ពលរដ្ឋភាគតិចបាត់ដី៤០០ហិកតា ព្រោះផ្តិតមេដៃលើក្រដាស«ស»មួយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋជនជាតិដើមភាគតិច គ្រឹង ប្រមាណ៦៧ គ្រួសារ ក្នុងភូមិភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ប្រមាណ៣០នាក់ រួមជាមួយប្រធានភូមិ អនុភូមិ បានចុះទៅបញ្ឈប់ការកាប់រុករានទន្ទានដីចំការវិលជុំ និងដីបម្រុងទុករបស់របស់ពួកគាត់ ពីសំណាក់កម្មករមួយចំនួន ដែលជួលដោយអ្នកស្រីលី សុខងីម។ នេះបើតាមការបញ្ជាក់របស់លោកទួង ពេញ អនុប្រធានភូមិ ភូមិម៉ាស់។
ប្រជាពលរដ្ឋជនជាតិដើមភាគតិច គ្រឹង នៅលើដីរបស់ពួកគាត់។ (រូបថត សុធន)
ដីធ្លី - លោកអនុភូមិម៉ាសរូបនេះបានបន្តរថា ដីចំនួន៤០០ ហិកតា ជាដីចំការវិលជុំ ដីបំរុងទុក ដីព្រៃកេរ្តិ៍ សុទ្ធតែជាដីរបស់ប្រជាសហគម ត្រូវបានគេមកកាប់ទន្ទ្រាន រុករានរំលោភយក ជាមូលហេតុមួយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលផ្តល់ជាប្រយោជន៍សហគម។
យោងតាមញ្ញត្តិបដិសេធ របស់ប្រជាសហគមន៍ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ វិញបានលើកឡើងថា ក្នុងឆ្នាំ២០០៧ ឈ្មោះ សេង វិសិទ្ធិ និងប្រពន្ធ បានមកទិញដី៤០០ហិកតា ក្នុងភូមិឃុំខាងលើពីប្រជាពលរដ្ឋ ដោយមានការផ្តិតមេដៃ ក្នុងការប្រគល់សិទ្ធិគ្រប់គ្រង។ តែរហូតមកទល់នឹងពេលនេះ ប្រជាពលរដ្ឋទាំងអស់នៅមិនទាន់បានទទួលបានលុយថ្លៃដីនៅឡើយ។
ញ្ញត្តិបដិសេធនោះបានសរសេរបន្តរថា ជាមួយនឹងការទិញដីនេះឈ្មោះ សេង វិសិទ្ធិ ក៏បានសន្យាធ្វើផ្លូវ ធ្វើស្ពាន ធ្វើសាលារៀន ធ្វើសាលាភូមិ ដោយដោះដូរជាមួយនឹងដី៤០០ហិកតានោះ តែរាល់ការសន្យាទាំងនោះ ពុំបានអនុវត្តឡើយ។ «ឈ្មោះ សេង វិសិទ្ធិ និងប្រពន្ធ សេក សុភ័ក្រម៉ូនា យកអចលនទ្រព្យដីចំការ ៤០០ ហិកតា ស្ថិតនៅភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ពុំមែនជាកម្មសិទ្ធិរបស់ខ្លួនពិតប្រាកដ ដាក់បញ្ចូលក្នុងក្រុមហ៊ុន VKM ដែលមានលោក សេង វិសិទ្ធិ ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី លី សុខងីម ជាអភិបាលកាលពីអំឡុងថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១១ រហូតដល់ពេលនេះ ទើបពលរដ្ឋក្នុងសហគមន៍ភូមិម៉ាសយើងខ្ញុំបានដឹង។»
លោក ឆាយ ធី មន្រ្តីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តរតនគីរីបានបញ្ជាក់ថា ករណីវិវាទនេះ ដំបូងកើតចេញពីលោក សេង វិសិទ្ធិ ដែលបានសន្យាជាមួយប្រជាសហគមន៍ ក្នុងការកសាងហេដ្ឋារចនាសម្ពន័នានាក្នុងភូមិ ជាមួយនិងទឹកប្រាក់បន្ថែម ចំនួន២ម៉ឺនដុល្លាអាមេរិក។ លោកបន្តរថាពេលនោះលោក សេង វិសិទ្ធិ បានឲ្យប្រជាសហគមន៍ផ្តិតមេដៃ លើក្រដាស«ស»មួយ ដោយអះអាងថានឹងរៀបចំឯកសារ និងចែកមកឲ្យប្រជាពលរដ្ឋវិញ តែមិនបានធ្វើតាមការសន្យានោះទេ។
តំណាងអង្គការអាដហុករូមនេះបន្តរថា ក្រោយការស្រាវជ្រាវរកឃើញថា មានឈ្មោះអ្នកស្រី លី សុខងីម ដែលបានជួលកម្មករមកកាប់ឆ្កាដីព្រៃទាំងនោះ ហើយត្រូវបានតំណាងប្រជាសហគមន៍ធ្វើការហាមឃាត់។ លោកបានបញ្ជាក់ដូច្នេះថា «លោកស្រី លី សុខងីម បានទទួលការសម្រេចក្តីពីតុលាការ ដោយកាត់ពីកូនបំណុលក្នុងដី៤០០ហិកតានោះ។ កូនបំណុលនោះគឺលោក សេង វិសិទ្ធិ។ (...) ដីនេះនៅមិនទាន់ដឹងថាជាកម្មសិទ្ធិភាគីណាមួយ ពិតប្រាកដនោះទេ តែតុលាការបែរជាបានសម្រេចទៅឲ្យភាគីទីបីលោកស្រី លី សុខងីម ទៅវិញ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសំការបញ្ជាក់ពីលោកសួស ឡា ចៅក្រមតុលាការខេត្តរតនគីរី ពីបញ្ហាដីទំនាស់ ៤០០ហិកតានោះបានទេ។ តែបើយើងតាមដីការសម្រេចចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ត្រង់ចំណុច “ង” បានបញ្ជាក់ថា «ដីចំការចំនួន៤០០ហិកតា នៅភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ទុកប្រគល់ទៅឲ្យម្ចាស់បំណុល នៃការអនុវត្តដើម្បីចាត់ចែងតាមការព្រមព្រៀង។»
ចំណែកលោក សេង វិសិទ្ធិ និងអ្នកស្រី សេក សុភក័្រសឿម៉ូនា ជាប្រពន្ធ រួមទាងអ្នកស្រី លី សុខងីម នៅមិនទាន់អាចទំនាក់ទំនងសុំការបង្ហាញពីករណីខាងលើទេ។ លោក ឆាយ ធី តំណាងអង្គការអាដហុក ខេត្តរតនគីរីបានបញ្ជាក់ថា ក្រុមការងាររបស់លោក នឹងបន្តរធ្វើការសិក្សាតាមផ្លូវច្បាប់ ស្រាវជ្រាវ និងស៊ើបអង្កេតក្នុងករណីនេះ ដើម្បីប្តឹងទាស់ទៅសាលាឧទ្ធរណ៍ នឹងដីកាសម្រេចរបស់រតុលាការខេត្តរតនគីរីនេះ។
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤