បាល់ទាត់អង់គ្លេស៖ រ៉ដចឺ ចង់យកកីឡាករ ៣ឬ៤រូបទៀតនៅរដូវក្តៅ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាសែតដៀលី មីរ័រ (Daily Mirror) បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមលីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) មានបំណងនាំយកកីឡាករ ៣ឬ៤រូបទៀតនៅរដូវក្តៅនេះ ដើម្បីមកប្រកួតប្រជែងយកដំណែងឆែមពានលីក (Champions League) មកវិញសំរាប់ក្រុម។ ប៉ុន្តែគាត់បន្ថែមថា កីឡាករទាំងនោះជាកីឡាករដែលមានសមត្ថភាព មិនមែន យកតែបរិមាណនោះទេ។
លោក ប្រេដិន រ៉ដចឺ គ្រូបង្វឹកក្រុមបាល់ទាត់លីវើភូល។
លីវើភូល បានទិញយកខ្សែប្រយុទ្ធអង់គ្លេស ដែលលេងឲ្យក្រុម ឆែលស៊ី (Chelsea) ដានីញ៉ែល ស្ទឺរិជ (Daniel Sturridge) និងខ្សែបម្រើប្រេស៊ីលរបស់ក្រុម អ៊ីនធឺ (Inter) ហ្វីលីប ខូធីញ៉ូ (Philippe Coutinho) កាលពីខែមករាកន្លងទៅ។ កីឡាករដែលទើបតែទិញមកថ្មីទាំង២រូបនេះ បានជួយឲ្យក្រុមរបស់លោក រ៉ដចឺ មានទម្រង់លេងយ៉ាងល្អ ដែលធ្វើឲ្យក្រុមជាប់ឈ្មោះ ជាក្រុមលេងល្អជាងគេ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតក្នុងលីក ១៥លើកចុងក្រោយ។
លោក រ៉ដចឺ សង្ឃឹមថា គាត់នឹងធ្វើបានល្អឲ្យដូចកាលពីខែមករា។ គាត់បាននិយាយថា កីឡាករទាំងនោះ ត្រូវតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដូចទៅនឹងកីឡាករដែលគាត់ ទើបតែទិញមកក្នុងពេលថ្មីៗនេះ ដែលអាចជួយឲ្យក្រុមលីវើភូលមានចំណាត់ថ្នាក់លេខ១២ ឡើងមកដល់ចំណាត់ថ្នាក់លេខ៦ ដោយនៅសល់ការប្រកួតចំនួន ៩លើកទៀត។
លោក រ៉ដចឺ បាននិយាយថា «យើងត្រូវការកីឡាករ ដែលមានសមត្ថភាព មិនមែនបរិមាណនោះទេ។ យើងបានឃើញពីសមត្ថភាពរបស់កីឡាករ ខូធីញ៉ូ និង កីឡាករស្ទឺរិជ ហើយ ពួកគេធ្វើបានយ៉ាងល្អ។ នេះជាអ្វីៗ ដែលយើងត្រូវការ។ បើសិនជាយើងអាចនាំយក កីឡាករដែលមានសមត្ថភាពដូចនេះមករួមក្រុម នោះយើងនឹងទទួលបានក្រុមមួយដ៏ខ្លាំង។»
ចាប់ពីពេលដែលផ្ទេរពីទឹកដី ស្តេមហ្វដប្រិជ្ជ (Stamford Bridge) ទៅកាន់ទឹកដី អេនហ្វៀល (Anfield) ស្ទឺរិជ បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន៥គ្រាប់ ដែលកីឡាកររូបនេះ រកបានតែ២គ្រាប់ប៉ុណ្ណោះ ពេញមួយរដូវកាលនៅក្នុងក្រុម ឆែលស៊ី។ ខណះដែលកីឡាករ ខូធីញ៉ូ បានបង្ហាញពីទម្រង់លេងបានយ៉ាងល្អ ដល់លោក រ៉ដចឺ កាលពីប្រកួតជាមួយក្រុម ស្វានស៊ី ស៊ីធី (Swansea City) នឹងការប្រកួតជាមួយក្រុម វីកែន អាស្លេទិក (Wigan Athletic)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ