អេស្សឺ បង្ហាញទូរស័ព្ទដៃស៊េរីថ្មី «លីឃ្វីដ អេស២» ៦អ៊ីញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បី អេស្សឺ (Acer) បានធ្វើការបង្ហាញនូវទូរស័ព្ទដៃវ៉ៃឆ្លាត ឬហៅថា «ផាប្លិត» (Phablet) ស៊េរីថ្មីមួយទៀត ដែលមានអេក្រង់ទំហំ ៦អ៊ីញ មានឈ្មោះថា «លីឃ្វីដ អេស២» (Liquid S2) កាលពីថ្ងៃច័ន្ទ។
ទូរស័ព្ទអេស្សឺស៊េរីថ្មីមួយទៀត ដែលមានអេក្រង់ទំហំ៦អ៊ីញ មានឈ្មោះថា «លីឃ្វីដ អេស២»។ (រូបថត MONOROOM.info)
អេស្សឺ «លីឃ្វីដ អេស២» មានម៉ាស៊ីន (CPU) ទំហំ ២.២ជីហ្គាអែក ប្រភេទ ឃ្វាលខម ស្ន័បដ្រាហ្គន៨០០ ឃ្វាដខរ (Qualcomm Snapdragon 800 quad-core)។ អង់ចង់ចាំ (RAM) ទំហំ ២ជីហ្គាបៃ និងប្រតិបត្តិការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.២.២ (Android 4.2.2)។
អេក្រង់ទំហំ ៦អ៊ីញ ប្រភេទអាយភីអេស អិលស៊ីឌី (IPS LCD) ដែលអាចបង្ហាញរូបភាពបានទំហំ ១០៨០ភិចស្យ៊ែល ឬ៣៦៨ភិចស្យ៊ែល ក្នុង១អ៊ីញ។ វាមានកម្រាស់ ៩ម.ម និងមានវិមាត្រ ១៦៦ X ៨៦ X ៨.៩៩ ម.ម។
ថ្មរបស់វា មានកំរិតថាមពល ៣.៣០០មីលីអំពែម៉ោង ដែលអាចរក្សារថាមពលបានរយះពេលវែង ប៉ុន្តែវាពុំអាចផ្លាស់ប្តូរបាននោះទេ។ ទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មីនេះ អាចផ្ទុកបានទំហំ ១៦ជីហ្គាបៃ នៅក្នុងម៉ាស៊ីនស្រាប់ និងអាចបន្ថែមកាតមីក្រូអេសឌី (microSD) បាន ១២៨ជីហ្គាបៃពីលើបានទៀត។
កាមេរ៉ាក្រោយទំហំ ១៣ម៉េហ្គាភិចស្យ៊ែល និងមានកញ្ចក់កាមេរ៉ា (sensor) ប្រភេទ ប៊ីអេសអាយ (BSI) ដោយភ្ជាប់មកជាមួយនូវភ្លើង១គ្រាប់ (LED flash) ហើយអាចថតវីឌីអូជាប្រភេទ អាល់ត្រា អេចឌី (Ultra HD) បានផងដែរ។ កាមេរ៉ាមុខទំហំ ២ម៉េហ្គាភិចស្យ៊ែល ប្រភេទប៊ីអាសអាយ ដូចគ្នា និងអាចថតវីឌីអូ បានទំហំ ១០៨០ភិចស្យ៊ែល។
ជាមួយនឹងម៉ាស៊ីនប្រភេទ ស្ន័បដ្រាហ្គន៨០០ «លីឃ្វីដ អេស២» ក៏បានភ្ជាប់មកជាមួយនូវប្រព័ន្ធទិន្ន័យភ្ជាប់ទំនាក់ទំនងគ្រប់ប្រភេទទាំងអស់ (full set of data connectivity) ដែលមានដូចជា៖ ៤ជី អិលធីអ៊ី (4G LTE), អេចអេសភីអេ (HSPA+) និង ៣ជី (3G) ជាដើម។ ទទឹមនឹងនោះ ក៏មានមុខងារមួយចំនួនទៀតដូចជា៖ ប្លូធូស ៤.០ (Bluetooth 4.0), វ៉ៃហ្វៃ (Wi-Fi), ជីភីអេស (GPS) និង អ៊ិនអេហ្វស៊ី (NFC) ផងដែរ។
អេស្សឺ មានគម្រោងនឹងបញ្ចេញ «លីឃ្វីដ អេស២» ដាក់លក់នៅតំបន់អ៊ឺរ៉ុប នៅចុងខែតុលា ខាងមុខ។ ប៉ុន្តែរហូតមកដល់ពេលនេះ ផាប្លិតស៊េរីទំនើបដ៏អស្ចារ្យស៊េរីថ្មី ប្រភេទនេះ ពុំទាន់ចរាចរណ៏នៅលើទីផ្សារនៅប្រទេសណាមួយនោះទេ ហើយតម្លៃរបស់វាក៏ពុំទាន់ដឹងនៅឡើយដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ