សង្គមស៊ីវិល៖ ទឹកខ្មៅជ្រលក់ដៃលាងជ្រះ និងមានឈ្មោះខ្មោច ដើម្បីលួចបន្លំសន្លឹកឆ្នោត?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួនជិតសែសិបអង្គការ ដែលឃ្លាំមើលការបោះឆ្នោត បានធ្វើការបង្ហាញអំពីទឹកថ្នាំមួយចំនួនដែល គ.ជ.ប បានអនុញ្ញាតឲ្យធ្វើការជ្រលក់សាកល្បង កាលពីល្ងាចថ្ងៃសុក្រម្សិលម៉ិញថា«<អាចលុបជ្រះ» ក្នុងរយៈមិនដល់ដប់នាទីផង។ អង្គការសង្គមស៊ីវិលទាំងនោះមានការបារម្ភចំពោះ ការ«លុបលាងជ្រះនៃទឹកខ្មៅ» ជាប់ពាក់ព័ន្ធនឹងបញ្ជីឈ្មោះស្ទួន និងបញ្ជីឈ្មោះខ្មោច ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការល្អ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា។ (រូបថត MONOROOM.info/ O. Vary)
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានបញ្ជាក់ថាគ.ជ.ប.បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍ គណបក្សនយោបាយ និងអ្នកចូលរួមជ្រលក់ដៃក្នុងទឹកខ្មៅ ដែលទទួលបានពីប្រទេសឥណ្ឌាធ្វើការសាកល្បង ដើម្បីបញ្ជាក់ណីគុណភាព។ លោកបន្តរថា បុគ្គលិកពីរនាក់របស់អង្គការខុមហ្រ្វែល បានជ្រលក់ម្រាមដៃនឹងទឹកខ្មៅនោះនៅទីស្នាក់ការ គ.ជ.ប។ ក្រោយពេលទទួលព័ត៌មានពីពលរដ្ឋមួយចំនួនថា ទឹកខ្មៅនោះលុបលាងជ្រះ ខុមហ្រ្វេល ក៏បានសាកល្បងពេលមកដល់ការិយាល័យ ជាមួយនឹងទឹកធម្មតា និងទឹកនៃគ្រឿងសំអាងរបស់ស្រ្តីដ៏សាមញ្ញមួយ ដែលមានតម្លៃទាប និងអាចរកទិញបាននៅលើទីផ្សារ។ ការសាកល្បងនេះឃើញថា បានលាងជ្រះទឹកខ្មៅនោះ ហើយខាងសង្គមស៊ីវិលក៏បានប្រាប់ទៅ គ.ជ.ប ដើម្បីបានជ្រាបពីបញ្ហានេះ។ លោកបន្តរថា បញ្ហាទឹកថ្នាំនោះកើតឡើងជួនគ្នា នឹងបញ្ជីឈ្មោះបោះឆ្នោតដែលមានភាពមិនប្រក្រតី និងក៏មិនត្រូវបាន គ.ជ.ប.អនុញ្ញាតឲ្យយកទៅការិយាល័យបោះឆ្នោត ក្នុងការផ្ទៀងផ្ទាត់ជាចុងក្រោយនោះដែរ។
លោកបានបង្ហាញពីការព្រួយបារម្ភ «រឿងទឹកខ្មៅលាងជ្រះផង រួមផ្សំនិងរឿងបញ្ជីឈ្មោះបោះឆ្នោតផង យើងមានការព្រួយបារម្ភ ។ ឯការណែនាំពិសេសដោយអត់មានជានិតិវិធី ឬបទបញ្ជាអ្វីពីបញ្ហាហ្នឹង ស្រាប់តែណែនាំតាមមាត់ប្រាប់ថា អត់ឲ្យយកបញ្ជីឈ្មោះបោះឆ្នោតទៅការិយាល័យបោះឆ្នោតដើម្បីផ្ទៀងផ្ទាត់ទេ ឬអត់ឲ្យទៅជួយរកឈ្មោះប្រជាពលរដ្ឋទេ។ រឿងហ្នឹងដែលជាបញ្ហាមួយ ដែលយើងមានការព្រួយបារម្ភ។»
ឯលោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច បានបង្ហាញពីការព្រួយបារម្ភ ចំពោះភាពស្មើគ្នាដោយសេរី និងយុត្តិធម៌នៃការបោះឆ្នោត។ លោកថា «ជាគោលការណ៍ម្នាក់បោះបានមួយសន្លឹក តែបើមានជនឆ្លៀតឱកាសប្រើប្រាស់ នូវការលុបបានរបស់ទឹកខ្មៅនេះ លាងឲ្យស្អាតហើយទៅបោះឆ្នោតម្តងទៀត យើងមានក្តីបារម្ភថា ពេលខ្លះយើងឃើញមានករណីឈ្មោះស្ទួនបញ្ជីបោះឆ្នោត មានការប៉ោងឡើង ហើយការចេញលិខិតបញ្ជាក់អត្តសញ្ញាណ មានភាពមិនប្រក្រតីខ្លះៗក៏ជា ការព្រួយបារម្ភដែរ»។
លោក ធន សារាយ នាយកប្រតិបត្តិសមាគម អាដហុក ក៏បានបញ្ជាក់បន្ថែមថា ការបង្ហាញនេះ ជាការព្រួយបារម្មណ៍ក្នុងនាមសង្គមស៊ីវិល ដែលចង់ឃើញការបោះឆ្នោតមួយ អាចប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ ពុំមែនជាការញុះញង់ ឬអុចអាលអ្វីនោះទេ នេះគ្រាន់តែជាការជូនដំណឹង និងអំពាវនាវឲ្យនាក់ពាក់ពន្ធ័ទាំងអស់ជួយយកចិត្តទុក្ខដាក់ ដើម្បីជួយទប់ស្កាត់កុំឲ្យមានបញ្ហានេះ កើតមានឡើងនាពេលបោះឆ្នោត។ ជាពិសេស គ.ជ.ប ធ្វើយ៉ាងណាដើម្បីឲ្យមានជំនួបរវាងគណបក្សទាំងអស់ ដែលមានឈ្មោះចូលរួម ដើម្បីរកវិធីដោះស្រាយ នឹងទប់ស្គាត់ជាមុន។
សុំឲ្យគ.ជ.ប ពិនិត្យមើល តែជានិច្ចជាកាលត្រូវបានបដិសេធ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញារិទ្ធិ បានបញ្ជាក់ថាបញ្ហាខាងលើនេះ ខាងសង្គ្រោះជាតិបានដឹងឮហើយ ហើយក៏កំពុងត្រៀមប្រជុំគ្នា ដើម្បីស្វែងរកដំណោះស្រាយជាបន្តរ។ «ថ្ងៃត្រង់នេះគណបក្សសង្គ្រោះជាតិ និងធ្វើសន្និសិទកាសែតនៅស្នាក់ការធំ និយាយពីបញ្ហានេះ បន្ទាប់មកនឹងស្វែងរកជំនួបជាមួយ គ.ជ.ប ដោះស្រាយនូវបញ្ហានេះ។ លោកបន្តរថាគណបក្សធ្លាប់បានរិះគន់ នូវរាល់ចំណាត់ការនានាដែល ពិនិត្យឃើញញថា មានភាពមិនប្រក្រតីរបស់គ.ជ.ប ហើយក៏ស្នើឲ្យ គ.ជ.ប ធ្វើការដោះស្រាយដែ តែជានិច្ចកាល គ.ជ.ប តែងតែបដិសេធ ឬធ្វើមិនដឹង មិនឭ ដោយនិយាយថាខ្លួនបានរៀបចំទៅតាមនីតិវិធីដែលបានរៀបចំទុក។
ទាក់ទងនិងបញ្ហាខាងលើ អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោតលោក ទេព នីថា បានទទួលព័ត៌មានចំពោះការបង្ហាញរបស់សង្គមស៊ីវិល នូវទឹកខ្មៅដែលលុបលាងជ្រះនោះ។ លោកចោទជាសំនួរថា តើប្រជាជនទាំងប្រាំបួនលាននាក់នោះ មានប៉ុន្មាននាក់ដែលលាងជ្រះ? លោកក៏បានចោទប្រកាន់ទៅ អង្គការសង្គមស៊ីវិលទាំងនោះថាមានចេតនា ត្រៀមបានលាយជាតិគីមី ដើម្បីធ្វើការលុបលាងដៃដោយទឹកខ្មៅនោះ «ប្រជាពលរដ្ឋធម្មតាគាត់អាចទៅធ្វើចឹងបានទេ ហើយប៉ុន្មានម៉ោងគាត់អាចលាង និងទៅបោះឆ្នោតទៀតបាន។ (…) ខុមហ្រ្វេល បានធ្វើឲ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការបោះឆ្នោត ប្រជាជនទូទៅគ្មានចេតនាទុច្ចរិត ដើម្បីបោះពីរបីដងនោះទេ គ្មានទេបាទ ហើយកន្លងមកក៏គ្មានប្រជាពលរដ្ឋណា ទៅបោះឆ្នោតពីរបីដងដែរ។ យើងនឹងបន្ថែមការត្រួតពិនិត្យទៅលើម្រាមដៃ នៃអ្នកដែលមកបោះឆ្នោត ជាពិសេសនៅត្រង់កៀនប្រចក ទោះថាលាងជ្រះ ក៏មិនជ្រះពីគល់ក្រចកដែរ។» លោកបន្តរថា ករណីនេះយើងនឹងកោះហៅ គណបក្សដែលពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងសន្និសិទ្ធកាសែតនាល្ងាចនេះ ដើម្បីបង្ហាញពីដំណោះស្រាយនៃបញ្ហាខាងលើ។
ចំពោះការព្រួយបារម្ភអំពីបញ្ហាបញ្ជី ការបំប៉ោងឈ្មោះបោះឆ្នោត ឬមានឈ្មោះខ្មោចច្រើន បញ្ហាទឹកថ្នាំខ្មៅអាចលុបបាន បញ្ហាចេញលិខិតបញ្ជាក់អត្តសញ្ញាញច្រើន ដោយមិនប្រក្រតី និងការមិនឲ្យគណបក្ស នយោបាយ និងអ្នកសង្កេតការណ៍ យកបញ្ជីទៅផ្ទៀងផ្ទាត់នៅការិយាល័យបោះឆ្នោត ជាការកង្វល់ចុងក្រោយនៃក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មិនមានទំនុកចិត្តពីភាពត្រឹមត្រូវតាមច្បាប់ នៃការបោះឆ្នោតនេះ។ តែទោះជាយ៉ាងនេះក្តីអង្គការសង្គមស៊ីវិល និងព្យាយាមជួយ តាមរយៈការបញ្ជូនភ្នាក់ងារសង្ករតការណ៍ឯករាជ្យ ទៅតាមមណ្ឌលសំខាន់ៗទាំងអស់ ជាពិសេសមណ្ឌលណាដែលមានអាសនៈច្រើន។
គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីអាណត្តិទីបួន នៃការបោះឆ្នោជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៨កន្លងមក បានឈ្នះ៩០អាសនៈ ខណៈឯគណបក្សប្រឆាំងទទួលបានត្រឹមតែ២៩អាសនៈប៉ុណ្ណោះ ក្នុងចំណោម១២៣អាសនៈ។ ការឈ្នះការបោះឆ្នោតដ៏លើសលប់ ក្នុងអាណត្តិទី៤កន្លងមក គណបក្សប្រជាជនកម្ពុជា ត្រូវបានរងការចោទប្រកាន់ ថាបានលួចបន្លំសន្លឹកឆ្នោត ដ៏ហួសប្រមាណមួយ។
ថ្ងៃអាទិត្យទី២៨ ខែកក្កដាឆ្នាំ ២០១៣ ជាថ្ងៃបោះឆ្នោតថ្នាក់ជាតិ ពលរដ្ឋជាង៩លាននាក់ដែលមានសិទ្ធិបោះឆ្នោត និងធ្វើការជ្រើសរើសតំណាង និងគណបក្សណាមួយដែលខ្លួនទុកចិត្ត និងពេញចិត្ត ដើម្បីដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទី៥ខាងមុខ។ តែគេនឹងចាំរងមើលថាតើ ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌របស់ការបោះឆ្នោតនេះ នឹងអាចទទួលយកបានឬអត់៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ