វិនាសកម្មព្យុះសមុទ្រនៅហ្វីលីពីន៖ ពិភពលោករួមគ្នាផ្ដល់ជំនួយ (VDO)
បណ្ដាប្រទេសជាច្រើន និងអង្គការអន្តរជាតិនៅជុំវិញពិភពលោក ជាពិសេសសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសនានានៅសហគមន៍អ៊ឺរ៉ុប បានបញ្ជូនជាបណ្ដើរៗនូវជំនួយសង្គ្រោះរបស់ពួកគេ ទៅកាន់កោះហ្វីលីពីន ដែលមួយភាគនៃប្រទេសនេះត្រូវបានបំផ្លាញដោយ ព្យុះសមុទ្រហៃយ៉ាន (Haiyan) យ៉ាងរន្ធត់ជាទីបំផុត។
ព្យុះសមុទ្រដែលបានបន្សល់ទុក នូវជនរងគ្រោះដល់ជីវិត ជាច្រើនពាន់នាក់។ (រូបថត gigapica)
ជំនួយសង្គ្រោះ - មុនគេបំផុតនោះ គឺសហរដ្ឋអាមេរិក ដែលមានមូលដ្ឋានយោធានៅក្បែរនឹងប្រទេសហ្វីលីពីនស្រាប់។ រដ្ឋមន្ត្រីការពារជាតិ លោកជុក ហាជែល (Chuck Hagel) បានផ្ដល់ចម្លើយជាវិជ្ជមាន ទៅនឹងការដង្ហោយសុំរកការសង្គ្រោះ របស់ទីក្រុងម៉ានីល។ ជំនួយក្នុងជំហានដំបូង ដែលកំពុងធ្វើដំណើរមកដល់នោះ គឺកាណូតរុករកដើម្បីសង្គ្រោះ និងយន្ដហោះដឹកស្បៀងជាច្រើនគ្រឿង។ សម្ភារះទាំងនេះ នឹងធ្វើដំណើរចេញពីមូលដ្ឋានយោធា ឬពីនាវាចម្បាំងនានា របស់អាមេរិក ដែលមានទីតាំងនៅក្នុងមហាសាគរបាស៊ីភិក។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គី-មូន បានសន្យាថា «ភ្នាក់ងារជំនាញរបស់អង្គការកំពូលនេះ នឹងធ្វើប្រតិកម្មយ៉ាងលឿនជាទីបំផុត ដើម្បីយកអាសារបណ្ដាជន ដែលកំពុងត្រូវការឲ្យជួយសង្គ្រោះ»។ ចាប់ពីថ្ងៃសៅរ៍ទី០៩ខែវិច្ឆិកានេះមក កម្មវធីស្បៀងអាហារពិភពលោក បានបញ្ជូនក្រុមការងារមួយទៅកាន់ខេត្ត តាក្លូបង់ ដែលជាខេត្តមួយ រងគ្រោះខ្លាំងជាងគេ នៃប្រទេសហ្វីលីពីន ដើម្បីវាយតម្លៃពីតម្រូវការចំពោះមុខ។ កម្មវិធីរបស់អង្គការសហប្រជាជាតិនេះ ក៏បានត្រៀមរួចស្រេច ដើម្បីបញ្ជូនទៅកាន់ទីនោះ នូវជំនួយម្ហូបអាហារសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលមានទំងន់ជាង ៤០តោន។
មូលនិធិកុមារមួយទៀត ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិដែរ ហៅកាត់ថា យូនីសេហ្វ (UNICEF) បានប្រកាសបន្ថែមថា យន្ដហោះដឹកស្បៀង ថ្នាំសង្កូវនិងសម្ភារៈចំណុះជាង ៦០តោន នឹងទៅដល់ហ្វីលីពីននៅថ្ងៃអង្គារខាងមុខ។ ការជួយសង្គ្រោះរបស់មូលនិធិកុមារនេះ ក៏មានភ្ជាប់ទៅមួយដែរ នូវក្រុមគ្រូពេទ្យ និងក្រុមឯកទេសខាងចម្រោះទឹកស្អាត។
អង្គការគ្រូពេទ្យគ្មានព្រំដែន បានប្រកាសថា ខ្លួនកំពុងបញ្ជូនថ្នាំពេទ្យ សំពត់បោះជាជម្រក និងសម្ភារះអនាម័យ ដែលគិតសរុបមានទំងន់ជាង ២០០តោន ហើយគ្រោងនឹងមកដល់នៅពាក់កណ្ដាលសប្ដាហ៍ក្រោយ។ យន្ដហោះដែលដឹកសម្ភារះទាំងនោះ មួយគ្រឿងនឹងចេញពីទីក្រុងឌុយបៃ នៅថ្ងៃចន្ទ និងមួយគ្រឿងចេញពីប្រទេសប៊ែលហ្សិក នៅថ្ងៃអង្គារ។
ចំណែកឯគណកម្មការអ៊ឺរ៉ុបវិញ បានប្រកាសថា ខ្លួនបានបញ្ចេញប្រាក់ ៣លានអ៊ឺរ៉ូ (ប្រមាណជា៤លានដុល្លា) ដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ។ ប្រទេសអង់គ្លេស បានប្រគល់ជំនួយជាស្រោមសំបុត្រមួយ ដែលមានទឹកប្រាក់ប្រមាណជា ៩,៦លានដុល្លា។ ស្ថានទូតអាឡឺម៉ង់ ប្រចាំនៅទីក្រុងម៉ានីស បានប្រកាសថាប្រទេសខ្លួន បានបញ្ចូនចេញទៅកាន់ប្រទេសហ្វីលីពីន នូវសម្ភារះជួយសង្គ្រោះដែលមានទម្ងន់ជាង២៣តោន ខណៈក្រុមជួយសង្គ្រោះអាឡឺម៉ង់ កំពុងធ្វើប្រតិបត្តិនៅនឹងកន្លែងរួចស្រេចទៅហើយ។
ប្រទេសកាណាដាបានសន្យាផ្ដល់ជំនួយ ៥លានដុល្លា ទៅអង្គការក្រៅរដ្ឋាភិបាល ដែលត្រៀមខ្លួនជួយអ្នកដែលនៅមានជីវិត។ ប្រទេសនៅក្នុងមហាសមុទ្រប៉ាស៊ីភិក ដូចយ៉ាង ញ៉ូហ្សេឡេន និងអូស្ត្រាលី បានបញ្ចូនជំនួយរបស់ខ្លួនជាជំហានដំបូង ៤៩០ពាន់ដុល្លា តែបានសន្យាថានឹងបញ្ជូនមកបន្ថែមទៀត នៅពេលដែលទំហំនៃមហន្តរាយ ត្រូវបានវាយតម្លៃដឹងដល់កម្រិតណានោះ។
សម្រាប់សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រ (François) ដែលពោរពេញទៅដោយភាពក្ដុកក្តួល បានស្នើសុំឲ្យអ្នកកាន់សាសនាកាតូលីកទាំងឡាយ ផ្ដល់នូវការយកអាសារឲ្យស្មោះអស់ពីដួងចិត្ត ទៅដល់ប្រទេសហ្វីលីពីន ហើយព្រះអង្គបានធ្វើពិធីបួងសួងមួយឧទ្ទិសទៅជនរងគ្រោះ នៅចំពោះមុខអ្នកស្មោះស្ម័គ្រជាង៦០ពាន់នាក់។
ព្យុះសមុទ្រហៃយ៉ាន បានបោកបក់លើប្រជុំកោះហ្វីលីពីន កាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកា ហើយបានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ មិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។ នៅក្នុងជំហានដំបូង អាជ្ញាធរបានប្រកាសថា អ្នកស្លាប់អាចមានចំនួនច្រើនជាង មួយម៉ឺននាក់ ហើយមនុស្សច្រើនជាង២០០០នាក់ផ្សេងទៀត បានបាត់ខ្លួន។ អ្នកទទួលខុសត្រូវនៃប្រទេស ទំនងជាបានតក់ស្លុតនឹងទំហំនៃការបំផ្លិចបំផ្លាញ និងចំនួនជនរងគ្រោះ។ ការគាស់ហាងទំនិញ ដើម្បីលួចរបស់របរជាច្រើន បានកើតមានឡើង ក្នុងនោះមានមួយចំនួនបានប្រែក្លាយជាអំពើហិង្សា ខណៈប្រទេសទាំងមូលកំពុងប្រឈមនឹងកង្វះភ្នាក់ងាររក្សាសន្តិសុខ ទឹកផឹក ចំណីអារហារ និងជម្រកសម្រាប់អ្នករួចផុតពីសេចក្ដីស្លាប់៕
សូមទស្សនាវីដេអូ របស់ទូរទស្សន៍ប៊ីប៊ីស៊ី ដែលនិយាយពីព្រឹត្តិការណ៍នេះ ដូចតទៅ៖
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ