ហ្គាឌីអូឡា ដឹកនាំ បាយឺនម៉ូនិជ បំបាក់ក្រុមចាស់បាសេឡូណា (Vidéo)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមកដឹកនាំក្រុមបាយឺន ម៉ូនិជ (Bayern Munich) នៅក្នុងកីឡាដ្ឋានអាឡែន អារ៉េណា (Allianz Arena) លើកដំបូង ខណៈដែលគាត់ជួយឲ្យម្ចាស់ជើងឯកឆែមពានលីក (Champions League) យកឈ្នះអតីតក្រុមរបស់គាត់ បាសេឡូណា (Barcelona) ២-០ ក្នុងការប្រកួតមិត្តភាព កាលពីយប់ថ្ងៃពុធ។
លោកប៉ិប ហ្គាឌីអូឡា គ្រូបង្វឹងក្រុម បាយឺន ម៉ូនិជ នៅថ្ងៃទី២៤ ខែកក្កដា។ (រូបថត ANDREAS GEBERT / EFE)
គ្រាប់បាល់ទាំង២គ្រាប់នោះ ធ្វើបានដោយកីឡាករខ្សែការពារហ្វីលីប ឡាម (Philipp Lahm) តែតបញ្ចូលទីនៅនាទីទី១៤ មុនពេលដែលខ្សែប្រយុទ្ធ ម៉ារីអូ ម៉ែនស្ស៊ូគិក (Mario Mandzukic) រកបានគ្រាប់ទី២ នៅ៣នាទីមុនចប់ការប្រកួត។
គ្រូបង្វឹកបាយឺន ម៉ូនិជ លោកហ្គាឌីអូឡា បាននិយាយថា៖ «វាជាការប្រកួតដ៏ពិសេសសម្រាប់ខ្ញុំ។ ខ្ញុំបានចំណាយពេល ស្ទើរតែមួយជីវិតមកហើយ ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹកក្រុមបាសេឡូណា។ ខ្ញុំរីករាយ ហើយខ្ញុំក៏គ្មានអ្វីតវ៉ា នៅក្នុងកាលៈទេសៈនេះដែរ។»
លោកហ្គាឌីអូឡា ដែលបានឈ្នះពានរង្វាន់ចំនួន១៣ ក្នុងរយះពេល៤ឆ្នាំ នៅបាសេឡូណា មុនពេលដែលគាត់បានចាកចេញពីកីឡាដ្ឋាននូខេម (Nou Camp) កាលពីឆ្នាំមុន បានបើកការប្រកួតដោយគ្មានខ្សែប្រយុទ្ធនោះទេ ពោលគឺគាត់ដាក់ខ្សែបម្រើ ហ្វ្រែង រីបឺរី (Franck Ribery), អាចិន រ៉ូបិន (Arjen Robben) និងខ្សែបម្រើថូម៉ាស ម៉ុលឡឺ (Thomas Mueller) ឲ្យលេងនៅលើខ្សែបន្ទាត់ប្រយុទ្ធទាំង៣នាក់វិញ។
ទោះជាគ្មានខ្សែប្រយុទ្ធក៏ដោយ កីឡាករប្រធានក្រុមឡាម បានលោតតែតបំប៉ោងសំណាញ់ទី ឲ្យម្ចាស់ផ្ទះក្រុមរបស់អាឡឺម៉ង់នាំមុខបណ្តោះអាសន្ន ១-០ បន្ទាប់ពីទទួលបានវាយកាត់ពីខ្សែបម្រើរីបឺរី មុនពេលដែលខ្សែប្រយុទ្ធបម្រុង ម៉ែនស្ស៊ូគិក ជាអ្នកបញ្ចប់ក្តីសង្ឃឹមក្រុមបាសេឡូណា ដែលចង់បានត្រឹមតែស្មើ នៅចុងម៉ោងនាទីទី៨៧។
គួរបញ្ជាក់ថា គ្រូបង្វឹកបាសេឡូណាថ្មី លោកហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) ពុំមានវត្តមាននៅក្នុងការប្រកួតនោះទេ ខណៈដែលជំនួយការគ្រូបង្វឹកលោកជូឌី រ៉ូរ៉ា (Jordi Roura) ជាអ្នកដឹកនាំការប្រកួតផ្ទាល់ ហើយក៏បានដាក់បញ្ចូលខ្សែប្រយុទ្ធ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ឲ្យចូលលេងផងដែរ ប៉ុន្តែកីឡាករសំខាន់ៗមួយចំនួនទៀតត្រូវអវត្តមាន ដូចជាខ្សែបម្រើស្ស៊ាវី (Xavi), អេនដ្រេស អ៊ីណែស្តា (Andres Iniesta) និងខ្សែបម្រើប្រយុទ្ធណីម៉ា (Neymar) ក៏ពុំទាន់បង្ហាញខ្លួនដែរ។
ប្រកួតបន្ទាប់របស់ក្រុមបាយឺន ម៉ូនិជ នឹងត្រូវប៉ះក្រុមបូរ៉ាស្សៀ ដតម័ន (Borussia Dortmund) នៅថ្ងៃសៅរ៏សប្តាហ៏នេះ ដែលជាការប្រកួតដណ្តើមពានរង្វាន់កំពូលរបស់អាឡឺម៉ង់ (German Super Cup)។
លោកហ្គាឌីអូឡា បានបន្ថែមថា៖ « ជ័យជំនះមួយនេះ ជាការត្រៀមខ្លួនដ៏ល្អមួយ សម្រាប់ទៅប្រកួតជាមួយដតម័ន។ បាសេឡូណា ជាក្រុមមួយដែលល្អ ហើយពួកគេជាការសាកល្បងដ៏ល្អមួយសម្រាប់ពួកយើង។ យើងមានឱកាសច្រើន ហើយយើងត្រូវតែបញ្ចប់ដោយលទ្ធផលល្អ៕»
សូមទស្សនាវីដេអូនៃការប្រកួតនេះឡើងវិញ ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ