្លួនថា បើទោះបីជាផែនទី ដែលបានទទួលមកពី UN ឬ ពីប្រទេសណាផ្សេងទៀត ដូចគ្នានឹងផែនទី របស់រដ្ឋាភិបាលក៏ដោយ វាមិនមែនជាកិច្ចសំខាន់ ដែលត្រូវយកចិត្តទុកដាក់នោះឡើយ។ លោកស្នើឲ្យភាគីទាំងអស់ គួរឈប់ឈ្លោះគ្នា ដោយទទួលយកនូវផែនទី ដែលបានមកពី UN និងពីបណ្តាប្រទេសផ្សេងៗ ដែលរដ្ឋាភិបាលអះអាងថាដូចគ្នានោះ មកប្រើជំនួសវិញ។
ក្នុងកិច្ចសម្ភាសរបស់លោក ជាមួយនឹងបណ្តាញព័ត៌មាន ក្នុងស្រុកមួយ លោក គង់ គាំ បានលើកឡើងថា៖ «ប្រសិនបើអ្នកអញ្ជើញ ទៅផ្ទៀងផ្ទាត់ចម្រុះ ពីសមាសភាពផ្សេងៗ ហើយឃើញថាផែនទី ពីបារាំងមក ដូចផែនទីរបស់រដ្ឋាភិបាល សូមឲ្យអនុវត្តផែនទីរបស់បារាំង ជាជាងផែនទីរបស់រដ្ឋាភិបាល ដែលមានត្រាវៀតណាម តាំងពីឆ្នាំ១៩៨២, ១៩៨៣, ១៩៨៥។ (...) ព្រោះវាផ្ទុយពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។»
សម្រាប់លោក សុខ ទូច កាលពីថ្ងៃទី៣ ខែកញ្ញា ម្សិលម៉ិញនេះ ក៏បានលើកឡើងថា លោកនៅមិនទាន់ជឿជាក់ និងទទួលស្គាល់ ឬកាន់ជើងភាគីណាម្នាក់ឡើយ ទោះបីការពិនិត្យនោះឃើញថា ផែនទីដូចគ្នាក៏ដោយ។ លោកអះអាងនៅវិមានសន្តិភាព ជាមួយអ្នកសារព័ត៌មានថា សម្រាប់ក្រុមលោក កិច្ចចាំបាច់នៃការកំណត់ថា«ជឿជាក់ ឬមិនជឿនោះ» នឹងបានដឹងក្រោយពេល ដែលក្រុមរងារលោក បានចុះដល់ផែនដី ហើយធ្វើការផ្ទៀងផ្ទាត់ផ្ទាល់។ លោកបានអះអាងថា ឯលទ្ធផលយ៉ាងណានោះ លោកនឹងសុំរយៈពេលពីរឆ្នាំ ក្នុងការផ្ទៀងផ្ទាត់ភាពជាក់ស្តែង នៃផែនទីនិងផែនដីទាំងនេះ។
ផ្ទុយនឹងការលើកឡើង របស់លោក គង់ គាំ ខាងលើ លោក សុខ ទូច បានអះអាងជាលើកទីពីរថា៖ «មានតែផែនទីរាជរដ្ឋាភិបាលទេ ដែលអាចប្រើប្រាស់ ក្នុងការបោះបង្គោលខណ្ឌសីម៉ាបាន។ ព្រោះជាផែនទីផ្លូវច្បាប់ ដែលមានកត្តាបីយ៉ាង អាចទទួលយកបាន។ ទីមួយមូលដ្ឋានច្បាប់, ទីពីរការឯកភាពគ្នា រវាងភាគីវៀតណាម និងភាគីកម្ពុជា, ទីបី ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខា។»
យ៉ាងណា ការលើកឡើងរបស់លោក សុខ ទូច ត្រូវបានមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិម្នាក់ បានលើកឡើងថា ពិតជាអន្ទង់វែង ប្រើឆ្នាំងវែងមែន។ មន្រ្តីរូបនេះបានបន្តថា ការរង់ចាំការវាងវែងរបស់លោក សុខ ទូច ខណៈរដ្ឋាភិបាល កំពុងមានគម្រោងបន្តការបោះបង្គោល ជាមួយនឹងវៀតណាមនោះ តើគិតយ៉ាងណា បើរដ្ឋាភិបាលបានបង្ហាញជំហរថា នឹងមិនមានការផ្អាក ការបោះបង្គោល ព្រំដែនកម្ពុជា-វៀតណាម ផងនោះ?
ថ្លែងដោយសុំមិនបញ្ចេញឈ្មោះ មន្រ្តីដដែលនោះបានចោទសួរថា តើរយៈពេលចុះពិនិត្យ អង្កេត និងវាស់វែង រយៈពេលពីរឆ្នាំនោះ លោក សុខ ទូច អាចស្នើរដ្ឋាភិបាល ឲ្យផ្អាកជាបណ្តោះអាសន្ន នៃការបោះបង្គោលព្រំដែន បន្តរជាមួយនឹងភាគីវៀតណាម បានដែរឬទេ? លោកសង្កត់ធ្ងន់ថា៖ «បើអាច នោះការអះអាងរបស់លោក សុខ ទូច អាចទទួលយកបាន។ តែបើមិនអាចទេ កុំអន្ទង់វែងឆ្នាំងវែង ស្នើទៅប្រទេសបារាំង សុំកំណត់ហេតុ ស្តីពីការវាស់វែងដោយផ្ទាល់ដៃ នៃក្រុមអាជ្ញាធររដ្ឋបាលបារាំង (គ្រប់គ្រង) ជំនាន់នោះ មកពិនិត្យ និងផ្ទៀងផ្ទាត់តែម្តងទៅ ជាការស្រេច ហើយទាន់ពេលផង។»
ដោយឡែកលោក ផៃ ស៊ីបាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការផ្ទៀងផ្ទាត់ផែនទីដទៃ ជាមួយផែនទីរដ្ឋ គ្រាន់តែជាកិច្ចគួបផ្សំ មិនមែនជាការចាំបាច់ទៀតទេ។ លោកបានពាំនាំពាក្យ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងលើកឡើង នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី មកបញ្ជាក់ថា៖ «ការងារផ្ទៀងផ្ទាត់ផែនទី ជាការងារបំភ្លឺ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់»។
អ្នកនាំពាក្យរូបនេះ លើកឡើងហាក់ចង់ព្រមានថា៖ «គណបក្ស CNRP គួរមានភាពស្មោះត្រង់នឹងប្រជាជាតិ ចំពោះករណីផែនទីនេះ ដើម្បីផលប្រយោជន៍ប្រជាជាតិរួម។ (...) ក៏ប៉ុន្តែ ភាពល្ងង់ខ្លៅដទៃទៀត របស់អ្នកមាននិន្នាការប្រឆាំង ឬប្រើប្រាស់ ដើម្បីផលប្រយោជន៍ប្រជាភិថុត ឬនយោបាយនោះ ក៏ត្រូវតែបញ្ចប់ហើយ។ ដែនសមត្ថកិច្ច និងការអនុវត្តច្បាប់ ចំពោះការងារព្រំដែន ត្រូវតែបន្តម៉ឺងម៉ាត់ និងគ្មានការយោគយល់។»
លោក ផៃ ស៊ីផាន ថាលោកនាយករដ្ឋមន្រ្តី សូមធ្វើការរំលឹក ដល់ក្រុមដែលលោក បានហៅថា«ខ្លៅ» ចំពោះការងារទាំងអស់នេះថា៖ «ការដោះស្រាយការងារព្រំដែន ជាមួយថៃ គឺតាមរយៈអនុសារណៈយោគយល់គ្នា ឆ្នាំ២០០០ ជាមួយនឹងផែនទីកម្ពុជា-ថៃ ដែលផលិតតាមរយៈ អនុសញ្ញា១៩០៤ និង១៩០៧ ជាមួយផែនទីខ្នាត ១/២០០.០០០។ ជាមួយឡាវ គឺ(ផលិត)ឆ្នាំ១៩៩៥ លើផែនទីខ្នាត ១/១០០.០០០។ ឯជាមួយវៀតណាម (ផលិត) ឆ្នាំ១៩៨៥ លើផែនទីខ្នាត១/១០០.០០០។ រឿងផ្ទៀងផ្ទាត់ផែនទី ចប់ហើយ ការងារនីតិរដ្ឋ ត្រូវតែបន្តដោយម៉ឹងម៉ាត់។»៕