អាល្លឺម៉ង់បញ្ជូនទ័ព១២០០នាក់ ទៅជួយបារាំងវាយ ISIS
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៩ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 30, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កងទ័ពអាល្លឺម៉ង់ បានអះអាងនៅថ្ងៃអាទិត្យទី២៩ ខែវិច្ឆិកានេះ ថានឹងដាក់ពង្រាយទាហានរបស់ខ្លួន យ៉ាងតិច១២០០នាក់ ដើម្បីជួយប្រទេសបារាំង ក្នុងការវាយប្រហារ ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅក្នុងប្រទេសស៊ីរី។ ការសម្រេចចិត្តនេះ នឹងធ្វើឲ្យបេសកកម្មដាក់ពង្រាយកងទ័ព នៅបរទេសនេះ របស់ប្រទេសអាល្លឺម៉ង់ មានលក្ខណៈសំខាន់ ជាងពេលណាៗទាំងអស់។
អគ្គមេបញ្ជាការ កងទ័ពអាល្លឺម៉ង់ លោក វ៉ុលឃើរ វីឃើរ (Volker Wieker) បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក «Bild» ឲ្យដឹងថា៖ «បើនិយាយទាក់ទងនឹងកងទ័ព ចំនួនទាហានចាំបាច់ ដែលត្រូវទៅបញ្ជាយានយន្ដ ដូចជាយន្ដហោះ និងនាវាជាដើមនោះ នឹងមានចំនួនប្រមាណជា១២០០នាក់។ (...) បេសកកម្មនឹងអាចចាប់ផ្ដើមដំណើរការ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច។»
ប្រទេសអាល្លឺម៉ង់ បានសំងំនៅស្ងាត់ស្ងៀម មិនសូវជារវីរវល់ ក្នុងការធ្វើអន្តរាគមន៍យោធា នៅប្រទេសស៊ីរី តាំងពីដំបូងទីមកម្លេះ។ ប៉ុន្តែបន្ទាប់ពីភេរវកម្ម នៅកណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ មហាអំណាចក្នុងទ្វីបអ៊ឺរ៉ុបមួយនេះ បានប្រកាសជាឱឡារិក កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ថាខ្លួនយល់ព្រមជាគោលការណ៍ នឹងចូលរួមក្នុងបេសកកម្មណាក៏ដោយ ដើម្បីវាយកំចាត់ក្រុមភេរវជន ជាពិសេសក្រុមរដ្ឋអ៊ីស្លាម។ ប៉ុន្តែការប្រកាសនោះ នៅមិនទាន់អះអាង ថាខ្លួននឹងដាក់ពង្រាយកងទ័ព ប៉ុន្មាននាក់នោះទេ។
យ៉ាងណាក៏ដោយ ប្រទេសអាល្លឺម៉ង់ បាននិយាយឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយនាវា «បក្សីសមុទ្រ» ដើម្បីជួយការពារនាវាយក្ស ផ្ទុកយន្ដហោះចម្បាំងរបស់បារាំង ឈ្មោះ «Charles de Gaulle» នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ អាល្លឺម៉ង់ នឹងផ្ដល់យន្ដហោះស៊ើបការណ៍ រួមនឹងយន្ដហោះដឹកភស្ដុភារ និងគ្រាប់រំសេវជាច្រើន នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែក ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។
ក្រោយពីការសម្រេចចិត្តជាគោលការណ៍នេះ គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ ត្រូវធ្វើជាសំណើរមួយ ស្ដីពីការបញ្ជូនយោធារបស់ខ្លួន ចេញទៅបរទេស នៅក្នុងកិច្ចប្រជុំនាថ្ងៃអង្គារខាងមុខ ដើម្បីសុំឲ្យក្រុមតំណាងរាស្ត្រ បោះឆ្នោតសម្រេចនៅពេលបន្ទាប់មក នៅក្នុងសភាជាតិ។ ប៉ុន្តែសេចក្ដីស្នើសុំនោះ ទំនងជាមិនទទួលរង នូវការជំទាស់អ្វី ពីរដ្ឋសភាអាល្លឺម៉ង់ឡើយ ដោយហេតុថា សម្លេងឆ្នោតភាគច្រើន ដើម្បីទទួលយកសេចក្ដីសម្រេចនោះ សុទ្ធសឹងជាតំណាងរាស្ត្រ មកពីគណបក្សសម្ព័ន្ធភាព ស្និតនឹងទេសាភិបាល អ្នកស្រី អង់ជើឡា ម៉ែគែល (Angela Merkel)។
សម្រាប់ប្រទេសអាល្លឺម៉ង់ ការ«បញ្ជូនយោធា ចេញទៅបំពេញបេសកកម្ម នៅក្រៅប្រទេស» ជាប្រធានបទមួយរស៊ើបជាទីបំផុត ដោយសារប្រទេសនេះ មានអតីតកាលជាមហាចក្រពត្តិ ក្នុងសម័យសង្គ្រាមលោក។ រាប់ចាប់តាំង ពីសង្គ្រាមលោកលើកទីពីរ រហូតមកដល់បច្ចុប្បន្ន ប្រទេសអាល្លឺម៉ង់បានបញ្ជូនយោធារបស់ខ្លួន ចេញទៅធ្វើប្រតិបត្តិការសិក នៅបរទេស តែម្ដងគត់ គឺនៅឆ្នាំ១៩៩៩ ក្នុងតំបន់កូសូវ៉ូ (Kosovo) ក្រោមការស្នើសុំ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អក្សរកាត់បារាំងហៅ OTAN អង់គ្លេសហៅ NATO ដែលប្រទេសអាល្លឺម៉ង់ ក៏ជាសមាជិកមួយក្នុងអង្គការនេះដែរ)៕