បារាំង៖ បុរស​ដែល​សង្ស័យ​ថា​បាន​ចាក់​សម្លាប់​កូន​របស់​គាត់ បាន​ចង​ក​សម្លាប់​ខ្លួន

បុរសជាឪពុកម្នាក់ ដែលជាប់សង្ស័យថា បានចាក់សម្លាប់ទារករបស់គាត់ ដែលមានអាយុទើបតែ៥ខែប៉ុណ្ណោះ ត្រូវបានគេរកឃើញ ថាទំនងជាបានធ្វើអត្តឃាត ដោយព្យួរករ កាលពីព្រឹកថ្ងៃអង្គារទី២១សីហា កន្លងទៅនេះ បន្ទាប់ពីបុរសរូបនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅកាន់ពីមន្ទីពេទ្យ មុននឹងគាត់បានរត់គេចខ្លួន ចេញពីទីនោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសជាឪពុកម្នាក់ ដែលជាប់សង្ស័យថា បានចាក់សម្លាប់ទារករបស់គាត់ ដែលមានអាយុទើបតែ៥ខែប៉ុណ្ណោះ ត្រូវបាន គេរកឃើញ ថាទំនងជាបានធ្វើអត្តឃាត ដោយព្យួរករ កាលពីព្រឹកថ្ងៃអង្គារទី២១សីហា កន្លងទៅនេះ បន្ទាប់ពីបុរសរូបនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅកាន់ពីមន្ទីពេទ្យ មុននឹងគាត់បានរត់គេចខ្លួន ចេញពីទីនោះ។ រឿងដ៏រន្ធត់នេះ បានអោយដឹង ដោយអ្នកស្និតនឹងការស៊ើបអង្កេត ទៅលើសំនុំរឿងនេះ ដែលបានកើតឡើង នៅក្នុងឃុំ តារបេស (Tarbes) នៃតំបន់ អូតិ៍ស  ពីរ៉េណេ (Hautes-Pyrénées) រប​ស់ប្រទេសបារាំង។


រូបភាពដៃម្ខាង របស់ទារកជាទូទៅម្នាក់ តែមិនបង្ហាញពីរូបភាពទារករងគ្រោះទេ។

អាជ្ញាធរបានសង្ស័យទៅលើ បុរសអាយុប្រមាណជា ៤០ឆ្នាំរូបនេះ ថាបានសម្លាប់កូនខ្ចីរបស់គាត់ កាលពីព្រឹកថ្ងៃអាទិត្យ មុន នៅក្នុងបន្ទប់សណ្ឋាគារមួយ នៅឃុំតារបេសនេះ។ ព្រឹត្តិការណ៍ដ៏សោកសៅនេះ ទំនងជាបានកើតឡើង ក្រោយពេល ដែលគាត់មានជម្លោះ ជាមួយនឹងម្ដាយរបស់ទារក ពីបញ្ហាចិញ្ចឹមបីបាច់ថែរក្សាកុមារ។

លោករដ្ឋអាជ្ញាប្រចាំតំបន់ បានចោទប្រកាន់ដោយមិនរារែក ពីបទល្មើសប្រព្រឹត្តដោយឪពុកចិត្តអាក្រក់រូបនេះ។ កាសែត តំបន់ ឡា ដេប៉េស្ស ដុយ មីឌី (La Dépêche du Midi) របស់បារាំង បាននិយាយរំលឹកពីព្រឹត្តិការណ៍នេះថា ម្ដាយនិងទារក ទាំងពីរនាក់ ត្រូវបានគេទទួលអោយស្នាក់នៅ ក្នុងមជ្ឈមណ្ឌលគាំពារកុមារប្រចាំតំបន់មួយ ដែលជាទីកន្លែងសំរាប់ទទួល មើល និងតាមដាន កុមារឬទារកទាំងឡាយ ដែលមានម្ដាយឪពុក បានលែងលះគ្នា។ ហើយគឺកន្លែងនោះហើយ ដែល ឪពុកចិត្តអាក្រក់រូបនេះ បានមករកកូនរបស់គាត់ កាលពីរសៀលថ្ងៃសុក្រ ដោយសារមានការអនុញ្ញាតិត្រឹមត្រូវ ពីចៅក្រម ខាងផ្នែកសំនុំរឿងរដ្ឋប្បវេណីម្នាក់។

នៅព្រឹកថ្ងៃអាទិត្យទី១៩សីហា អ្នកបំរើការម្នាក់ប្រចាំនៅសណ្ឋាគារផ្កាយបី នៅក្នុងតំបន់នោះដដែល បានរកឃើញនៅ ក្នុងបន្ទប់ជួល ស្នាក់ដោយបុរសនោះ មានលក្ខណៈរញ៉េរញ៉ៃខ្លាំង និងមានស្នាមឈាមគួរអោយសង្ស័យ ហើយបានជូន ដំណឹងនេះភ្លាម ទៅខាងភ្នាក់ងារនគរបាល។ អ្នកបំរើការមិនបានឃើញទារករងគ្រោះនោះទេ រហូតទាល់តែភ្នាក់ងារ នគរបាលបានមកដល់ ទើបគេបានរកឃើញ នូវសាកសពទារកអាយុប្រាំខែ ដ៏កំសត់ម្នាក់ បានស្លាប់ដោយការចាក់សម្លាប់ នៅក្នុងបន្ទប់នោះ។

បុរសជាឪពុក ត្រូវបាននគរបាលបារាំងហៅមកសួរចម្លើយមុនគេ ហើយបានឃាត់ខ្លួនទុក។ តែលោករដ្ឋអាជ្ញាបានបញ្ជាក់ បន្ថែមថា ស្ថានភាពសុខភាព ទាំងខាងរូបរាងកាយ ទាំងខាងផ្លូវចិត្ត របស់ជនសង្ស័យនៅពេលនោះ តម្រូវអោយគេ ត្រូវ បញ្ជូនគាត់ជាបន្ទាន់ ទៅកាន់មន្ទីពេទ្យ។ ហើយគឺនៅទីនោះហើយ ដែលបុរសនេះបានឆ្លៀតឱកាស រត់គេចពីមន្ទីពេទ្យ នៅយប់ថ្ងៃច័ន្ទ ដោយសារតែខាងនគរបាលមិនបានគិតថា នឹងនៅឃ្លាំយាមនៅក្នុងមន្ទីពេទ្យទេ ដោយយោលទៅលើ ស្ថានភាពជម្ងឺរបស់បុរសនេះ។

ខណៈដែលនគរបាលកំពុងតែរុករក ចាប់ជននេះមកវិញ នៅព្រឹកថ្ងៃបន្ទាប់ សាក្សីជាច្រើនបានរាយការណ៍ប្រាប់នគរបាល ថាគេបានរកឃើញថាបុរសនេះ បានស្លាប់ដោយចងករ នៅក្រោមដើមឈើមួយ មិនឆ្ងាយប៉ុន្មានពីមន្ទីពេទ្យនោះ៕

-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...