ក្មេងប្រុសអាយុ២ឆ្នាំម្នាក់លង់ទឹកស្លាប់ ព្រោះដេញចាប់ខ្លែង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 14, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏សោកសង្រេងនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្មេងប្រុសរងគ្រោះឈ្មោះ ណាត វណ្ណៈ អាយុ២ឆ្នាំ បានស្លាប់ នៅពេលកំពុងបង្ហោះខ្លែងលេង នៅក្រោយភូមិ រួចរត់ភ្លេចខ្លួន ជ្រុលជើងធ្លាក់ចូល ក្នុងស្រះទឺកនៅទីនោះ បណ្តាលឱ្យលង់ទឹកស្លាប់ភ្លាម មួយរំពេច។
ឪពុកក្មេងរងគ្រោះ លោក ថា ណាត អាយុ៣១ឆ្នាំ ដែលមានមុខរបរ ជាកម្មកសំណង់ និងម្តាយឈ្មោះ ថេង មេត្តា អាយុ២៦ឆ្នាំ ដែលជាកម្មកររោងចក្រ រស់នៅភូមិឃុំ កើតហេតុខាងខាងលើ មិនបាននៅកន្លែងកើតហេតុទេ ពេលកូនរបស់ខ្លូនមានគ្រោះថ្នាក់ ដោយអ្នកទាំងពីរ ទៅបំពេញការងារដូចរាល់ដង ហើយបានផ្ញើរកូនប្រុស ជាមួយយាយតានៅផ្ទះ។ ក្រោយពីធ្លាក់ចូល ក្នុងទឹកស្រះភ្លាម មានក្មេងៗពីនាក់ បានរត់ទៅប្រាប់អ្នកភូមិថា មានក្មេងលង់ទឹកស្រះ។ ប៉ុន្តែបានហួសពេលទៅហើយ ព្រោះទម្រាំអ្នកភូមិ បាននាំគ្នាចុះទៅរាវរកនោះ គេបានប្រទះឃើញ ត្រឹមតែសាកសព របស់កុមារ ណាត វណ្ណៈ ប៉ុណ្ណោះ។
បើតាមមន្ត្រីនគបាល នៅទីតាំងកើតហេតុ បានប្រាប់ឱ្យដឹងថា ករណីក្មេងប្រុសលង់ទឺកស្លាប់នេះ មកពីឪពុកនិងម្តាយមិនបាននៅផ្ទះ មើលកូនឱ្យបានដិតដល់ ដោយផ្ញើរជាមួយយាយតាក្មេងរងគ្រោះ ឱ្យជួយមើល។ បច្ចុប្បន្នសាកសពក្មេងប្រុស វណ្ណៈ ត្រូវបានសមត្តកិច្ច ប្រគល់អោយឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងសោកសង្រេង។ មន្ត្រីនគរបាលខេត្តតាកែវ បានថ្លែងអំពាវនាវ ទៅកាន់មាតាបិតាទាំងឡាយ សូមកុំធ្វេសប្រហែស ជាមួយនឹងការមើលថែទាំកូន ព្រោះគ្រោះថ្នាក់ វាអាចឆក់យកជីវិតកូន ជាទីស្រឡាញ់ តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ៕