ISIS ប្រកាសទទួលស្គាល់ភេរវកម្ម ប្រឆាំងព្យុហយាត្រាយោធានៅអៀរ៉ង់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 22, 2018
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សយ៉ាងតិច ២៩នាក់ បានស្លាប់ និង៥៧នាក់ បានរងរបួស នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងព្រឹត្តិការណ៍ វាយប្រហារភេរវកម្មមួយ បង្កឡើងដោយក្រុមយុទ្ធជនមួយក្រុម ប្រឆាំងនឹងព្យុហយាត្រាយោធា ដែលត្រូវបានរៀបចំធ្វើ ក្នុងក្រុង «Ahvaz» ភាគនារតីនៃប្រទេសអៀរ៉ង់។ អង្គការភេរវនិយម ហៅថា រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានចេញមុខនៅមុននេះបន្តិច ប្រកាសទទួលស្គាល់ទង្វើដ៏រង្គាល ថាជាស្នាដៃរបស់ក្រុមខ្លួន។
ទីភ្នាក់ងារឃោសនាផ្លូវការ របស់ក្រុមនេះ ឈ្មោះ «Amaq» បានសរសេរឲ្យដឹងថា៖ «ក្រុមយុទ្ធជននៃរដ្ឋអ៊ីស្លាម បានវាយប្រហារ ទៅលើការជួបជុំ នៃកងកម្លាំងអៀរ៉ង់ នៅក្នុងក្រុង "Ahvaz"»។
لحظه تیراندازی و حمله تروریستی در مراسم رژه نیروهای مسلح در #اهواز pic.twitter.com/n3PRTjbnSf
— خبرگزاری فارس (@FarsNews_Agency) 22 septembre 2018
ក្នុងពេលភ្លាមៗ ក្រុង តេអៀរ៉ង់ បានទម្លាក់ការទទួលខុសត្រូវ នៃការវាយប្រហារភេរវកម្មនេះ ទៅលើ«រដ្ឋបរទេសមួយ» ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ រដ្ឋបរទេសនោះ ទំនងជាចង់សំដៅទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមិនត្រូវគ្នា ជាមួយប្រទេសអៀរ៉ង់។
ប្រទេសអៀរ៉ង់ បានប្រារព្ធទិវាជាតិ នៃកងទ័ពរបស់ខ្លួន ដែលតែងប្រព្រឹត្តិទៅ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២២ ខែកញ្ញា។ ថ្ងៃនេះ ជាថ្ងៃប្រកាសសង្គ្រាម អៀរ៉ាក់-អៀរ៉ង់ ដែលប្រព្រឹត្តិទៅ អស់រយៈពេល៨ឆ្នាំ ពីឆ្នាំ១៩៨០ ទៅដល់ឆ្នាំ១៩៨៨។
ការវាយប្រហារភេរវកម្ម បានកើតឡើង នៅវេលាម៉ោង៧ និង៣០នាទី ម៉ោងក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសអៀរ៉ង់ បានរាយការណ៍ភ្លាមៗ ថាមានមនុស្សស្លាប់២៤នាក់ ក្នុងនោះមានទាំងស្ត្រី និងកុមារ ខណៈមនុស្សស្លាប់ ១២នាក់ ជាកងឆ្មាំបដិវត្ត នៃកងទ័ពមនោរគមវិជ្ជា របស់«សាធារណរដ្ឋអ៊ីស្លាមអៀរ៉ង់»។ ប៉ុន្តែតុល្យភាពខាងលើ បានបន្តកើនឡើង រហូតដល់២៩នាក់ មកដល់ម៉ោងនេះ។
ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានដកស្រង់ប្រភពមួយ មកបញ្ជាក់ថា ភេរជនមានគ្នាបួននាក់ ក្នុងនោះ ពីរនាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀត ត្រូវបានចាប់ខ្លួន។
VIDEO: Moments after the terrorist attack in #Ahvaz, southwest of #iran. pic.twitter.com/9kBKd5ZUhG
— (@SOSnicaragua11) 22 septembre 2018
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយក្នុងថ្ងៃសៅរ៍ដដែល ប្រធានាធិបតីអៀរ៉ង់ លោក «Hassan Rohani» បានអះអាងថា ប្រទេសរបស់លោក នឹងឆ្លើយតប យ៉ាង«ជូរចត់» តបទៅនឹងការគម្រាមកំហែង បែបនេះ។ លោកបន្តថា៖ «នរណាក៏ដោយ ដែលបានផ្ដល់ការគាំទ្រ ផ្នែកព័ត៌មាន និងការឃោសនា ទៅដល់ក្រុមភេរវជនទាំងនេះ នឹងត្រូវ[ទទួលការ]ឆ្លើយតប»។
ក្រុង តេអៀរ៉ង់ ជាសម្ព័ន្ធមិត្តរបស់របបដឹកនាំ នៃប្រធានាធិបតីស៊ីរី លោក បាឆារ អែលអាសាធ (Bachar el-Assad) ដែលធ្វើការបោសសម្អាត និងតាមប្រមាញ់មិនដកដៃ ទៅលើក្រុមរដ្ឋអ៊ីស្លាម នៅក្នុងភាគខាងកើត និងខាងជើង នៃប្រទេសស៊ីរី៕