យល់ដឹងពី «សមត្ថកិច្ច» របស់ក្រុមប្រឹក្សាធម្មនុញ្ញ
- ដោយ: ជា ធីរិទ្ធ ស្រាវជ្រាវ និងចងក្រងដោយ៖ ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: March 22, 2014
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋធម្មនុញនៃព្រះ រាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយឯករាជ្យ និងអព្យាក្រឹត។ ស្ថាប័ននេះ ត្រូវបានបង្កើតនៅប្រាំឆ្នាំក្រោយមក ដោយព្រះរាជក្រមលេខ ជស,រកម ០៤៩៨,០៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សាធម្មនុញ។
ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ជំពូកទី ១២ មានមាត្រា ១៣៦ ថ្មី បានចែងថា ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្ម ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ នៅក្នុងន័យនេះ យើងអាចសង្ខេបបានថា ក្រុមប្រឹក្សធម្មនុញ្ញមានសមត្ថកិច្ចសំខាន់ៗពីរយ៉ាង គឺទី១ ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងទី២ មានសមត្ថកិច្ចទាក់ទងនឹងវិវាទនៃការបោះឆ្នោត។
១) សមត្ថកិច្ចពិនិត្យធម្មនុញ្ញភាពនៃច្បាប់
ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវធានាការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ នៅពេលដែលច្បាប់រដ្ឋធម្មនុញ្ញចែងមិនច្បាស់លាស់ មានចន្លោះប្រហោង ដែលនាំឲ្យមានមតិមហាជន ឬបក្សនយោបាយចេះតែបកស្រាយ តាមតែការយល់ឃើញរៀងៗខ្លួន។ ចំណុចនេះ គឺជាភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ តែមួយគត់ ក្នុងការបកស្រាយរដ្ឋធម្មនុញ្ញ ដើម្បីបំភ្លឺជូនមតិសាធារណៈជន ឲ្យបានជ្រាបច្បាស់ ថាតើសេចក្តីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មានភាពមិនច្បាស់លាស់នោះ មានន័យយ៉ាងណា?
ឧទាហរណ៍ ដូចជានៅក្នុងបរិបទនយោបាយកម្ពុជាបច្ចុប្បន្ន ក្រោយពេលបោះឆ្នោត ហើយ គ.ជ.ប ប្រកាសលទ្ធផលថា គណបក្សប្រជាជនកម្ពុជា បាន៦៨ អាសនៈ គណបក្សសង្គ្រោះជាតិបាន ៥៥ អាសនៈ មានការបកស្រាយខុសៗគ្នា ដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញរៀងៗខ្លួន ដោយបក្សសង្គ្រោះជាតិថា រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សប្រជាជន មិនអាចបង្កើតបាននោះទេ ប្រសិនបើគណបក្សប្រឆាំងមិនចូលរួមប្រជុំសភាលើកដំបូង។ គណបក្សប្រជាជនកម្ពុជាថា អាចបង្កើតបានមិនមានបញ្ហារាំងស្ទះនោះទេ។ ត្រង់នេះហើយ ដែលស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកមានសមត្ថកិច្ច ក្នុងការបកស្រាយបញ្ចប់សេចក្តីសង្ស័យ និងបិទផ្លូវតវ៉ា ថាតើអាចបង្កើតរដ្ឋាភិបាលបាន ឬមិនបាន។
- នៅក្នុងក្របខ័ណ្ឌត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យមើលច្បាប់ដែលរដ្ឋសភា បានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យ មើលចប់សព្វគ្រប់។ នៅក្នុងន័យនេះ វាគឺជាអញ្ញត្រកម្មមួយចំនួនប៉ុណ្ណោះ ក្នុងការចូលជាធរមានរបស់ច្បាប់ មានន័យថា ច្បាប់នេះពុំទាន់ចូលជាធរមានភ្លាមទេ គឺត្រូវបញ្ជូនទៅអោយក្រុមប្រឹក្សាធម្មនុញ្ញធ្វើការពិនិត្យ អំពីធម្មនុញ្ញភាពជាមុនសិន មុននឹងប្រកាសឲ្យប្រើ។
- ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី ឬតំណាងរាស្រ្ត មួយភាគដប់ ពោលគឺសមាជិករដ្ឋសភា ចាប់ពី១២នាក់ឡើងទៅ ឬសមាជិកព្រឹទ្ធសភាចំនួន មួយភាគបួន ពោលគឺសមាជិកព្រឹទ្ធសភាចាប់ពី ១៥ នាក់ឡើងទៅ អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត ទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឲ្យប្រើ។
- បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យជាមុនសិន មុននឹងប្រកាសឲ្យប្រើ។ ចំណុចនេះ ជាករណីកំហិត បានន័យថាត្រូវតែឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញជាដាច់ខាត។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ថាតើច្បាប់បទបញ្ជាផ្ទៃក្នុង រដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។
- ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឲ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី តំណាងរាស្រ្ត ១/១០ ឬសមាជិកព្រឹទ្ធសភាចំនួន ១/៤ ឬក៏តុលាការ អាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះបាន។
- ប្រជាពលរដ្ឋ មានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន ដោយធ្វើឡើងតាមរយៈតំណាងរាស្រ្ត ឬប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា។
- បទប្បញ្ញត្តិក្នុងមាត្រាណា ដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនសមស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឲ្យប្រើ ឬយកទៅអនុវត្តបានឡើយ។ សេចក្តីសម្រេចរបស់ក្រុមបឹ្រក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចចុងក្រោយ«បិទផ្លូវតវ៉ា»។
២) សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចំពោះវិវាទនៃការបោះឆ្នោត
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិត្រួតពិនិត្យ និងសម្រេចបណ្ដឹងទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ មានជាអាទិ៍ ៖
- បណ្ដឹងតវ៉ារបស់គណបក្សនយោបាយ ឬរបស់បេក្ខជនប្តឹងមិនសុខចិត្តទៅនឹងសេចក្តីសម្រេច របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលសម្រេចបដិសេធលើការតវ៉ាពីបេក្ខភាព ឬសម្រេចបដិសេធលើការតវ៉ាពីបញ្ជីរាយនាមបេក្ខជន។ ការប្តឹងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ក្រោយពីបានទទួលលិខិតជូនដំណឹង ពីគ.ជ.ប ។ នៅក្នុងន័យនេះ គឺចង់និយាយពីដំណាក់កាលប្តឹងផ្តល់ របស់បក្សនយោបាយ ឬបេក្ខជន ទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅពេលដែលខ្លួន ដាក់ពាក្យឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ហើយខ្លួនមិនពេញចិត្តទៅនឹងការសម្រេចរបស់ គ.ជ.ប។
- បណ្ដឹងតវ៉ារបស់បុគ្គល ឬអ្នកតំណាងរាស្រ្ដដែលប្ដឹងមិនសុខចិត្តនឹងសេចក្តីសម្រេច របស់គ.ជ.ប ដែលសម្រេចបដិសេធការតវ៉ាសុំចុះឈ្មោះបោះឆ្នោត ។ ការប្តឹងនេះត្រូវធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ ក្រោយពីបានទទួលលិខិតជូនដំណឹង ពីគ.ជ.ប។បណ្តឹងតវ៉ារបស់បុគ្គល ឬអ្នកតំណាងរាស្រ្តប្តឹងមិនសុខចិត្ត នឹងសេចក្តីសម្រេចរបស់គ.ជ.ប ដែលសម្រចបដិសេធ អំពីការបាត់ឈ្មោះ ឬអំពីការជំទាស់នឹងការចុះឈ្មោះបោះឆ្នោត ឬអំពីការរក្សាទុកឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនូវបុគ្គលណាម្នាក់ ដែលគេយល់ឃើញថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមច្បាប់។ ការប្តឹងនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ ក្រោយពីទទួលបានលិខិត ជូនដំណឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចករណីខាងលើ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូររ បន្ទាប់ពីបានទទួលពាក្យបណ្តឹង។
- បណ្តឹងតវ៉ារបស់គណបក្សនយោបាយ ពីការមិនបានចុះបញ្ជីគណបក្សនយោបាយ។ បណ្តឹងនេះត្រូវធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ ក្រោយពីទទួលបានលិខិតជូនដំណឹងពីក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចករណីនេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ ថ្ងៃ បន្ទាប់ពីបានទទួលពាក្យបណ្តឹង របស់សាមីគណបក្សនយោបាយ។
- បណ្តឹងតវ៉ារបស់បុគ្គល ឬគណបក្សដែលសម្រេចបដិសេធ ការតវ៉ាអំពីលទ្ធផលនៃការ បោះឆ្នោត។ បណ្តឹងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ ក្រោយពីការប្រកាសលទ្ធផលបណ្តោះអាសន្ន។
- បណ្តឹងតវ៉ារបស់បុគ្គល ឬគណបក្សនយោបាយដែលមិនសុខចិត្តទៅនឹងសេចក្តីសម្រេច របស់គ.ជ.ប ដែលសម្រេចបដិសេធការតវ៉ាអំពីលទ្ធផលនៃការបោះឆ្នោត។ ការប្តឹងតវ៉ានេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ៤៨ ម៉ោងបន្ទាប់ពីទទួលលិខិត ជូនដំណឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចករណីខាងលើក្នុងរយៈពេលយ៉ាងយូរ ២០ ថ្ងៃ បន្ទាប់ពីបានទទួលពាក្យបណ្តឹង។ បណ្តឹងនេះ ក្រុមប្រឹក្សាធម្មនុញ្ញ មានឆន្ទានុសិទ្ធិរបស់ខ្លួនអាចទុកពេល ៥ថ្ងៃ ឲ្យបុគ្គលឬគណបក្សនយោបាយ ដែលជាអ្នកប្តឹងដើម្បីផ្តល់ភស្តុតាង។ ក្រុមប្រឹក្សាធម្មនុញ្ញ អាចសម្រេចមិនធ្វើការស៊ើបអង្កេត លើបណ្តឹងណាមួយ បើបណ្តឹងនោះ មិនបំពេញលក្ខខ័ណ្ឌកំណត់ក្នុងមាត្រានេះ។
គ្រប់ករណីទាំងអស់ ដែលប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនតម្រូវឲ្យបង់ប្រាក់នោះទេ។
៣) ការប្រជុំសម្រេច
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវការអញ្ជើញដោយប្រធាន ឬដោយសមាជិកដែលមានអាយុច្រើនជាងគេ ក្នុងករណីប្រធានមានធុរៈមិនអាចធ្វើការងារបាន។ ការប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នឹងអាចយកជាការ លុះត្រាតែមានសមាជិកចូលរួម ប្រជុំយ៉ាងតិច ៧នាក់។សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវយកមតិភាគច្រើនដាច់ខាតនៃសមាជិក ទាំងមូល។ ប្រសិនបើមានករណីមានសម្លេងស្មើគ្នា ប្រធានជាអ្នកមានសិទ្ធិសម្រច។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា ដែលអនុវត្តទៅលើគ្រប់អំណាចទាំងអស់ ដោយមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ សេចក្តីសម្រេចនេះ ត្រូវបញ្ជូនថ្វាយព្រះមហាក្សត្រ បញ្ជូនទៅរដ្ឋសភា និងរដ្ឋាភិបាល ហើយត្រូវចុះក្នុងបញ្ជីរាជកិច្ច៕