បែកធ្លាយរូបស្រាតនៅហូលីវូដ៖ មេធាវីរបស់ក្រុមតារា ព្រមានប្ដឹង ហ្គូហ្គ័ល
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 06, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងលិខិតមួយ បញ្ជូនទៅដល់ក្រុមហ៊ុន ហ្គូហ្គ័ល ហើយត្រូវបានផ្សព្វផ្សាយដោយ ព្រឹត្តិប័ត្ត Hollywood Reporter នោះ លោក ម៉ាធី ស៊ីងហ្គ័រ (Marty Singer) មេធាវីដ៏ខ្លាំងមួយរូប តំណាងឲ្យក្រុមតារាហូលីវូដ ដែលរងគ្រោះនឹងការបែកធ្លាយរូបភាពស្រាត បានព្រមានទុកជាមុនថា លោកកំពុងត្រៀមបំរុងពាក្យបណ្ដឹងមួយ ទៅកាន់តុលាការ ដើម្បីស្នើសុំឲ្យទាមទារប្រាក់សំណងជំងឺចិត្ត រហូតជាង១០០លានដុល្លារ។
ក្នុងសំបុត្រនោះ លោកមេធាវីបានសរសរជាអាថ៌ថា៖ «យើងសរសេរ ជុំវិញបញ្ហាដែលជាចរិកមើលស្រាល និងគួរឲ្យខ្មាសអៀនរបស់ ហ្គូហ្គ័ល ពីទង្វើរបស់ខ្លួន ដែលមិនត្រឹមតែមិនចាត់ការឲ្យបានឆាប់រហ័ស និងដោយការទទួលខុសត្រូវ ដើម្បីទាញរូបទាំងនោះចេញទេ តែថែមទាំងបានជួយ និងអនុញ្ញាតឲ្យមានសកម្មភាពនេះ ទាំងដឹងថា ជាសកម្មភាពខុសច្បាប់»។
មេធាវីបានបន្តវាយសន្ធាប់ទៀតថា៖ «ហ្គូហ្គ័ល រកប្រាក់បានរាប់លានដុល្លារ ហើយបានបង្កគ្រោះថ្នាក់ និងភាពរងគ្រោះដល់ស្ត្រី»។
កាលពីប៉ុន្មានសប្ដាហ៍មុន រូបថតស្រាត ជាលក្ខណៈឯកជនរាប់សិបសន្លឹក របស់តារាស្រីល្បីៗ មានទាំងតារាភាពយន្ដ តារាចម្រៀង តារាបង្ហាញម៉ូដ និងតារាទូរទស្សន៍ផង ត្រូវបានផ្សព្វផ្សាយពាសពេញអាំងធើណែត ជាពិសេសនៅតាមបណ្ដាញសង្គម។ កាលពីជាង១០ថ្ងៃមុន ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា អេហ្វប៊ីអាយ (FBI) បានអះអាងថា ខ្លួនបានពង្រើកការស៊ើបអង្កេត បន្ទាប់ពីបានប្រកាសបើកការស៊ើបអង្កេតនេះ តាំងពីដើមខែកញ្ញាមកម្លេះ ទាក់ទងនឹងការលួចទិន្និន័យដ៏សម្បើមនេះ។
ក្រុមចោរជំនាញខាងលួចទិន្នន័យអ៊ិនធើណែត បានចូលទៅយករូបភាពទាំងនោះ នៅក្នុងគណនីរបស់តារាៗ ដែលបានរក្សាទុកនៅក្នុង ប្រព័ន្ធផ្ទុកអាយក្លាវ (iCloud) ដែលជាសេវាកម្មមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អ័បផល (Apple)។ ក្រុមហ៊ុន អ័បផល ធ្លាប់បានបដិសេធថា សេវាកម្ម ឬប្រព័ន្ធផ្ទុក អាយក្លាវ មិនមានចំណុចខ្សោយណាមួយ សម្រាប់ឲ្យក្រុមចោរលួចទិន្និន័យ ចូលទៅដោយគ្មានបញ្ចូលនូវពាក្យសម្ងាត់ និងសំនួរត្រួតពិនិត្យនោះឡើយ។
សម្រាប់ហ្គូហ្គ័លវិញ បានសរសេរលិខិតតបមកវិញថា ក្រុមហ៊ុនរបស់ខ្លួន បានលប់ចោលនូវរូបភាពជាច្រើនសិបពាន់សន្លឹករួចមកហើយ បន្ទាប់ពីរូបទាំងនោះត្រូវបានរាយការណ៍ដោយ ម្ចាស់រូប ឬអ្នកប្រើប្រាស់ដែលមានសិទ្ធិណាម្នាក់៕