អាសឺណល បង្ហាញពីទម្រង់ឥតខ្ចោះ ខណៈបន្តឈ្នះ៣ប្រកួតជាប់ៗគ្នា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) បានបង្ហាញពីទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីពួកគេប្រកួតលក្ខណៈទេសចរណ៏ នៅតំបន់អាស៊ី ដោយបានទទួលជ័យជំនះទាំង៣ ក្នុងការប្រកួត៣លើកដំបូង។
គ្រូបង្វឹងរបស់ក្រុមបាល់ទាត់ជប៉ុន ណាហ្គូយ៉ា និងលោក វឹងជ័រ នៃក្រុមអាសឺណល ចាប់ដៃគ្នា។
បន្ទាប់ពីបំបាក់ឥណ្ឌូនេស៊ី (Indonesia Dream Team) ៧-០ និងលត់វៀតណាម (Vietnam XI) ៧-១ រួចមក អាសឺណលបានយកឈ្នះក្រុម ណាហ្គូយ៉ា ហ្គ្រាមផឺស (Nagoya Grampus) របស់ប្រទេសជប៉ុន ដោយលទ្ធផល ៣-១ ទៀត កាលពីយប់ថ្ងៃច័ន្ទ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង អូលីវីយើ ជីរ៉ូដ (Olivier Giroud) នៅតែជាអ្នកទាត់បញ្ចូលទីបានគ្រប់ការប្រកួតដដែល បន្ទាបពីគាត់លោតតែតបើកឆាក ឲ្យអាសឺណលនាំមុខម្ចាស់ផ្ទះមុនបានសម្រេចនៅនាទីទី៣ ដើមវគ្គទី១ បន្ទាប់ពីទទួលបាល់បានយ៉ាងល្អ ពីខ្សែបម្រើថូម៉ាស រ៉ូស៊ីស្គី (Tomas Rosicky)។
ខ្សែបម្រើសញ្ជាតិជប៉ុន រីយ៉ូ ម៉ីយៃជី (Ryo Miyaichi) បានបន្ថែមគ្រាប់ទី២ ឲ្យលោកអាសិង វិងហ្គឺ (Arsene Wenger) មានការកក់ក្តៅនៅនាទីទី២៦ ដោយការទាត់បាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ បន្ទាប់ពីខ្សែការពារក្រុមម្ចាស់ផ្ទះធ្វើឲ្យមានកំហុសឆ្គង ទៅលើជីរ៉ូដ នៅក្នុងប្រអប់គ្រោះថ្នាក់។
ចាប់ផ្តើមបាន១០នាទី ក្នុងវគ្គទី២ ខ្សែបម្រើអន្តរជាតិអង់គ្លេស ថេអូ វ៉ាលខត (Theo Walcott) បានបន្ថែមគ្រាប់ទី៣ ឲ្យក្រុមភ្ញៀវជាបន្តទៀត។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមណាហ្គាយ៉ា ដែលជាអតីតក្រុមរបស់លោកវិងហ្គឺ ធ្លាប់ដឹកនាំមុនផ្ទេរមកអាសឺណលឆ្នាំ១៩៩៦នោះ បានវាយបក១គ្រាប់វិញនៅនាទីទី៧២ ដោយខ្សែប្រយុទ្ធគីស្ស៊ូ យ៉ាណូ (Kisho Yano)។
ក្រុមរបស់លោកអាសិង វិងហ្គឺ នឹងត្រូវប៉ះក្រុម យូរ៉ាវ៉ា រ៉ែដដាយម៉ុន (Urawa Red Diamonds) របស់ជប៉ុន១ក្រុមទៀត នៅថ្ងៃទី២៦ ខែកក្កដាខាងមុខនេះ មុនពេលដែលត្រូវធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេសវិញ ដើម្បីចូលរួមប្រកួតពានរង្វាន់អិមីរ៉េដខាប់ (Emirates Cup) ជាមួយក្រុមណាប៉ូលី (Napoli) របស់អ៊ីតាលី នៅថ្ងៃទី០៣ ខែសីហា និងក្រុមហ្គាឡាតាសារៃ (Galatasaray) របស់ទួរគី នៅថ្ងៃទី០៤ ខែសីហា។
មុនបើករដូវកាលថ្មី កាំភ្លើងធំអាសឺណល នឹងត្រូវប៉ះក្រុមគូប្រជែងធំក្នុងលីក ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក្នុងការប្រកួតមិត្តភាពចុងក្រោយ នៅថ្ងៃទី១០ ខែសីហា និងសប្តាហ៏បន្ទាប់ក្រុមមួយនេះ ត្រូវប៉ះក្រុមខែល អាស្តុន វីឡា (Aston Villa) ក្នុងការប្រកួតបើកឆាកសប្តាហ៏ទី១ នៃពានរង្វាន់ព្រីមែលីក (Premier League)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ