ចារកម្ម​អាមេរិក​ថា រ៉ូស្ស៊ី​បាន​ជួយ ដូណាល់ ត្រាំ ឲ្យ​ឈ្នះឆ្នោត

រដ្ឋាភិបាលក្រុងម៉ូស្គូ ពិតជាបានជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ (Donald Trump ) ឈ្នះ​ឆ្នោត។ នេះបើតាមការអះអាង របស់ភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» នៅក្នុង​របាយការណ៍​មួយ ចុះផ្សាយ​ដោយ​សារព័ត៌មាន «Washington Post»។
ចារកម្ម​អាមេរិក​ថា រ៉ូស្ស៊ី​បាន​ជួយ ដូណាល់ ត្រាំ ឲ្យ​ឈ្នះឆ្នោត
ពីឆ្វេងទៅស្ដាំ៖ លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរ៉ូស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ទើប​ជាប់​ឆ្នោត។ (រូបថតឯកសារ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 10, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការវាយតម្លៃដ៏អាថ៌កំបាំងមួយ របស់ភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» បានឲ្យដឹងថា ប្រទេស​រ៉ូស្ស៊ី​បាន​ជ្រៀត​ជ្រែក ចូលមកក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​អាមេរិក ដើម្បីជួយឲ្យបេក្ខជន មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះឆ្នោត។ នេះបើតាម​​របាយការណ៍​លំអិតមួយ ចុះ​ផ្សាយ​​កាល​​ពីថ្ងៃសុក្រនេះ ដោយសារព័ត៌មាន «Washington Post» ដោយបានយកសក្ខីកម្ម ពីការ​វាយ​តម្លៃ​នេះ តាម​រយៈ​អ្នក​​ទទួល​​ខុស​​ត្រូវ​​ច្រើន​​នាក់ នៃស្ថាប័នចារកម្មដ៏ធំ របស់ប្រទេសមហាអំណាច មកបញ្ជាក់។

របាយការណ៍របស់សារព័ត៌មាន ត្រូវបានចេញផ្សាយ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​​ផុត​តំណែង បានបញ្ជាទៅស្ថាប័ន «CIA» ឲ្យធ្វើរបាយការណ៍​ដ៏ពេញលេញមួយ ទៅលើ​ការ​លួច​ជ្រៀត​ចូល ផ្នែក​ព័ត៌មានវិទ្យា នៅក្នុងអំឡុងពេល ​នៃ​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត ដោយ​សង្កត់ធ្ងន់​​ទៅ​លើ​​ចំងល់​​ធំៗ​ជាច្រើន ពាក់ព័ន្ធ​នឹង​ការ​ជ្រៀត​ជ្រែក របស់រដ្ឋាភិបាលក្រុងម៉ូស្គូ នៅក្នុងការបោះឆ្នោត។

សារព័ត៌មានបានរកឃើញថា ឥស្សរជនសំខាន់មួយចំនួន ដែលជិតដិតជាមួយក្រុងម៉ូស្គូ បានទម្លាយ​ទៅ​ឲ្យ​គេហទំព័រ «WikiLeaks (គេហទំព័រមានជំនាញ ខាងការបើកកកាយ អាថ៌កំបាំងធំៗ នៅក្នុងពិភពលោក)» នូវ​ទូរសារ​​អេឡិចត្រូនិកជាច្រើន ដែលត្រូវ​បាន​លួច​យកចេញ ពីប្រអប់មែលរបស់លោក «John Podesta» អតីត​នាយក​គ្រប់គ្រង យុទ្ធនាការឃោសនា​របស់អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) និងពីប្រអប់មែល របស់​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​មួយរូប របស់«CIA» បានថ្លែងឡើងថា៖ «បណ្ដាញគិញ នៃក្រុមចារកម្ម បានយល់​ថា ទិសដៅ​របស់ប្រទេសរ៉ូស្ស៊ី គឺត្រូវធ្វើយ៉ាងណា ឲ្យបេក្ខជនមួយមានប្រៀប ជាងបេក្ខជនមួយទៀត ជា​ពិសេស​ជួយ ឲ្យលោក ត្រាំ បានជាប់ឆ្នោត»។

ចំពោះក្រុមលោក ដូណាល់ ត្រាំ វិញ បានបដិសេធសេចក្ដីសន្និដ្ឋាននោះភ្លាម ដោយបានចាត់ទុក​ការ​សិក្សា​វិភាគ របស់ភ្នាក់ងារចារកម្ម ថាបានលើកឡើង ដូចគ្នា​ទៅនឹង​ការ​សិក្សា​វិភាគ​លើកមុន ដែលអះអាងថា អតីត​ប្រធានាធិបតី​អៀរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam Hussein) មានអាវុធប្រល័យលោក។

អ្នកជិតដិតម្នាក់ របស់លោក ដូណាល់ ត្រាំ បានថ្លែងឡើងថា៖ «ការបោះឆ្នោតបានបញ្ចប់ទៅជាយូរ ជាមួយ​នឹង​លទ្ធផល ដែលបង្ហាញពីជ័យជំនះ ដ៏ធំធេងមួយ ពីចំណោម​ជ័យជំនះ​ទាំងឡាយ នៅក្នុង​ប្រវត្តិសាស្ត្រ បើគេ​រាប់​ពី​ចំនួន​​មណ្ឌល (ដែលលោក ត្រាំ បានឈ្នះ)។ ពេលនេះ វាដល់ពេល ត្រូវធ្វើអ្វីផ្សេង និងត្រូវ"ផ្ដល់ឲ្យអាមេរិក នូវ​ភាព​រុងរឿង​ជា​ថ្មី"ទៀត។»។

យ៉ាងណាក៏ដោយ ក៏របាយការណ៍​របស់ភ្នាក់ងារចារកម្ម មិនបានបញ្ចេញផ្សាយ ជាផ្លូវការ ឲ្យដឹងជា​សាធារណៈ​ឡើយ។ សារព័ត៌មាន «Washington Post» បានពន្យល់ទៀតថា ចំងល់នៅក្នុងសំនុំរឿង នៅតែ​មាន​ជា​បន្ត​ទៅ​ទៀត ដោយសារតែភ្នាក់ងារ «CIA» មិនមានភស្ដុតាងគ្រប់គ្រាន់ បង្ហាញពីការចូលរួម ឬការ​បញ្ជា​ដោយ​ផ្ទាល់ ពីសំណាក់អ្នកទទួលខុសត្រូវ របស់រដ្ឋាភិបាលរ៉ូស្ស៊ី នៅក្នុងសំនុំរឿង ឬបានបញ្ជា​ឲ្យ​មនុស្ស​«ទីបី» ឲ្យ​បញ្ជូនទូរសារ​អេឡិចត្រូនិក ដែលលួច​ប្រមូលបាន យកទៅឲ្យ​គេហទំព័រ វីគីលីគ្ស៍ នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...