រាស្ត្រអង់គ្លេស ស្ដាយក្រោយចំពោះការចាកចេញពីអ៊ឺរ៉ុប
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មេសា ២០១៧
- កែប្រែចុងក្រោយ: May 01, 2017
- ប្រធានបទ: អ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺជាលើកទីមួយហើយ ដែលរាស្ត្រអង់គ្លេស ភាគច្រើន បានសំដែងការសោកស្ដយ ចំពោះលទ្ធផលនៃការធ្វើប្រជាមតិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ដែលសម្រេច (ជាមួយនឹងសម្លេងគាំទ្រ ៥២%) ឲ្យចក្រភព ចាកចេញពីសហភាពអ៊ឺរ៉ុប (EU)។ នេះបើតាមការស្ទង់មតិ របស់វិទ្យាស្ថាន «YouGov» ដែលត្រូវបានសារព័ត៌មាន «The Times» ដ៏ធំយកមកចុះផ្សាយ នៅចុងសប្ដាហ៍នេះ។
ការស្ទង់មតិ ដែលបានធ្វើ ទៅលើបណ្ដាជនពេញវ័យ ចំនួន១៥៩០នាក់ បានពន្យល់ថា នៅចំពោះសំនួរ «ជាមួយនឹងពេលវេលាកន្លងទៅ តើអ្នកគិតថា ចក្រភពអង់គ្លេស ធ្វើត្រូវឬខុស ក្នុងការចាកចេញ ពីសហភាពអ៊ឺរ៉ុប?» ប្រជារាស្ត្រអង់គ្លេស ៤៥% បានសំដែងការសោកស្ដាយ ចំពោះជម្រើសនេះ - ៤៣% បានឆ្លើយថា ត្រូវ ខណៈ ១២%ផ្សេងទៀត មិនឆ្លើយ។
សារព័ត៌មាន «The Times» បានសរសេរថា៖ «គឺជាលើកដំបូងហើយ ដែលមានមនុស្សភាគច្រើន និយាយថា ប្រជាមតិ (ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦) បានបង្ហាញពីលទ្ធផល ដ៏អាក្រក់។ (...) លទ្ធផលនេះបានបង្ហាញទៀតថា ការចាកចេញពីសហភាពអ៊ឺរ៉ុប កំពុងធ្វើប្រទេសទាំងមូលបែកបាក់។»។
ការស្ទង់មតិបានបញ្ជាក់បន្តថា បណ្ដាជនអង់គ្លេស ចំនួន ៨៥% ដែលបានបោះឆ្នោតគាំទ្រ ការចាកចេញពីសហភាពអ៊ឺរ៉ុប នៅតែពេញចិត្តចំពោះជម្រើសរបស់ពួកគេដដែល ខណៈបណ្ដាជនអង់គ្លេស ចំនួន ៨៩% ដែលនិយមសហភាពអ៊ឺរ៉ុប នៅតែគិតរហូតមកដល់ថ្ងៃនេះ ថាការធ្វើប្រជាមតិ (ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦) គួរតែមានលទ្ធផលផ្សេង។
ចំពោះការប៉ះពាល់ ទៅលើស្ថានភាពសេចកិច្ចវិញ បណ្ដាជន ៣៩% បានរំពឹងថា ចក្រភពអង់គ្លេស ដែលនៅក្រៅអ៊ឺរ៉ុប និងមានស្ថានភាពអាក្រក់ជាង នៅក្នុងអ៊ឺរ៉ុប ខណៈបណ្ដាជន ២៨% បានយល់ផ្ទុយមកវិញ ថាសេចកិច្ចរបស់ប្រទេស នឹងមានភាពល្អប្រសើរ នៅក្នុងពេលអនាគត។
ប្រជារាស្ត្រអង់គ្លេស ចំនួន៣៦% បានគិតថា ប្រទេសរបស់ខ្លួន នឹងមិនមានឥទ្ធិពលខ្លាំង នៅក្នុងពិភពលោកទៀតទេ បន្ទាប់ពីបានចាកចេញ ពីអ៊ឺរ៉ុប។ តែរាស្ត្រអង់គ្លេសចំនួន ១៩% គិតផ្ទុយទៅវិញ ថាចក្រភពអង់គ្លេសនឹងមានលទ្ធភាព បង្ហាញពីឥទ្ធិពលរបស់ខ្លួនជាថ្មី នៅខាងក្រៅសហភាព៕