អតីត​ម្ដាយ​ចុង និង​អតីត​កូន​ដើមរៀប​ការ បន្ទាប់​ពី​តតាំង​ក្ដី​អស់​ច្រើនខែឆ្នាំ

ដោយព្រោះតែ ចំណងមេត្រីភាព នៃគូរជីវិតមួយរយឆ្នាំនេះ មានលក្ខណៈខុសគេបន្តិច។ អតីតកូនដើម និងអតីតម្ដាយចុង ដែលបានតតាំងក្ដីអស់រយៈពេលជាច្រើនខែឆ្នាំ នៅចំពោះមុខតុលាការ និងរហូតដល់វិមានប្រធានាធិបតីបារាំងទៀត បាន​សម្រេចនៅទីបំផុត បំណងប្រាថ្នារបស់ពួកគេជាស្ថាពរ ដោយបានរៀបការយ៉ាងអធិកអធម នៅថ្ងៃសៅរិ៍ទី៤ ខែតុលា​កន្លង​ទៅ​នេះ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ តុលារ ២០១៤
  • កែប្រែចុងក្រោយ: October 05, 2014
  • ប្រធានបទ: ក្ដីស្នេហ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី អេលីហ្សបែត ឡូរ៉ង់ (Elisabeth Lorentz) អាយុ​៤៨ឆ្នាំ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «នៅ​ទី​បំផុត យើង​បាន​មក​ដល់​ថ្ងៃ​ដ៏​ពិសេស​ហើយ! ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ប្រវត្តិ​តស៊ូ​របស់​​ពួក​យើង អាច​ជា​ប្រយោជន៍​ដល់​គូរ​ស្នេហ៍​ផ្សេង​ទៀត ដែល​មាន​ស្ថានភាព​ព្រហាក់​ប្រហែល​គ្នា ហើយ​ដែល​ខ្ញុំ​ដឹង​ថា មាន​ចំនួន​យ៉ាង​ច្រើន។»

គ្មានជាប់សាច់ឈាមអ្វីសោះ ...

ជាខែច្រើនឆ្នាំណាស់មកហើយ ប្រព័ន្ធ​យុត្តិធម៌​បារាំង បាន​ហាម​មិន​ឲ្យ​អ្នក​ទាំង​ពីរ​រៀបការ​នឹង​គ្នា​ទេ ក្រោម​ហេតុផល​ថា អេលីហ្សាបែត ធ្លាប់​ជា​ប្រពន្ធ​របស់​ឪពុក​របស់​កូន​ដើម លោក អេរិច ហូដ័រ (Eric Holder) អាយុ​៤៥ឆ្នាំ ដែល​បាន​ក្លាយ​ជា​បុរស​កំពូល​ស្នេហ៍​របស់​អ្នកស្រី ចាក់​ទឹក​មិន​លេច។ អ្នក​ទាំង​ពីរ មិន​មាន​ជាប់​សាច់​ឈាម​អ្វី​នឹង​គ្នា​ទាល់​តែ​សោះ ខណៈ​ច្បាប់​របស់​ប្រទេស​បារាំង បាន​ហាមឃាត់​អាពាហ៍ពិពាហ៍ ឬ​ចំណង​ស្នេហ៍ ដែល​មាន​ជាប់​ខ្សែរ​ស្រឡាយ​ដោយ​ផ្ទាល់។

នៅក្រៅប្រព័ន្ធតុលាការ អ្នកទាំងពីរបាននាំយកបុព្វហេតុស្នេហ៍របស់ពួកគេ សរសេរឡើងទៅដល់វិមាន​ប្រធានាធិបតី​បារាំងថែមទៀត។ ប៉ុន្តែចម្លើយដែលពួកគេទទួលបាន ជាក្រដាសមួយសន្លឹក ចុះ​ហត្ថលេខា​ដោយ ប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) រំលឹកអ្នកទាំងពីរ ពីច្បាប់រដ្ឋប្បវេណី មាត្រា​១៦១ ដែលនៅតែហាមឃាត់អាពាហ៍ពិពាហ៍នេះ។

លុះត្រាមកដល់ខែមិថុនា ឆ្នាំ២០១៤នេះ ទើប អេលីហ្សាបែត និង អេរិច ទទួលបានដីការសម្រេចរបស់​តុលាការ​ក្រុង ម៉េស (Metz) ពីសិទ្ធិរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ហើយលោករដ្ឋអាជ្ញាដែលតែងតែ​ជំទាស់ នូវ​ចំណងស្នេហ៍របៀបនេះ តាំងពីឆ្នាំ២០១៣មកនោះ មិនបានប្ដឹងឧទ្ទរណ៍ឡើយ។

ស្រុកច្បាប់និយាយពីច្បាប់

ម៉ាទីជើ អៀហាដ (Mathieu Ehrhardt) មេធាវីរបស់គូរស្នេហ៍ទាំងពីរ បានធ្វើអត្ថាធិប្បាយថា៖ «យើងមិន​បាន​ដឹងពីមូលហេតុ ដែលឈានទៅដល់ការសម្រេចដីការ របស់តុលាការនោះទេ ប៉ុន្តែយើងតែងតែបាន​បញ្ជាក់ថា ច្បាប់របស់ប្រទេសបារាំង មិនបានស្របទៅនឹងទិដ្ឋភាពទូទៅ នៃអនុសញ្ញាអ៊ឺរ៉ុបស្ដីពីសិទ្ធិមនុស្ស​នោះទេ ហើយនោះជាអ្វីដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងជីវិតឯកជន។»

គួរំលឹកដែរថា នៅឆ្នាំ២០០៥ តុលាការសិទ្ធិមនុស្សរបស់អ៊ឺរ៉ុប បានពិន័យប្រព័ន្ធច្បាប់របស់ចក្រភពអង់គ្លេស នៅក្នុងសំនុំរឿងប្រហាក់ប្រហែលគ្នា។ នៅចុងឆ្នាំ២០១៣ តុលាការកំពូលបារាំង ក៏បានសម្រេចឲ្យកូនដើម ជាស្ត្រីមួយរូប រៀបការនឹងឪពុកចុងរបស់ខ្លួនដែរ ក្រោមមូលហេតុថា ជាករណីពិសេសមួយ។

ក្នុងអាពាហ៍ពិពាហ៍របស់ អេលីហ្សាបែត និងអេរិច កាលពីថ្ងៃសៅរិ៍ ទៅ៤ ខែតុលានេះ ឪពុកកូនកម្លោះដែល​ជាអតីតស្វាមីរបស់ អេលីហ្សាបែត ក៏មានវត្តមានរបស់លោក ក្នុងឱកាសនោះដែរ ទាំងនៅក្នុងកម្មវិធី​សាសនា និងកម្មវិធីជប់លៀង។ អេលីហ្សាបែត បាននិយាយប្រកបដោយជំនឿជាក់ លើអតីតស្វាមី​របស់​ខ្លួន​ថា៖ «ជានិច្ច​ជាកាល គាត់តែងតែគាំទ្រពួកយើង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...