សម រង្ស៊ី ៖ អ្វីដែល ស ខេង និយាយមិនត្រឹមត្រូវទាល់តែសោះ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា អ្វីដែលលោក ស ខេង មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន បានលើកឡើងកាលពីពេលកន្លងទៅ គឺជាការខុសទាំងស្រុង ដោយនិយាយតែទិដ្ឋភាពមួយជ្រុងតែប៉ុណ្ណោះ។ លោក ស ខេង ដែលបានប្រកាសថា លោក សម រង្ស៊ី បាននិយាយតាមទូរស័ព្ទជាមួយលោកថា លោក សម រង្ស៊ី លែងត្រូវការដំណែងប្រធានរដ្ឋសភាហើយ ដែលវាផ្ទុយពីជំហររបស់លោក កឹម សុខា និងលោក យឹម សុវណ្ណ។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
ថ្លែងពីសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីម្សិលមិញ លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា ដែលពេលនេះកំពុងតែបំពេញបេសកម្មការទូតនៅក្រៅប្រទេស បានអត្ថាធិប្បាយថា ការលើកឡើងរបស់តំណាងគណបក្សប្រជាជន គឺលោក ស ខេង កាលពីពេលថ្មីៗនេះ មិនត្រឹមត្រូវទាល់តែសោះ ដោយនិយាយតែពីបរិបទមួយជ្រុងតែប៉ុណ្ណោះ មិនបានលើកឡើងពីបរិបទនៃបញ្ហារួមនោះទេ។ លោក សម រង្ស៊ី បន្តថា ជំហរបស់លោក គឺនៅតែទាមទារឲ្យមានតុល្យភាពអំណាច និងរកយុទ្ធធម៌ជូនពលរដ្ឋដែលជាម្ចាស់ឆ្នោតជាបញ្ហាចម្បងបំផុត។ តែលោកថា នៅក្នុងអំឡុងពេលអន្តរកាលនេះ នៅពេលបញ្ហាមិនទាន់បានដោះស្រាយ លោកទាមទារឲ្យមានការបែងចែកអំណាច ឲ្យមានតុល្យភាពបណ្តោះអាសន្នសិន។
ប្រធានគណបក្សសង្រ្គោះជាតិរូបនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែតុលាកន្លងទៅ លោកពិតជាបានទូរស័ព្ទលោក ស ខេង មែន តែមិនបាននិយាយពីរឿងបែងចែកអំណាចឡើយ។ក៏ប៉ុន្តែគោលបំណងរបស់លោកពេលនោះ គ្រាន់តែនិយាយពីបញ្ហាធ្វើសមាជបស់គណបក្សសង្គោះជាតិ កាលពីថ្ងៃទី០៦ ខែតុលាកន្លងទៅតែប៉ុណ្ណោះ ដោយសារថា ពេលនោះមេឃភ្លៀង លោក ស្នើឲ្យលោក ស ខេង អនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ បានធ្វើរោងប្រក់នៅទីលានប្រជាធិបតេយ្យ ដើម្បីការពារភ្លៀង ពីព្រោះតែពេលនោះអជ្ញាធរមិនអនុញ្ញាតឲ្យសង់រោងនោះទេ។ លោក សម រង្ស៊ី បានបន្ថែមថា ពេលដែលលោកនិយាយជាមួយលោក ស ខេង លោកបានប្រាប់ថា ពេលលោកទៅក្រៅប្រទេសភារកិច្ចអ្វីទាំងអស់ត្រូវធ្លាក់លើលោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ លោកថា បើលោក កឹម សុខា និយាយយ៉ាងណា សម្រេចបែបណានោះ វាក៏គឺជាជំហររបស់រូបលោកផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពោលគឺបន្ទាប់ពីលោក សម រង្ស៊ី ចេញទៅក្រៅប្រទេស ព័ត៌មាននៃការខ្វែងគំនិតគ្នារបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ ត្រូវបានគណបក្សប្រជាជនកម្ពុជាយកមកលាតត្រដាងជាសាធារណៈ ក្នុងគោលដៅដែលលោក កឹម សុខា ហៅថា ជាល្បិចបំបាក់របស់លោក ហ៊ុន សែន។ ហេតុផលដែលគណបក្សកាន់អំណាចថា គណបក្សប្រឆាំងកំពុងខ្វែងគំនិតគ្នា ដោយយោងទៅលើពាក្យសម្តីរបស់លោក ស ខេង ដែលចេញមុខប្រាប់អ្នកការសែតថា លោក សម រង្ស៊ី បាននិយាយតាមទូរសព្ទជាមួយលោក ដើម្បីពិភាក្សាអំពីការបែងចែកអំណាចនៅក្នុងរដ្ឋសភា ដោយក្នុងនោះលោក សម រង្ស៊ី បានប្រាប់រូបលោកថា លែងត្រូវការដំណែងជាប្រធានរដ្ឋសភាទៀតហើយ ដោយសុំឲ្យតែមានសមាជិកទាំង១២ នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាមានអំណាចស្មើគ្នា គឺខាងគណបក្សប្រជាជន ៦ និងខាងគណបក្សសង្រ្គោះជាតិ ៦ ទៅបានហើយ។ ជំហរលោក សម រង្ស៊ី បែបនេះ ត្រូវបានគណបក្សប្រជាជនអះអាងថា គឺវាខុសពីលោក កឹម សុខា និងលោក យឹម សុវណ្ណ មន្រ្តីកំពូលៗគណបក្សសង្រ្គោះជាតិ ដែលនូវតែរក្សាជំហរចង់បានដំណែងជាប្រធានរដ្ឋសភាដដែល មិនប្រែប្រួលនោះទេ។ ការណ៍នេះ ត្រូវបានគណបក្សប្រជាជនហៅថា ជាការខ្វែងគំនិតគ្នានៅក្នុងជួរគណបក្សសង្រ្គោះជាតិ។ មិនតែប៉ុណ្ណោះគណបក្សប្រជាជន បានថែមទាំងនិយាយជាការឲ្យគណបក្សប្រឆាំងថា មន្រ្តីគណបក្សសង្រ្គោះជាតិ គួរតែរកចំណុចឯកភាពគ្នានៅក្នុងបក្សជាមុនសិន មុននឹងជជែកជាមួយនឹងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា។
ជុំវិញការបដិសេធរបស់លោក សម រង្ស៊ី ពេលនេះ លោក ស ខេង មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនមិនអាចទាក់ទងសុំការបកស្រាយបាននោះទេនៅថ្ងៃនេះ។ តែកាលពីពេលថ្មីៗនេះ លោក ស ខេង បានចេញមុខអះអាងប្រាប់ ប្រព័ន្ធផ្សព្វផ្សាយនានាជាញឹកញាប់ថា លោក សម រង្ស៊ី ពិតជាបាននិយាយបែបនោះមែន ពោលគឺលែងចង់បានដំណែងជាប្រធានរដ្ឋសភាទៀតហើយ។
សម្រាប់ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា ក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្ននេះ អ្នកនយោបាយ គឺជាមនុស្សដែលគេពិបាកជឿជាទីបំផុត ពីព្រោះថា គ្រប់សកម្មភាពរបស់ពួកគេ ភាគច្រើនធ្វើឡើងក្នុងគោលបំណងតែ ដើម្បីចំណេញនយោបាយសម្រាប់បក្សរៀងៗខ្លួន តាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមក ដោយធ្វើឲ្យគូប្រជែងម្ខាងទៀតបាត់បង់ប្រជាប្រិយភាព ឬបាត់ការគាំទ្រពីប្រជាពលរដ្ឋ។ ការប្រកួតប្រជែងរបស់ពួកគេ គ្មានអ្វីក្រៅពីការបរិហារពីចំណុចខ្សោយរបស់គ្នាទៅវិញទៅមកនោះទេ ឬអាចនិយាយបានថា ចំណុចខ្សោយបក្សគេ គឺល្អសម្រាប់បក្សយើង៕
---------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ