ក្រុមហ៊ុនវៀតណាមនិងចិន ទទួលដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេ
ក្រុមហ៊ុនវៀតណាមនិងក្រុមហ៊ុនចិនត្រូវបាន ចាត់ទុកថាជាក្រុមហ៊ុន ទទួលបានការផ្តល់ដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេ ពីរដ្ឋាភិបាលកម្ពុជា ក្នុងចំណោមក្រុមហ៊ុនឯកជនចំនួន១២១ ដែលបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីវិនិយោគលើវិស័យ កសិកឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ២០១៣-២០១៤។
លោក សម រង្ស៊ី បង្ហាញពីរូបសញ្ញារបស់ក្រុមហ៊ុនវៀតណាម ដែលបានកាប់ពង្រាបដល់ដី ព្រៃឡង់។ (រូបថត ហ្វេសប៊ុក)
ដីសម្បទាន - យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបតែទទួលបាន បង្ហាញឲ្យដឹងថា មកទល់ពេលនេះរដ្ឋាភិបាលកម្ពុជាបានផ្តល់គោលការណ៍វិនិយោគជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនិងបានចុះកិច្ចសន្យាជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១២១ ក្រុមហ៊ុន លើផ្ទៃដីកិច្ចសន្យាសរុបចំនួន ១.២៣០.៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន១៧។ ក្រុមហ៊ុនទាំង១២១ មានក្រុមហ៊ុនក្នុងស្រុកចំនួន៣៩ ក្រុមហ៊ុន លើផ្ទៃដីចំនួន ៦០៩.៣៧៧ ហិកតា និងក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ ក្រុមហ៊ុន លើផ្ទៃដីសរុបចំនួន ៦២០.៩៨៧ ហិកតា។
នៅក្នុងរបាយការណ៍ដដែលនោះបានឲ្យដឹងទៀតថា ក្រុមហ៊ុនមកពីបរទេសចំនួន ៨២ក្រុមហ៊ុនមាន ប្រទេសវៀតណាមចំនួន ៣៤ ក្រុមហ៊ុន លើផ្ទៃដីចំនួន ២៥៣.៦២៣ ហិកតា។ ប្រទេសចិនចំនួន ២៥ ក្រុមហ៊ុន លើផ្ទៃដីចំនួន ២០៣.៩៦០ ហិកតា។ ប្រទេសកូរ៉េចំនួន ៧ ក្រុមហ៊ុន លើផ្ទៃដី ៣៨.៣៣៩ ហិកតា។ ប្រទេសថៃចំនួន ៤ ក្រុមហ៊ុន លើផ្ទៃដី ៣០.៧៧៣ហិកតា។ ប្រទេសម៉ាឡេស៊ីចំនួន ៣ ក្រុមហ៊ុន លើផ្ទៃដី ២៣.៩៩២ ហិកតា។ ប្រទេសឥណ្ឌាចំនួន៣ ក្រុមហ៊ុន លើផ្ទៃដី១៧.៧២៧ហិកតា។ ប្រទេសសង្ហបូរីចំនួន២ក្រុមហ៊ុន លើផ្ទៃដី ១៦.២០២ ហិកតា។ ប្រទេសអូស្ត្រាលីចំនួន១ ក្រុមហ៊ុន លើផ្ទៃដី៨.៩៧៧ហិកតា។ ប្រទេសអ៊ីស្រ្តាអែលចំនួន ១ ក្រុមហ៊ុន លើផ្ទៃដី ២.៤០៩ហិកតា។ ប្រទេសអាមេរិកចំនួន ១ ក្រុមហ៊ុន លើផ្ទៃដី៩.៨២០ហិកតា និងប្រទេសរុស្ស៊ីចំនួន ១ ក្រុមហ៊ុនលើផ្ទៃដី ១៥.១៦៥ហិកតា។
ឆ្លើយតបទៅនិងរបាយកាណ៍នោះ លោក ថន សារ៉ាត ប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់បានថ្លែងឲ្យដឹងថា ក្រុមហ៊ុននីមួយៗដែលទទួលបានការផ្តល់ដី សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលដោយឆ្លងកាត់គណកម្មាធិការអន្តរក្រសួង ដែលមកពីក្រសួងប្រមាណ៥ទៅ៦។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ «មូលហេតុដែលក្រុមហ៊ុនមកពីប្រទេសវៀតណាម និងប្រទេសចិនទទួលបានច្រើនជាងគេ ដោយសារតែប្រទេសនោះបានដាក់ពាក្យស្នើរសុំ ច្រើនជាងប្រទេសដទៃទៀត»។
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ នៅឯវិមានសន្តិភាព រាជរដ្ឋភិបាលកម្ពុជាអាណត្តិទី៥ បានប្រកាសថា នឹងបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដើម្បីឲ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគលើវិស័យកសិឧស្សាហកម្មនៅក្នុងអាណត្តិទី៥ ប៉ុន្តែបង្កើនល្បឿនផ្តល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា លោកស្វាគមន៍រាល់ការអភិវឌ្ឍន៍ ដើម្បីឲ្យមានការរីកចំរើន និងគោរពសិទ្ធិមនុស្ស គឺរាល់ក្រុមហ៊ុនធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងមិនប្រកាន់ថាប្រទេសណានោះទេ គឺធ្វើយ៉ាងណា ការអភិវឌ្ឍន៍កុំរំលោភ និងប៉ះពាល់សិទ្ធិរបស់ពលរដ្ឋ»។
យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានចំណងជើងថា «កម្ពុជាដីមានជម្លោះ» ដែលមានកម្រាស៦៨ទំព័របានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០០មក ពលរដ្ឋជាង ៧០០.០០០នាក់ ត្រូវបានគេគណនាថា បានរងផលប៉ះពាល់ពីដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេស។ ដីជាង៣លានហិកតា ប្រហែលនឹង១៦,៦ភាគរយ នៃផ្ទៃដីសរុប១៨១.០៣៥គីឡូម៉ែត្រការ៉េនៅ កម្ពុជា ត្រូវបានផ្តល់ជាដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនបរទេសនិងក្នុងស្រុក ព្រមទាំងអ្នកនយោបាយ ដែលមានអំណាចក្នុងគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្ម។
លោក អ៊ូច ឡេង នាយក នាយកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងថា ការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុនបរទេសវិនិយោគនោះ គឺរដ្ឋាភិបាលហាក់ដូច ជាមានការលំអៀងទៅប្រទេសដែលជាមហាមិត្តរបស់ខ្លួន។ ហើយរដ្ឋាភិបាល ក៏មិនបានចាប់អារម្មណ៍ជាមួយក្រុមហ៊ុន ដែលមកពីប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យនោះទេ ដោយសារក្រុមហ៊ុនទាំងនោះ ទាមទារឲ្យគោរពសិទ្ធិមនុស្សនិងច្បាប់ការងារ ដូច្នេះការផ្តល់ទៅឲ្យក្រុមហ៊ុនទាំងនោះ គឺហាក់ដូចជាការផ្តល់ទៅឲ្យក្រុមហ៊ុន«ម៉ាហ្វីយ៉ា» ដោយសារតែក្រុមហ៊ុនទាំងនោះ មិនគោរពសិទ្ធិមនុស្ស ច្បាប់ការងារនិងលទ្ធិប្រជាធិបតេយ្យ។
លោកបានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ «រដ្ឋាភិបាលពុំបានគិតគូរ ពីការលំបាករបស់ប្រជាពលរដ្ឋនោះទេ គឺនៅពេលដែលមានបញ្ហារដ្ឋាភិបាល បានយកចិត្តយកថ្លើមក្រុមហ៊ុន ដោយបញ្ជូនកំលាំងទាហាន ប៉ូលីស ឲ្យទៅការពារក្រុមហ៊ុន គឺធ្វើយ៉ាងណាឲ្យក្រុមហ៊ុនអនុវត្តន៍ សម្រេចទៅតាមប្លង់មេរបស់គេ»។
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៤ កុម្ភៈ ២០១៤