សវនាការ«ទំនប់ត្រពាំងថ្ម»នៃសំណុំរឿង០០២ វគ្គ២ នឹងធ្វើដោយគ្មាន នួន ជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 24, 2015
- ប្រធានបទ: ខ្មែរក្រហម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សវនាការនីមួយៗ នៃសាលាជម្រះក្តី ខ្មែរក្រហម ត្រូវបានធ្វើការបែងចែក ទៅតាមភាពលំដាប់លំដោយ នៃអង្គហេតុ ក្នុងការជមនុំជ្រមះក្តី ដើម្បីឲ្យមានភាពប្រទាក់ក្រឡាគ្នា ដើម្បីឲ្យយល់ ពីដំណើរការវិវឌ្ឍន៍មួយៗ។ រីឯសំណុំរឿង០០២ វគ្គ២នេះ អង្គជំនុំជំរះសាលាដំបូង របស់សាលាក្ដីវិសមញ្ញ នឹងចាប់ផ្តើមដំបូង ស្វែងយល់ និងស្តាប់អង្គហេតុ ទាក់ទងនឹងសហករណ៍ មន្ទីរសន្តិសុខ និងការរដ្ឋានការងារ។ នេះបើតាមការអះអាង របស់លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១៥នេះ។
លោក នេត្រ ភត្រា បានរៀបរាប់ថា នាថ្ងៃទី២៧ ខែកក្កដា ខាងមុខ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹងត្រូវបានកោះហៅ ឲ្យចូលសវនា ការពាក់ព័ន្ធ នឹងរឿងការដ្ឋានទំនប់ត្រពាំងថ្មនេះ។ តែលោក នួន ជា មិនមានវត្តមានទេ ក្រោមមូលហេតុ«ជំងឺ»។ សម្រាប់លោក ខៀវ សំផន ក្នុងអាយុ៨៤ឆ្នាំវិញ មានសុខភាពគ្រាន់បើ អាចនឹងចូលរួម ក្នុងសវនាការបាន និងម្យ៉ាងទៀត លោក ខៀវ សំផង មិនដែលបោះបង់សវនាការទេ តែងតែបានចូលរួម ដោយផ្ទាល់គ្រប់សវនាការ។
ក្រៅពីបញ្ហាថវិការ សម្រាប់ដំណើរការរបស់សាលាក្តី វិសមញ្ញ ដែលបង្កើតឡើង ដោយកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងអង្គការសហប្រជាជាតិនោះ អ្នកនាំពាក្យនៅបានត្អូញត្អែរទៀត ពីបញ្ហាសុខភាព របស់ជនជាប់ចោទ ដែលមានលក្ខណៈផុយស្រួយយ៉ាងខ្លាំង។ លោក ភត្រា បានស្រង់ការអះអាង របស់មេធាវី ការពារក្ដីឲ្យលោក នួន ជា មកថ្លែងថា លោក នូន ជា ដែលមានអាយុ៨៨ឆ្នាំនោះ មានបញ្ហាផ្នែកចង្កេះ ដែលមិនអនុញ្ញាត ឲ្យគាត់អង្កុយយូរបាន។ ប៉ុន្តែដំណើរការ នៅក្នុងសវនាការយ៉ាងណានោះ នៅតែត្រូវបានលោក នួន ជា តាមដាន ពីបន្ទប់សោធទស្សន៍ បានដដែល។
ទំនប់ត្រពាំងថ្ម ជាការដ្ឋានមួយ ដែលសម័យខ្មែរក្រហម បានកែនប្រជាពលរដ្ឋ មកពីតំបន់ផ្សេងៗ ដើម្បីលើកទំនប់ត្រពាំងថ្មនេះ នៅក្នុងគោលបំណងសេដ្ឋកិច្ច របស់របបអាវខ្មៅ ខ្មែរក្រហម។ លោក នេត្រា បានពន្យល់ថា ដោយផ្អែកតាមការបញ្ជាក់ របស់សាក្សី ប្រជាពលរដ្ឋ ដែលបានកែន មកកាន់ការរដ្ឋាននេះ មានចំនួន ពីមួយម៉ឺនប្រាំពាន់នាក់ ទៅពីរម៉ឺននាក់។ តែសម្រាប់ប្រជាពលរដ្ឋ ដែលបានស្លាប់ ក្នុងដំណើរការ នៃការសាងសង់ការដ្ឋាននោះ មិនទាន់មាន តួរលេខច្បាស់លាស់នៅឡើយ។ យ៉ាងណា តាមរយៈជនរងគ្រោះផ្ទាល់ ពីការរដ្ឋាននោះ បច្ចុប្បន្នមានចំនួន ៩៩នាក់ ដែលបានដាក់ពាក្យបណ្តឹង មកសាលាក្តីខ្មែរក្រហម ក្នុងសំណុំរឿងលេខ០០២ វគ្គ២នេះ។
សូមបញ្ជាក់ថា ការរដ្ឋានទំនប់ត្រពាំងថ្ម មានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្មកណ្តាល និងភូមិប៉ោចារ ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ដែលពីមុន ស្ថិតក្នុងខេត្តបាត់ដំបង។ តែតាមការកំណត់ ទីតាំងភូមិសាស្រ្តរដ្ឋបាល សម័យបក្សកុម្មុយនីសកម្ពុជា ការដ្ឋានទំនប់ត្រពាំងថ្មនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ប្រាំ នៃភូមិភាគពាយ័ព្យ ស្ថិតនៅប្រមាណជា៥០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងស៊ីសុផុន។ កសាងឡើង ក្នុងចន្លោះឆ្នាំ១៩៧៦ និងបញ្ចប់ក្នុងខែឧសភា ឆ្នាំ១៩៧៧ តំនប់ត្រពាំងថ្ម មានខ្នងប្រហែងជាង១០ម៉ែត្រ ជើងទំនប់ប្រហែល ១៨ម៉ែត្រ និងកំពស់ប្រហែលពី ៣ទៅ៥ ម៉ែត្រ។ អាងទំនប់នេះ អាចផ្ទុកទឹក ដែលមានបណ្តោយ ប្រមាណជា១០គីឡូម៉ែត្រ និងទទឹង ប្រមាណជា៧គីឡូម៉ែត្រ៕
» សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖