ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​គូ​សត្រូវ​ទាំង​ពីរ នឹង​ជួប​គ្នា​ស្អែក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន (Moon Jae-in) និងអគ្គមគ្គុទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) នឹងជួបគ្នានៅថ្ងៃសុក្រស្អែកនេះ នៅលើតំបន់មួយ ដែលគ្មានយោធា និងស្ថិតនៅចន្លោះប្រទេសទាំងពីរ។ នេះ បើតាមការប្រកាសរបស់រដ្ឋាភិបាល ក្រុងសេអ៊ូល នៅថ្ងៃព្រហស្បត្តិនេះ។
ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​គូ​សត្រូវ​ទាំង​ពីរ នឹង​ជួប​គ្នា​ស្អែក
រូបថតមេដឹកនាំកូរ៉េទាំងពីរ ដែលត្រូវបានក្រុមនិស្សិត យកមកភ្ជាប់គ្នា ក្នុងន័យបង្រួបបង្រួមកូរ៉េ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី២៦ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 26, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកខុទ្ទកាល័យប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង លោក «Im Jong-seok» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា លោកប្រធានាធិបតី មូន ចេ-អ៊ីន (Moon Jae-in) នឹងទទួលជួបសមភាគីរបស់លោក ជាលក្ខណៈនិមិត្តរូប នៅលើផ្នែកម្ខាង នៃខ្សែបន្ទាត់ខណ្ឌចែក រវាងប្រទេសកូរ៉េខាទាំងពីរ ដែលជាតំបន់គ្មានយោធា។

«ផ្នែកម្ខាង»នេះ ស្ថិតក្នុងទឹកដី នៃប្រទេសកូរ៉េខាងត្បូង។ បើសិនជាលោក គីម ជុង-អ៊ុន (Kim Jong-un) អគ្គមគ្គុទេសក៍ នៃប្រទេសកូរ៉េខាងជើង បានឈានជំហាន ឆ្លងកាត់ខ្សែបន្ទាត់នេះ លោកនឹងក្លាយ​ជា​មេដឹកនាំ​កូរ៉េ​កុម្មុយនីស្ដិ៍​លើក​ដំបូង​បង្អស់ ដែលបានជាន់ដីកូរ៉េខាងត្បូង រាប់ចាប់តាំងពីសង្គ្រាមកូរ៉េ ដែលបានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់មួយ កាលពី៦៥ឆ្នាំមុន។

នៅក្នុងគម្រោងជំនួប រវាងមេដឹកនាំទាំងពីរ លោក គីម នឹងធ្វើការត្រួតពល ដែលជាពិធីការកិត្តិយស សម្រាប់ទទួលមេដឹកនាំបរទេស ហើយបន្ទាប់មក លោក​ទាំងពីរ នឹងដើរដោយថ្មើរជើង ទៅកាន់វិមានសន្តិភាព ដែលសង់ឡើងដោយថ្មបេតុង និងកញ្ចក់ ស្ថិតនៅក្បែរក្រុង «Panmunjom» ទីក្រុង​ដែលភាគីកូរ៉េ​ទាំងសងខាង បានចុះហត្ថលេខា ព្រមព្រៀងឈប់បាញ់ នៅឆ្នាំ១៩៥៣។

លោក «Im Jong-seok» បានបន្តទៀតថា មេដឹកនាំកូរ៉េខាងជើង នឹងចុះហត្ថលេខា នៅលើសៀវភៅក្រាំងមាសមួយ ហើយបន្ទាប់មក គណៈប្រតិភូនៃប្រទេសទាំងពីរ នឹងទទួលទានអាហារថ្ងៃត្រង់ នៅតាមការរៀបចំ ដោយរៀងៗខ្លួន (គណៈប្រតិភូកូរ៉េខាងជើង នឹងដើរត្រឡប់ចូលក្នុងទឹកដីខ្លួនវិញ ដើម្បីទៅបរិភោគលៀងអាហារ របស់ផងខ្លួន នៅទីនោះ)។

សម្រាប់របៀបវារៈ ក្នុងពេលរសៀល លោក គីម និងលោក មូន នឹងដាំដើមឈើមួយដើម នៅលើខ្សែព្រំដែន​ជានិមិត្តរូបមួយ ក្នុងវិមានសន្តិភាព។ សេចក្ដីថ្លែងការណ៍រួមមួយ នឹងត្រូវចេញផ្សាយឲ្យដឹង បន្ទាប់ពីការចុះហត្ថលេខា រវាងមេដឹកនាំទាំងពីរ។ នៅនាទីចុងក្រោយ ជំនួបកំពូលនឹងត្រូវបិតបញ្ចប់ ដោយពិធីជប់លៀងតូចមួយ និងពិធីលាគ្នា មុននឹងគណៈប្រតិភូ នៃប្រទេសកូរ៉េខាងជើង ចាកចេញទៅកាន់ទឹកដីរបស់ខ្លួនវិញ។

សមាសភាព នៃគណៈប្រតិភូកូរ៉េខាងជើង នឹងមានវត្តមានចូលរួម របស់លោក គីម យ៉ុង-ណាម (Kim Yong-nam) ប្រមុខរដ្ឋកូរ៉េខាងជើង និងជាពិសេស វត្តមានរបស់អ្នកស្រី គីម យ៉ូ-ចុង (Kim Yo-jong) ប្អូនស្រីរបស់លោក គីម ជុង-អ៊ុន។ អ្នកស្រី គីម បានត្រួសត្រាយផ្លូវជាមុនរួចហើយ តាំងពីប៉ុន្មានខែកន្លងមក ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកសិសិររដូវ  មុននឹងឈាន មកដល់​ជំនួបកំពូលមួយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...