បក្សប្រឆាំងសង្ស័យលើ ហង្ស ពុទ្ធា បេក្ខភាពទី៩ គ.ជ.ប ថ្មី?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី០១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 02, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការដាក់បេក្ខភាពលោក ហង្ស ពុទ្ធា មកជំនួសភ្លាមៗអ្នកស្រី ពុង ឈីវកេក ដែលបានប្រកាសលាឈប់ សម្រាប់តំណែង ជាសមាជិក គ.ជ.ប ទី៩ថ្មីនោះ បានបង្កឲ្យមានភាពប្រទាំងប្រទើស ជាថ្មីទៀត រវាងគណបក្ស ជាប់ឆ្នោតទាំងពីរ។ បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានថ្លែងជាសាធារណៈ ទាក់ទងនឹងសំណើរ សុំឲ្យផ្លាស់ប្ដូរជាថ្មីម្ដងទៀត នូវបេក្ខភាពលោក ហង្ស ពុទ្ធា របស់លោក សម រង្ស៊ី នោះ មន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប ក៏បានថ្លែងអះអាងដែរថា លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច (Nicfec) មានបុគ្គលិកលក្ខណៈ ប្រកបដោយភាពមន្ទិល។
លោក រស់ សួរ មន្ត្រីច្បាប់របស់គណបក្សសង្គ្រោះជាតិ បានរិះគន់លោក ហង្ស ពុទ្ធា ខ្លាំងៗថា គិតប្រយោជន៍ខ្លួន ច្រើនជាងប្រយោជន៍រួម ឬជាតិ។ មន្ត្រីគណបក្សប្រឆាំង បានពន្យល់ថា កន្លងមក មានក្រុមអង្គការសង្គមស៊ីវិល ប្រមាណជាង៦០ ធ្លាប់បានប្រកាស ជាសាធារណៈថា សង្គមស៊ីវិលនឹង ចារឈ្មោះតំណាងរាស្រ្តណា ដែលបានចូលរួមគាំទ្រ និងបោះឆ្នោតឲ្យច្បាប់ទាំងពីរ ទាក់ទងនឹងគ.ជ.ប លេចចេញជារូបរាង។ ហើយកាលនោះ លោក ហង្ស ពុទ្ធា ក៏ជាសមាជិកម្នាក់ នៃក្រុមអង្គការសង្គមស៊ីវិលនោះដែរ ដែលបានប្រកាសជំហរ យ៉ាងមុតមាំថា សង្គមស៊ីវិល នឹងមិនអាចទទួលយកច្បាប់ទាំងពីរនោះ បានឡើយ។
លោកបានរៀបរាប់បន្តថា កាលពីថ្ងៃទី៩ ខែមីនាកន្លងមកនេះ ក្នុងសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិមួយ ជុំវិញបញ្ហាច្បាប់ទាំងពីរ របស់ គ.ជ.ប នៅវិមានរដ្ឋសភា ក៏គេមិនឃើញវត្តមាន របស់លោក ហង្ស ពុទ្ធា ចូលរួមតាំងជាសំនួរ ចោទជាបញ្ហា ឬក៏ការគាំទ្រអ្វីនោះដែរ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី១៧ ខែមីនា លោក ហង្ស ពុទ្ធា ដែលជាសមាជិកម្នាក់ នៃក្រុមសម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោតសម្ព័ន្ធអ៊ឺរ៉ា (ERA) បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ជាសាធារណៈ ដោយរិះគន់ខ្លាំងៗ ទៅលើកិច្ចព្រមព្រៀង នៃកំណែទម្រង់ការបោះឆ្នោត។ លោក រស់ សួរ បានចាត់ទុកការធ្វើបែបនេះ ព្រោះតែក្រុមទាំងនោះ ចង់បានចំណេញពីប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីខ្លួនអាចទទួលជំនួយ ពីបរទេសមកបន្ថែមប៉ុណ្ណោះ។ លោកបានបរិាហារថា ទង្វើទាំងនេះ មិនមែនដើម្បីស្វែងរកប្រយោជន៍ ចំណេញសម្រាប់ប្រទេសជាតិទេ តែជាការស្វែងរកចំណេញ សម្រាប់តែក្រពះខ្លួនឯងប៉ុណ្ណោះ ឬគេហៅម្យ៉ាងទៀតថា ជាក្រុម «ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ»។
លោក រស់ សួរ បានហៅសកម្មភាព របស់លោក ហង្ស ពុទ្ធា ថាជា«ការចូលរួមធ្វើ ជាសមាជិក គ.ជ.ប ដើម្បីកិត្តិយសខ្លួនឯង»។
កាលពីព្រឹកថ្ងៃទី០១ ខែមេសា លោក ហ៊ុន សែន បានស្រង់សម្ដីលោក សម រង្ស៊ី មកបញ្ជាក់ថា ក្រុមប្រឆាំងបានប្តូរចិត្ត លែងចង់បានលោក ហង្ស ពុទ្ធា មកធ្វើជាបេក្ខជនសមាជិកទី ៩ នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតហើយ។ បើតាមលោក ហ៊ុន សែន បានឲ្យដឹងថា មូលហេតុដែលលោក សម រង្ស៊ី ចង់ប្តូរចិត្តនោះ ដោយសារលោក ហង្ស ពុទ្ធា មានជំងឺទឹកនោមផ្អែម។ ប៉ុន្តែបន្ទាប់ពីបានអះអាង នូវសម្ដីរបស់មេដឹកនាំ គណបក្សសង្គ្រោះជាតិរួច លោក ហ៊ុន សែន ក៏បានឆ្លើយដោយខ្លួនឯងដែរថា៖ «ខ្ញុំសូមអធ្យាស្រ័យ ដែលមិនអាចទទួលយក នូវសំណើឯកឧត្តមបាន»។ លោកនាយករដ្ឋមន្ត្រី បានប្រកាសជំហរ យ៉ាងមុតមាំថា ក្រៅពីលោក ហង្ស ពុទ្ធា លោកនឹងមិនទទួល យកបុគ្កលណា មកពីសង្គមស៊ីវិល ធ្វើជាសមាជិកទី៩ នៃ គ.ជ.ប នោះទេ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូព្យាយាមទាក់ទង សុំប្រតិកម្មពីលោក ហង្ស ពុទ្ធា ចំពោះការថ្លែងបរិហា របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ខាងលើ តែត្រូវបានលោកបដិសេធ ដោយគ្រាន់តែបញ្ជាក់ថា ជាប់រវល់ រួចបានបិទទូរស័ព្ទ ភ្ជាប់ទំនាក់ទំនងលែងបាន។
តែក្នុងកិច្ចសម្ភាស ជាមួយវិទ្យុក្នុងស្រុកមួយ លោក ហង្ស ពុទ្ធា បានបង្ហាញជំហររបស់ខ្លួន ក្រោយក្លាយជាសមាជិករបស់ គ.ជ.ប ថា លោកសន្យានឹងខិតខំប្រឹងប្រែង ធ្វើការងារបោះឆ្នោត ដើម្បីកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យមានលក្ខណៈសេរី និងយុត្តិធម៌។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើខ្ញុំមានឱកាស ធ្វើការនៅក្នុងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ខ្ញុំគិតថា ខ្ញុំជាអ្នករួមចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួម ឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ឲ្យមានលក្ខណៈល្អប្រសើរ»៕