ឈាង វុន៖ រដ្ឋសភា​កំពុង​រង​សម្ពាធ​ពី​សាធារណៈមតិ!

ការផ្សព្វផ្សាយ របស់គណបក្សប្រឆាំង អ្នកវិភាគ និងសង្គមស៊ីវិល«មួយចំនួន» នៅកម្ពុជា ពិតជាមានឥទ្ធិពលខ្លាំងក្លាមែន ព្រោះបើសូម្បីរដ្ឋសភា ដែលគ្រប់គ្រងសឹងតែទាំងស្រុង ដោយគណបក្សកាន់អំណាច មានទាំងវិទ្យុទូរទស្សន៍សារព័ត៌មាន រួមនឹងហ្វេសប៊ុក«៤លាន Likes» របស់នាយករដ្ឋមន្ត្រីនោះក៏ដោយ ក៏នៅតែចាញ់ឥទ្ធិពលដ៏ខ្លាំងនេះដែរ។ នេះបើគេយោងតាមការអះអាង របស់លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យឲ្យក្រុមអ្នកតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាសថា រដ្ឋសភាជាតិ កំពុងរងសម្ពាធពីសាធារណៈមតិ។
ឈាង វុន៖ រដ្ឋសភា​កំពុង​រង​សម្ពាធ​ពី​សាធារណៈមតិ!
ពីឆ្វេងមកស្ដាំ៖ លោក ឈាង វុន និងលោក កឹម សុខា។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 27, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគេមិនបានស្ដាប់ដោយផ្ទាល់ គេប្រាកដជាមិនជឿ ពីការសារភាពទាំងនេះទេ៖ រដ្ឋសភាកំពុង​តែ​រង​សម្ពាធ ពី​​សាធារណៈ​មតិ ដោយហេតុបណ្ដាល មកពីគណបក្សប្រឆំាង អ្នកវិភាគ និង​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​កំពុង​ធ្វើការ​មួលបង្កាច់។ នេះជាការថ្លែងដោយផ្ទាល់ របស់លោក ឈាង វុន តំណាង​រាស្ត្រ ​និង​ជា​អ្នក​នាំ​ពាក្យ ឲ្យ​ក្រុម​អ្នក​តំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ទាក់ទង​នឹង​ព្រឹត្តិការណ៍​ចុង​ក្រោយ​បំផុត ជា​ពិសេស​ជុំវិញ​ការ​ចាប់​ចង ដែល​បាន​ធ្វើទៅលើសមាជិកព្រឹទ្ធិសភា លោក ហុង សុខហួរ - សមាជិក​សភា លោក អ៊ុំ សំអាន និង​ករណី​ចុង​ក្រោយ ទៅ​លើ​សមាជិកសភា លោក កឹម សុខា ជា​ដើម។

មិនជឿ ដោយសារគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចច្រើនទសវត្សន៍​នៅកម្ពុជា បាន​គ្រប់គ្រង​សឹង​តែ​ទាំងស្រុង ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយភាគធំនៅកម្ពុជា មានទាំង​វិទ្យុ​ទូរទស្សន៍​សារព៌ត៌មាន។ល។ ហើយ​គេ​នៅ​មិនទាន់​និយាយដល់ ទំព័រហ្វេសប៊ុកផ្លូវការ របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែលមានអ្នក​តាម​ដាន រហូត​ដល់​ទៅ​ជាង ៤លាន Likes នោះផងទេ។ ដូច្នេះ សួរថា តើការ​«មួល​បង្កាច់» របស់​គណបក្ស​ប្រឆាំង អ្នក​វិភាគ និង​សង្គមស៊ីវិល​«មួយ​ចំនួន»​នោះ ឈរ​លើ​មធ្យោបាយ និង​មូលដ្ឋាន​អ្វី ទើបសូម្បីរដ្ឋសភា ដែល​មាន​តំណាងរា​ស្ត្រ អ្នកគ្រប់គ្រង និង​មន្ត្រីបម្រើការ​ភាគ​ច្រើនមក​ពី​គណបក្ស​ប្រជាជន​កម្ពុជានោះ​ នៅ​តែ​ត្អូញ​ថា កំពុង​រង​សម្ពាធ​​ពីសាធារណៈមតិ?

មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះលោក ឈាង វុន ដែលជាសមាជិកជាន់ខ្ពស់មួយរូប ពីគណបក្ស​កាន់​អំណាច បាន​​អះអាង​​ទៀត ទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅវិមានរដ្ឋសភា ក្នុងព្រឹកថ្ងៃទី២៧ ខែឧសភានេះ ថា ការ​មូល​​បង្កាច់​​នោះ ត្រូវបានធ្វើឡើង ដោយខុសពីច្បាប់។ លោកបាន​ពន្យល់​លើ​ករណី​ទាក់ទង​លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក កឹម សុខាថា៖ «បទ​ល្មើស​ជាក់ស្តែង អាជ្ញាធរមានសមត្ថកិច្ចអាចឃាត់ខ្លួនចាប់​ខ្លួន ​ឃុំ​ខ្លួន​បាន​ភ្លាមៗ ​ហើយ​ធ្វើរបាយការណ៍ បញ្ជូនមករដ្ឋសភា ដើម្បីសម្រេចដោយមានការបោះឆ្នោត។  (...) មាត្រា​៨០ រដ្ឋធម្មនុញ្ញ​ចែងថា បើចាប់ខ្លួនតាមបទល្មើសធម្មតា មានការគំាទ្រ (ឲ្យដកអភ័យឯកសិទ្ធិសភា) ដោយ​សមាជិកស​ភា២​ភាគ៣។ ប៉ុន្តែបើបទល្មើសជាក់ស្តែង គេចាប់ខ្លួនហើយ (ទើប) សុំមក​សភា​សម្រេច​តែ​ម្តង (តាមក្រោយ)។»។

ក្រុមមន្ត្រីគណបក្សប្រឆាំង អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួន បានបរិហារថា ការចាប់ខ្លួន ឬការប៉ុនប៉ង​​ចាប់​ខ្លួន​មន្ត្រីគណបក្សប្រឆាំង បានធ្វើឡើងដោយរំលោភលើ មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល ស្ថិត​នៅ​ខ្ពស់​ជាង​ក្រមព្រហ្មទណ្ឌ ឬក្រមនីតិវិធីព្រហ្មទណ្ឌ ឬច្បាប់កម្ពុជាណា​ទាំង​អស់។ ប៉ុន្តែ​សម្រាប់​ក្រុម​មន្ត្រី មក​ពី​គណបក្ស​កាន់​អំណាច និងអាជ្ញាធររដ្ឋ ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច បានចាត់ទុក​ការ​បង្ហោះ​ឯកសារ​កន្លង​មក របស់មន្ត្រីគណបក្សប្រឆាំង នៅលើបណ្ដាញ​សង្គម​ និង​ការ​មិន​ចូល​ខ្លួន​របស់​លោក កឹម សុខា តាម​ដីកា​កោះ​របស់តុលាការ គឺជា​បទល្មើស​«ជាក់ស្ដែង»​ ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន ដោយ​មិន​ចាំបាច់​ដក​អភ័យឯកសិទ្ធិ​ជាមុន។ ការបកស្រាយរបស់ក្រុមមន្ត្រីគណបក្សកាន់អំណាច និងអាជ្ញាធររដ្ឋ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកជាច្រើន យក​ទៅ​ចុះផ្សាយ ជាច្រើន​លើក​ជាច្រើន​សារ​ថែម​ទៀត។

ដូច្នេះ គេឆ្ងល់ថា បើរដ្ឋាភិបាល អាជ្ញាធររដ្ឋ ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ឬតុលាការ កំពុង​ធ្វើ​កិច្ចការ​របស់ខ្លួន តាមច្បាប់ទម្លាប់ប្រកបដោយភាពត្រឹមត្រូវនោះ តើមានមូលហេតុអ្វី ដែលធ្វើឲ្យ​សាធារណៈ​មតិ ដាក់សម្ពាធលើរដ្ឋសភា? តើប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមនឹងស្ថានទូតបរទេស សហគមន៍អ៊ឺរ៉ុប ក៏​ដូចជា​ស្នងការ​ជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិផង សុទ្ធតែ«ត្រជៀកស» ជឿ​តាម​ការ​«មួល​បង្កាច់»​របស់គណបក្សប្រឆំាង អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួនឬ?

យ៉ាងណា សម្រាប់ករណីលោក កឹម សុខា ដែលកើតឡើងចុងក្រោយបង្អស់នេះ លោក ឈាង វុន បាន​ពន្យល់​ថា បើទោះជារដ្ឋសភាគ្មានសិទ្ធិ ទៅលូកដៃចូលកិច្ចការផ្ទៃក្នុង របស់តុលាការក៏ដោយ តែរដ្ឋសភា​កំពុង​តាម​ឃ្លាំ​មើល ការអនុវត្តច្បាប់របស់តុលាការ មានភាពត្រឹមត្រូវឬយ៉ាងណា។ លោក ឈាង វុន បានលើក​យក​សេចក្ដី​ថ្លែង​ការណ៍ របស់អយ្យការអមសាលាដំបូងរាជធានី ដែលចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បត្តិ៍ មក​បញ្ជាក់​ថា៖ «គួរតែលោក កឹម សុខា ចូលឆ្លើយជាសាក្សី តាមការអញ្ជើញរបស់តុលាការ នោះនឹងគ្មានបញ្ហា​ទំាង​អស់ (ណ្នឹង) កើតឡើងនោះទេ ។ តាមការវិនិច្ឆ័យរបស់ខ្ញុំ ប្រសិនបើគាត់ចូលតុលាការនោះ នឹង​គ្មាន​ការ​ចាប់ចង​នោះ​ទេ អត់​មាន​សោះ​តែម្តង គឺគ្មានទឡ្ហីករណាមួយចាប់គាត់នោះទេ ក្នុងនាមគាត់ជាអ្នកតំណាងរាស្ត្រ។ ប៉ុន្តែ​កាល​ដែល​គាត់​មិន​ចូលរួមតាមកោះហៅ របស់តុលាការដំបូង ហើយរបាយការណ៍ដែល​តុលាការ​ចេញ​នោះ ផ្សាយនោះ ខ្ញុំ​យល់​ថា តុលាការ​ធ្វើការ​ច្បាស់លាស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...